កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធ និងគ្រូបង្វឹកជឺជិតស៊ូ ជឿថាកូនក្រុមដណ្តើមមេដាយមាសជើងឯកអាស៊ី
02, Jul 2024 , 3:09 pm        
រូបភាព
សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា នឹងបញ្ជូនអត្ដពលិក ១២រូប ចូលរួមប្រកួតកីឡាជឺជិតស៊ូជើងឯកអាស៊ីអាគ្នេយ៍ (Asean Regional Championship Southeast Asia) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៤។ លោក ថោង បញ្ញាធន ប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និយាយថា អត្ដពលិកកម្ពុជា ដែលត្រូវបានបញ្ជូនទៅនោះ សុទ្ធតែមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការប្រកួតអន្ដរជាតិ។ ចំណែកគ្រូបង្វឹកជម្រើសជាតិ លោក Jasper Martijn Paas ជឿជាក់ថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជា នឹងដណ្ដើមបានមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍នេះ។



លោក ថោង បញ្ញាធន មានទំនុកចិត្តខ្ពស់ និងជឿជាក់លើសមត្ថភាពអត្ដពលិកជឺជិតស៊ូកម្ពុជា ក្នុងការដណ្ដើមមេដាយមាស ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍។ អ្វីដែលធ្វើឲ្យប្រធានរូបនេះ មានសង្ឃឹមខ្ពស់បែបនេះ គឺដោយសារសមាសភាពកីឡាករ-កីឡាការិនីទាំងនោះ ត្រូវបានជ្រើសរើសយ៉ាងពិសេស ដោយសុទ្ធតែជាអ្នកមានបទពិសោធន៍ និងកម្រិតបច្ចេកទេសខ្ពស់ ក្នុងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ។
 
ប្រធានសហព័ន្ធរូបនេះ បាននិយាយថា៖«ក្រុមការងារ ក៏ដូចជាអត្តពលិករបស់យើងបានហ្វឹកហាត់ រៀបចំ និងត្រៀមខ្លួនសម្រាប់ការប្រកួតនេះជាច្រើនខែ ហើយយើងមានទំនុកចិត្តខ្ពស់លើសមត្ថភាពរបស់អត្តពលិកយើងក្នុងការឡើងឆាកប្រយុទ្ធ ដណ្តើមជ័យជម្នះ និងមេដាយមាសជូនជាតិកម្ពុជា។»។
 
ដូចគ្នានេះ លោក Jasper Martijn PAAS ក៏មានជំនឿចិត្តខ្ពស់ ចំពោះកូនសិស្សខ្លួនដែរ ព្រោះអ្នកទាំងនោះធ្លាប់ឈ្នះជ័យលាភីព្រឹត្តិការណ៍ប្រចាំទ្វីប និងប្រចាំតំបន់ជាច្រើន។ «ខ្ញុំ មានជំនឿចិត្តលើពួកគេ ព្រោះពួកគេធ្លាប់​ប្រកួតព្រឹត្តិការណ៍ប្រចាំទ្វីប និងកម្រិតពិភពលោក ហើយសម្រេចបានលទ្ធផលយ៉ាងល្អ។ ខ្ញុំ ជឿថាព្រឹត្តិការណ៍ប្រចាំតំបន់នេះ ពួកគេនឹងធ្វើបានល្អ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
អត្ដពលិកកម្ពុជា ទាំង១២នាក់ត្រូវចូលរួមព្រឹត្តិការណ៍នេះ មានដូចជា៖ លីម សុបញ្ញា, កាំង ម៉េងឃាង, សៅ សុភារ៉ា, ញឹម រក្សា, គិម កែវមង្គល, ហេង ស៊ីវហ៊ាង, ទីន សុវណ្ណបួរកែវ, ទូច ពីរកក្កដា, គង់ ម៉ូណា មិថុរ៉ា, គង់ ម៉ូណា ជេសស៊ីកា, ហៃ ពេញ និង សរ សុផានុត។
 
គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាជឺជិតស៊ូជើងឯកអាស៊ីអាគ្នេយ៍នេះ មានអត្ដពលិក ២៥៨នាក់ មកពី៦ប្រទេស ​មាន​ម្ចាស់ផ្ទះឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន វៀតណាម ថៃ និងសិង្ហបុរី៕
 

Tag:
 ជឺជិតស៊ូ
  ថោង បញ្ញាធន
© រក្សាសិទ្ធិដោយ thmeythmey.com