អន្តរជាតិ
លោកបៃឌិន ថា គ្មាននរណាអាចអង្គុយលើច្បាប់ ក្រោយតុលាការកំពូលសម្រេចរឿងលោក ត្រាំ
02, Jul 2024 , 3:40 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅសេតវិមាន ក្នុងថ្ងៃទី១ ខែកក្កដា។ រូបភាព AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅសេតវិមាន ក្នុងថ្ងៃទី១ ខែកក្កដា។ រូបភាព AFP
ក្រោយតុលាការកំពូលអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីសម្រេចលើអភ័យឯកសិទ្ធិប្រធានាធិបតី ពាក់ព័ន្ធលោក ដូណាល់ ត្រាំ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានបង្ហាញការមិនពេញចិត្តជាខ្លាំង។ បើតាមលោកបៃឌិន គ្មាននរណាម្នាក់ អាចជាស្តេចនៅអាម៉េរិកឡើយ ហើយមិនអាចអង្គុយលើច្បាប់បានទេ។

 
តុលាការកំពូលអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានសម្រេចថា លោកដូណាល់ ត្រាំ មិនអាចត្រូវបានកាត់ទោស លើសកម្មភាពដែលលោកបានប្រព្រឹត្តក្នុងពេលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកបានទេ លើកលែងតែសកម្មភាពឯកជនប៉ុណ្ណោះ។ បើតាមតុលាការកំពូល សិទ្ធិបែបនេះ ត្រូវបានប្រគល់ដោយអំណាចចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងនាមជាប្រធានាធិបតី។ 
 
សេចក្តីសម្រេចនេះ ធ្វើឡើងក្រោមសំឡេងគាំទ្រ ៦ ទល់នឹង ៣ប្រឆាំង។ កន្លងមក លោកត្រាំ បានរងបទចោទពីតុលាការជាន់ទាបលើសកម្មភាពមួយចំនួន ក្នុងពេលកាន់តំណែងជាប្រធានាធិបតី ក្នុងនោះរួមទាំងការប៉ុនប៉ងផ្លាស់ប្តូរលទ្ធផលបោះឆ្នោតក្នុងឆ្នាំ២០២០ ផង។ 
 
ក្រោយសេចក្តីសម្រេចរបស់តុលាការកំពូល លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ដែលកំពុងតែបាក់មុខ ដោយសារការជជែកដេញដោលជាមួយលោកត្រាំមិនបានល្អស្រាប់ផង បានរិះគន់យ៉ាងខ្លាំង។ 
 
«អាម៉េរិកគ្មានស្តេចឡើយ។ បុគ្គលគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់។ គ្មាននរណាម្នាក់ អាចអង្គុយលើច្បាប់បានទេ សូម្បីតែប្រធានាធិបតីអាម៉េរិក»។ លោក បៃឌិន បានប្រើពាក្យសម្តីធ្ងន់ៗបែបនេះតបទៅតុលាការកំពូល ពីសេតវិមានអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា។ 
 
ត្រង់ចំណុចនេះ មេដឹកនាំវ័យចាស់វស្សាអាម៉េរិក បានចាត់ទុកថា ប្រសិនបើប្រធានាធិបតីមានអំណាចគ្រប់រឿង នោះមេដឹកនាំនឹងអាចធ្វើសកម្មភាពគ្រប់យ៉ាង ដោយគ្មានការរឹតត្បិតពីច្បាប់។ បើតាមលោកបៃឌិន នេះ គឺជារឿងដ៏គ្រោះថ្នាក់។ 
 
ប្រតិកម្មចំពោះសេចក្តីសម្រេចតុលាការកំពូងខាងលើ ធ្វើឡើងស្របពេលលោក បៃឌិន កំពុងស្ថិតក្នុងដំណាក់កាល ដ៏សំខាន់ ដើម្បីស្វែងរកការគាំទ្រមុនពេលបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នៅក្នុងការជជែកដេញដោលជាមួយលោក ត្រាំ ក្នុងខែមិថុនា កន្លងមក លោក បៃឌិន ធ្វើមិនបានល្អឡើយ ស្របពេលអ្នកគាំទ្រមួយចំនួន បានបង្ហាញពីក្តីបារម្ភលោក មានអាយុចាស់។ ក្នុងពេលបច្ចុប្បន្ន លោកបៃឌិន មានវ័យ ៨១ឆ្នាំហើយ ពោលគឺជាប្រធានាធិបតីដែលចាស់ជាងគេក្នុងប្រវត្តិសាស្រ្តអាម៉េរិក។ 
 
ប្រសិនបើគ្មានការប្រែប្រួលទេ លោក ត្រាំ និងលោក បៃឌិន នឹងត្រូវប្រជែងគ្នាយកតំណែងនៅសេតវិមានជាថ្មី។ ក្នុងការបោះឆ្នោតឆ្នាំ២០២៤ បេក្ខជនប្រធានាធិបតីអាម៉េរិកទាំងពីរ គឺមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com