កីឡាជាតិ
ជាតិ
អបអរ! ជម្រើសជាតិទូកនាគកម្ពុជា ឈ្នះមេដាយមាស១ ក្នុងព្រឹត្តិការណ៍ទូកនាគ នៅប្រទេសរុស្ស៊ី
30, Jun 2024 , 5:29 pm        
រូបភាព
ក្រុមអត្ដពលិកទូកកម្ពុជា ឡើងទទួលមេដាយ រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ក្រុមអត្ដពលិកទូកកម្ពុជា ឡើងទទួលមេដាយ រូបពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ជម្រើសជាតិទូកនាគកម្ពុជា ដណ្ដើមបានមេដាយមាស១ ទៀតលើវិញ្ញាសាទូកនាគបុរស ចំណុះ១២នាក់ ចម្ងាយ២០០០ម៉ែត្រ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនាគ (International Dragon Boat Festival) នៅទីក្រុង Barnaul Altrai Krai ប្រទេសរុស្ស៊ី។ អត្ដពលិកទូកកម្ពុជា រកបានមេដាយសរុបចំនួន៣ ពីព្រឹត្តិការណ៍នេះ គឺមាស១ និងសំរឹទ្ធ២។


 
អត្ដពលិកជម្រើសជាតិទូកកម្ពុជា បានដណ្ដើមបានមេដាយមាស១ បន្ថែមទៀតក្នុងព្រឹត្តិការណ៍ប្រណាំងទូកនាគ នៅប្រទេសរុស្ស៊ី នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ មេដាយមាសនេះ គឺអ្នកទាំងនោះរកបាន បន្ទាប់ពីពួកគេ បានដណ្ដើមបានមេដាយសំរឹទ្ធ២។ ជ័យលាភីនេះ ដណ្ដើមបានលើវិញ្ញាសាបុរសចំណុះ ១២នាក់ ចម្ងាយ២០០០ម៉ែត្រ។
 
ក្នុងថ្ងៃដដែលនេះ នាពេលព្រឹក ក្រុមអត្ដពលិកទាំងនោះ រកបានមេដាយសំរឹទ្ធ១ បន្ថែមទៀត លើវិញ្ញាសាទូកនាគចំណុះ១២នាក់ ចម្ងាយ៥០០ម៉ែត្រ។ រីឯ កាលពីថ្ងៃទី២៩ ខែមិថុនា កីឡាករកម្ពុជាទាំងនេះ បានដណ្ដើមបានមេដាយសំរឹទ្ធ១ លើវិញ្ញាសាទូកនាគ ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ។
 
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនប្រតិភូកីឡាទូក១៥នាក់ ចូលរួមប្រកួតព្រឹត្ដិការណ៍ប្រណាំងទូកនាគអន្ដរជាតិ នៅទីក្រុង Barnaul Altai Krai ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍អន្ដរជាតិនេះ ចាប់ផ្តើម ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៤៕
 

Tag:
 ទូកនាគ
  ទូកកានូ
  ទូករ៉ូអ៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com