កីឡាអន្តរជាតិ
អន្តរជាតិ
Asean U16៖ ថៃ និងអូស្ត្រាលី ដណ្តើមជើងឯក ឯវៀតណាមប្រជែងលេខ៣ នឹងឥណ្ឌូនេស៊ី
02, Jul 2024 , 10:45 am        
រូបភាព
ក្រុមកីឡាបាល់ទាត់អាយុក្រោម១៦ឆ្នាំ ថៃ ចាប់ដូអូស្ត្រាលី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Asean U16 Boy’s Championship បន្ទាប់ពីក្រុមទាំងពីរទម្លាក់វៀតណាម និងម្ចាស់ផ្ទះឥណ្ឌនេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

 
U16 ថៃ បានវាយបកយកឈ្នះវៀតណាមទាំងប្រផិតប្រផើយ ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១ ខែកក្កដា។ Dau Hong Phong ជាអ្នករកគ្រាប់បាល់នាំមុខឱ្យវៀតណាមនៅនាទី៥២ ដោយបាល់ពិន័យប៉េណាល់ទី មុនពេល Phuriphan Phothong រកបានគ្រាប់តាមស្មើឱ្យថៃនៅ៨នាទីបន្ទាប់។ ឈានដល់នាទី៩០+៣ ទៅហើយ Chaiwat Ngoenma សម្រេចគ្រាប់ជ័យជម្នះ ២-១ ឱ្យក្រុមដំរីសង្គ្រាមជំទង់ បន្តទៅវគ្គផ្តាច់ព្រ័ត្រ។
 
អូស្ត្រាលី បានយកឈ្នះម្ចាស់ផ្ទះ និងជាម្ចាស់ការពារជើងឯកឥណ្ឌូនេស៊ីដែលសល់គ្នា១០នាក់ ក្នុងលទ្ធផល ៥-៣ ដើម្បីឡើងទៅប្រជែងជើងឯកយុវជន Asean U16 ឆ្នាំ ២០២៤ ជាមួយថៃ។ វៀតណាម និងឥណ្ឌូនេស៊ី នៅសល់ភារកិច្ចត្រូវដណ្តើមគ្នាយកចំណាត់ថ្នាក់លេខ៣ ប្រកួតទៀត។ 
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងថៃ និងអូស្រាលី នឹងធ្វើនៅថ្ងៃទី៣ ខែកក្កដា វេលាម៉ោង ៧ និង៣០នាទីយប់ បន្ទាប់ពីជំនួបដណ្តើមលេខ៣រវាងវៀតណាម និងឥណ្ឌូនេស៊ី នៅវេលាម៉ោង ៣រសៀល។
 
សូមបញ្ជាក់ថា ថៃ និងវៀតណាម ជាម្ចាស់ជើងឯកយុវជនអាយុក្រោម១៦ឆ្នាំ ៣លើកដូចគ្នា ស្របពេលអូស្រ្តាលី និងឥណ្ឌូនេស៊ី ធ្លាប់ឈ្នះ២លើកដូចគ្នា៕
 

Tag:
 Asean U16
© រក្សាសិទ្ធិដោយ thmeythmey.com