ភ្នំពេញ៖ នៅថ្ងៃទី២កក្កដានេះ តុលាការភ្នំពេញបានប្រកាសសាលក្រម ដោយសម្រេច ឱ្យពួកគេជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ពីបទប្រមាថ អង្គព្រះមហាក្សត្រនិងរួមគំនិតក្បត់។ នេះបើតាម សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSILA សរសេរលើទំព័ហ្វេសប៊ុក។
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ - KSILA អះអាងថា បានចូលស្ដាប់សាលក្រម ហើយក្នុងនោះ តំណាងស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតបារាំង ស្ថានទូតអូស្ត្រាលី ស្ថានទូតអាល្លឺម៉ង់ ,EU, UNOHCR, LICADHO, ADHOC-Cambodia , និងអ្នកសារព័ត៌មានមួយចំនួនក៏បានចូលស្ដាប់ដែរ។
ក្នុងក្រុមប្រឹក្សាជំនុំជម្រះ មានលោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានក្រុមប្រឹក្សា និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី សុវណ្ណ ជាចៅក្រមប្រឹក្សា លោក ថៃ គឹមមុនី ជាចៅក្រមប្រឹក្សា លោក សេង ហៀង ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឈុន សុវណ្ណ ជាក្រឡាបញ្ជី។
ដោយឡែក សកម្មជនចលនាមាតាធម្មជាតិ មិនបានចូលស្ដាប់ការប្រកាសសាលក្រមទេ គឺពួកគេអង្គុយនៅខាងមុខតុលាការ។ ក្នុងសាលក្រមសម្រេចឱ្យ លោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស ដេវីដសុន ជាសហស្ថាបនិកអង្គការមាតាធម្មជាតិ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា ជាប់ពន្ធានាគារ៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ពីបទប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។
ចំណែក លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ភួង កែវរស្មី កញ្ញា រ៉ី រក្សា លោក ពក ខើយ លោក បិញ ពិសិដ្ឋ ជាប់ទោស៦ឆ្នាំក្នុងពន្ធនាគារ ពីបទរួមគំនិតក្បត់។ ជាមួយគ្នាដែរ ចៅក្រមបានប្រកាសឱ្យចាប់ខ្លួនពួកគេផងដែរ។
ជុំវិញខ្លឹមសារសាលក្រមលម្អិត សារព័ត៌មានថ្មីៗ នៅតែមិនអាចសុំការបកស្រាយបន្ថែមពី លោក ប្លង់ សុផល ដោយសារទាក់ទងលោកតាមទូរស័ព្ទពុំបាន រហូតដល់រសៀលថ្ងៃនេះ។
កាលពីព្រឹកថ្ងៃទី២កក្កដា នៅខាងមុខតុលាការភ្នំពេញ មានក្រុមយុវជនមាតាធម្មជាតិមានតែ៤រូបប៉ុណ្ណោះ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។ ពួកគេទាំង៤ មាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ និងលោក លី ចាន់ដារ៉ាវុត។ មុននឹងត្រូវសមត្ថកិច្ចចាប់ខ្លួន ពួកគេបានស្រែកផ្លែផ្ដាំជាច្រើន នៅចំពោះមុខអ្នកគាំទ្រពួកគេ។
«ជាសារទៅអ្នកនយោបាយ អ្នកកាត់ទោសពួកខ្ញុំថ្ងៃហ្នឹង អ្នកកាត់ទោសសហគមន៍ថ្ងៃហ្នឹង អ្នកគិតថាអ្នករួចខ្លួនហើយ អ្នកគិតថាអ្នកត្រឹមត្រូវហើយ! ព្រោះអ្នកឈរនៅលើច្បាប់ ព្រោះអ្នកបញ្ជាតុលាការបាន ប៉ុន្តែកុំភ្លេចថា អ្នកមិនរួចខ្លួនចំពោះប្រវត្តិសាស្រ្តទេ! ប្រវត្តិសាស្រ្តនឹងចារឈ្មោះអ្នកក្បត់ជាតិពិតប្រាកដ!»។ នេះជាពាក្យសម្ដី របស់ លោក លី ចាន់ដារ៉ាវុត និយាយនៅខាងមុខតុលាការតាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិនៅព្រឹកថ្ងៃទី២ កក្កដានេះ មុនត្រូវបានត្ថកិច្ចចាប់ខ្លួន។
កញ្ញា ភួន កែវរស្មី ក៏បានបង្ហាញជំហរផ្ទាល់ខ្លួនដែរថា នឹងតស៊ូដើម្បីយុត្តិធម៌ ហើយលោក កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ អះអាងថា គ្មានអ្វីអាចឃុំឆន្ទៈរបស់ពួកគេបានឡើយ៕