ជាតិ
នយោបាយជាតិ
ក្រុមមាតាធម្មជាតិ៤រូប ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុងថ្ងៃតុលាការប្រកាសសាលក្រម ![ក្រុមមាតាធម្មជាតិ អង្គុយមុខតុលាការភ្នំពេញ នាថ្ងៃទី២កក្កដា ឆ្នាំ២០២៤។ រូបពី វីដេអូ មាតាធម្មជាតិ](https://image.thmeythmey.com/pictures/2024/07/02/2720241137a.jpg)
ក្រុមមាតាធម្មជាតិ អង្គុយមុខតុលាការភ្នំពេញ នាថ្ងៃទី២កក្កដា ឆ្នាំ២០២៤។ រូបពី វីដេអូ មាតាធម្មជាតិ
×![]()
ភ្នំពេញ៖ ក្រុមយុវជនមាតាធម្មជាតិ៤រូប សមត្ថកិច្ចចាប់ខ្លួននៅខាងមុខតុលាការភ្នំពេញ ក្នុង ថ្ងៃប្រកាសសាលក្រម ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។
នៅថ្ងៃប្រកាសសាលក្រម ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមមាតាធម្មជាតិបាននាំគ្នា ស្លៀកពាក់ខោអាវពណ៌ស ចង ក្រណាត់សនឹងក្បាល ដោយសរសេរថា «យុត្តិធម៌»ដៃកាន់ធូប និងផ្កាឈូក អង្គុយមុខតុលាការដើម្បីចាំស្តាប់ការប្រកាសសាលក្រម ជាមួយអ្នកគាំទ្ររបស់ពួកគេមួយចំនួនផងដែរ។ យ៉ាងណាក៏ដោយ តាមការផ្សាយផ្ទាល់របស់ពួកគេ លើទំព័រហ្វេសប៊ុក មាតាធម្មជាតិ ពុំឃើញមានវត្តមានរបស់ លោក យីម លាងហ៊ី ឡើយ។
ក្រុមមាតាធម្មជាតិ បានបញ្ជាក់ក្នុងការផ្សាយផ្ទាល់នោះថា ពួកគេ ក៏បាត់ដំណឹងរបស់ លោក យីម លាងហ៊ី ដែរ នាព្រឹកថ្ងៃទី២កក្កដានេះ។ លុះដល់ម៉ោងជាង១០ព្រឹក ក្រុមមាតាធម្មជាតិ រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ និងលោក លី ចាន់ដារ៉ាវុត ក៏ត្រូវសមត្ថកិច្ចនាំខ្លួនទៅ។
ជុំវិញករណី ចាប់ខ្លួនក្រុមមាតាធម្មជាតិបញ្ជូនទៅកន្លែងណា សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឡើយ។ ពាក់ព័ន្ធនឹងសាលក្រមវិញ សារព័ត៌មានថ្មីៗ ក៏ពុំអាចសុំព័ត៌មានលម្អិតពី លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីបាននៅឡើយ ដែរមកទល់នឹងពេលនេះ។
សូមជម្រាបថា កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ ត្រូវជាប់ចោទពីបទ រួមគំនិតក្បត់ និង ប្រមាថព្រះមហក្សត្រ ពាក់ព័ន្ធនឹងវីដេអូកិច្ចប្រជុំតាមអនឡាញ ដែលពួកគេជជែកគ្នា។ ចំណែក លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែលជាស្ថាបនិកនៃចលនាមាតាធម្មជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា ហើយក៏ត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រដែរ៕
Tag:
ប្រកាសសាលក្រម
សកម្មជនបរិស្ថាន
មាតាធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com