កីឡាអន្តរជាតិ
អន្តរជាតិ
លោក Martinez ថា ទឹកភ្នែករបស់ Ronaldo បង្ហាញពីក្តីបារម្ភ ក្រុមព័រទុយហ្កាល់
02, Jul 2024 , 4:59 pm        
រូបភាព
ក្រោយពេលក្រុមជម្រើសជាតិព័រទុយហ្កាល់បន្តដំណើរទៅវគ្គ ៨ក្រុម លោកគ្រូបង្វឹក Roberto Martinez បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់ Cristiano Ronaldo និងក្តីបារម្ភរបស់ប្រធានក្រុមរូបនេះ ចំពោះក្រុម។ Ronaldo បានបង្ហូរទឹកភ្នែកពេលដែលស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនបានសម្រច ក្នុងជំនួបព័រទុយហ្កាល់ ទល់លូវេនី វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024។



ព័រទុយហ្កាល់ នៅតែត្រូវបន្តដំណើរទៅវគ្គ ៨ក្រុម ក្រោយពេលយកឈ្នះការប្រកួតលើក្រុមស្លូវេនី ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយលទ្ធផល ៣-០ បន្ទាប់ពីការប្រកួតរយៈពេល ១២០នាទី ក្រុមទាំងពីរស្មើ ០-០។ Ronaldo មានឱកាសមាសមួយ ដោយគេជាអ្នករាប់រងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីខ្សែការពារស្លូវេនី បង្កការប៉ះទង្គិចលើកីឡាករ Diego Jota ក្នុងប្រអប់គ្រោះថ្នាក់ក្នុងនាទី១០៤ នៃការប្រកួត។ 
 
ជារឿងសោកស្តាយបំផុតមួយ Ronaldo បែរជាមិនអាចសម្រេចសំណាញ់ទីជួយឱ្យព័រទុយហ្កាល់នាំមុខយកឈ្នះ លើស្លូវេនីបាន ក្នុងម៉ោងបន្ថែម ១៥នាទី ២លើក ខណៈស្លូវេនី ក៏វាយបកសម្រុកមានឱកាសល្អៗវិញខ្លះផងដែរ។ ទាំងពីរក្រុមនេះប្រជែងគ្នាក្នុងវគ្គ ១៦ក្រុម ទាំងប្រផិតប្រផើយរៀងៗខ្លួន ស្របពេល Ronaldo ក៏បង្ហូរទឹកភ្នែក ក្រោយធ្វើមិនបាន ស៊ុតបញ្ចូលទីពីឱកាសដ៏ល្អ។
 
ប៉ុន្តែយ៉ាងណាព័រទុយហ្កាល់ ចូលវគ្គស៊ុតបាល់កាត់សេចក្តី អ្នកចាំទី Diego Costa ជួយសង្គ្រោះការស៊ុតរបស់ កីឡាករស្លូវេនី បាន ៣គ្រាប់ ជួយព័រទុយហ្កាល់ឡើងវគ្គបន្ទាប់។ លោក Martinez គ្រូបង្វឹកក្រុមព័រទុយហ្កាល់ ក្រោយចប់ការប្រកួត ក៏បានសរសើរដល់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ ថាជាកីឡាករម្នាក់ដែលខិតខំប្រឹងប្រែង និង តែងមានក្តីបារម្ភពីក្រុមទាំងមូល អំពីការបង្ហាញអារម្មណ៍សោកស្តាយរបស់គេ។
 
លោក Martinez បាននិយាយនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតដូច្នេះ ៖«រូបគេមិនចាំបាច់ត្រូវខ្វាយខ្វល់ពេកនោះទេពីរឿងនេះ ហើយខ្ញុំក៏អរគុណគេសម្រាប់ការបង្ហាញគ្រប់យ៉ាងសម្រាប់ដឹកនាំក្រុម រូបគេតែងបារម្ភពីក្រុម។ ខ្ញុំប្រាកដចិត្តណាស់ថារូបគេ នឹងត្រូវតែជាអ្នកដែលនឹងរាប់រងបាល់ពិន័យ ១១ម៉ែត្រដំបូងគេ ហើយបង្ហាញដល់យើងនៅផ្លូវទៅរកជ័យជម្នះ។ ខ្ញុំពិតជាមានមោទកភាពខ្លាំងលើប្រធានក្រុមរបស់យើង[…] អ្នកត្រូវតែមានការតាំងចិត្តខ្ពស់ និងកុំចុះចាញ់ ជីវិតនិងបាល់ទាត់បានផ្តល់ឱ្យអ្នកនូវរឿងពិបាកជាច្រើន ហើយការបង្ហាញអារម្មណ៍របស់គេគឺជាឧទាហរណ៍ស្រាប់ ដែលយើងពិតជាមានមោទកភាពសម្រាប់បាល់ទាត់ព័រទុយហ្កាល់។»។
 
ព័រទុយហ្កាល់ នៅការប្រកួតបន្ទាប់ពីពួកគេនឹងត្រូវបន្តដំណើរទៅជួបក្រុមបារាំង នៅការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែលបារាំង ជាក្រុមបានយកឈ្នះការប្រកួតលើបែលហ្ស៊ិក លទ្ធផល ១-០ ក្នុងជំនួបដ៏តានតឹងដូចគ្នា ក្នុងវគ្គ ១៦ក្រុម៕

Tag:
 Euro 2024
  ព័រទុយហ្កាល់
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com