ជាតិ
សេដ្ឋកិច្ច
កម្ពុជា សម្ពោធគម្រោងពង្រឹងប្រព័ន្ធ GI និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជា ![](https://image.thmeythmey.com/pictures/2024/07/02/a__1_.jpg)
×![]()
គម្រោង «ការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» ត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី១ កក្កដា ក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា “គ.ក.ប.។
នៅក្នុងពិធីសម្ពោធនេះ លោកស្រី ចម និម្មល រំពឹងថា គម្រោងនេះនឹងផ្តល់នូវការសិក្សាច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ។
ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា “គ.ក.ប.” រដ្ឋមន្ត្រីក្រសួង ពាណិជកម្ម បានបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលដើរតួនាទីយ៉ាង សំខាន់ក្នុងការលើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគមន៍កសិកម្ម បង្កើនចំណូលរបស់សហគមន៍ បង្កើតភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម ដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
ក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចាប់តាំងពីឆ្នាំ២០០៧ ដើម្បីរៀបចំប្រព័ន្ធអភិវឌ្ឍន៍ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចជា ការបង្កើតការិយាល័យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តគម្រោងសាកល្បង ចុះបញ្ជីការពារ "ម្រេចកំពត" និង "ស្ករត្នោតកំពង់ស្ពឺ"។ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀតថា ផលិតផល"ម្រេចកំពត" និង "ស្ករត្នោតកំពង់ស្ពឺ" ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយសារមានលក្ខណៈពិសេស ផ្សារភ្ជាប់នឹងតំបន់ភូមិសាស្ត្រ ចំណេះដឹង-ចំណេះធ្វើ និងទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្នុងតំបន់ និងមានកេរ្តិ៍ឈ្មោះល្បី។
![](https://image.thmeythmey.com/pictures/2024/07/02/a__2_.jpg)
«ចាប់តាំងពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ នៅឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ឃើញថាចំនួនកសិករផលិត ផ្ទៃដីដាំដុះ និងក្រុមហ៊ុនកែច្នៃវេចខ្ចប់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ព្រមទាំងបាននាំចេញទៅកាន់បណ្តាប្រទេសនានាជាច្រើន»។ លោកស្រី ចម និម្មល កត់សម្គាល់ដូច្នេះ មុននឹងបន្តទៀតថា ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ បានចុះបញ្ជីការពារម៉ាកនៅអន្តរជាតិ ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងកសាងកេរ្តិ៍ឈ្មោះ ទំនុកចិត្ត និងការគាំទ្រផលិតផលកម្ពុជា នៅឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ក៏បានរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទាក់ទាញទេសចរណ៍ៀងដែរ។
ក្រៅពីម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ផលិតផល អំបិលកំពតកែប ក៏កំពុងដាក់ពាក្យស្នើសុំចុះបញ្ជីនៅសហភាពអឺរ៉ុប និងតាមរយៈប្រព័ន្ធច្បាប់ទីក្រុងហ្សឺណែវផងដែរ។
គួររំលឹកថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ចំនួន ៧ម៉ាក រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិលកំពតកែប ទឹកត្រីកំពតកែប និង បង្កងតាកែវ។
សូមបញ្ជាក់ដែថា «គម្រោងស្តីពីការពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងផលិតផលសម្គាល់ភូមិសាស្រ្តកម្ពុជាប្រកបដោយចីរភាព» ទទួលបានការគាំទ្រ ជំនួយបច្ចេកទេសពីអង្គការ FAO។ តាមរយៈការគាំទ្រនេះបានអនុញ្ញាតឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍មានលទ្ធភាពពង្រឹងនូវកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សមត្ថភាព និងដោះស្រាយបញ្ហាប្រឈមរួម ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃផលិតផលសម្គាល់ភូមិសាស្ត្រកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com