ជាតិ
សេដ្ឋកិច្ច
កម្ពុជា បាននាំចេញផលិតផលជលផលជិត៤០តោន ទៅចិន នៅដើមឆ្នាំ២០២៤
× កម្ពុជា សម្រេចបានការនាំចេញផលិតផលជលផលប្រមាណ ៣៨តោន ទៅទីផ្សារចិន នៅដើមឆ្នាំ២០២៤នេះ ក្រោយពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា កាលពីឆ្នាំ ២០២០។ នេះបើតាមការលើកឡើងរបស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅក្នុង«ទិវាមច្ឆជាតិ»លើកទី១៩ ដែលប្រារព្ធឡើងនៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ កក្កដានេះ។
លោក ឌិត ទីណា គូសបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានផលវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ៣១៤ពាន់តោន ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិតខាង។ ទន្ទឹមនោះ កម្ពុជាក៏បាននាំចេញផលិតផលជលផល៥០តោន ក្នុងឆ្នាំ២០២៣ និង៣៨តោន កាលពីដើមឆ្នាំ២០២៤ ទៅកាន់ប្រទេសចិនដែរ ក្រោយពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា កាលពីឆ្នាំ២០២០។
បើតាមរដ្ឋមន្រ្តី ទាំងនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍនានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផល ផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងបរទេស។ ជាមួយគ្នានេះ ការកែច្នៃដោយសហគ្រាសធុន តូច និងមធ្យមក្នុងស្រុក នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់ប្រជានេសាទ សម្រាប់ផលផលិតផលផលដែលប្រមូលបានពីធម្មជាតិ និងវារីវប្បកម្មដែលងាយបាត់បង់គុណភាពផង និងផ្តល់នូវជម្រើសផលិតផលជលផលដែលមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់អ្នកទទួលទានក្នុងស្រុកផង។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បរិមាណត្រីទឹកសាបដែលប្រមូលបានក្នុងឆ្នាំ២០២៣ មានចំនួន ៤២៦ពាន់តោន កើនឡើង៥ភាគរយ ធៀបនឹងឆ្នាំ២០២២៕
Tag:
កសិកម្ម
ជលផល
ឌិត ទីណា
ទិវាមច្ឆជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com