អន្តរជាតិ
គ្រឿងទេសយីហោ​ធំៗ​២របស់ឥណ្ឌា ត្រូវគេសង្ស័យថាមានផ្ទុកសារធាតុគីមីបង្កមហារីក
19, May 2024 , 7:40 pm        
រូបភាព
ផលិតផលគ្រឿងទេសផ្សំ យីហោ MDH និង យីហោ Everest នៅក្នុងហាងទំនិញមួយក្នុងទីក្រុងញូដេលី ថ្ងៃទី ២៩ មេសា ២០២៤។ ហុងកុង សិង្ហបុរី និងនេប៉ាល់ បានសម្រេចហាមឃាត់ការលក់ចែកចាយ គ្រឿងទេសផ្សំចំនួន៤មុខទំនិញ នៃយីហោទាំង២នេះ បន្ទាប់ពីសង្ស័យថាមានសារធាតុគីមីបង្កជំងឺមហារីក។ REUTERS - Adnan Abidi
ផលិតផលគ្រឿងទេសផ្សំ យីហោ MDH និង យីហោ Everest នៅក្នុងហាងទំនិញមួយក្នុងទីក្រុងញូដេលី ថ្ងៃទី ២៩ មេសា ២០២៤។ ហុងកុង សិង្ហបុរី និងនេប៉ាល់ បានសម្រេចហាមឃាត់ការលក់ចែកចាយ គ្រឿងទេសផ្សំចំនួន៤មុខទំនិញ នៃយីហោទាំង២នេះ បន្ទាប់ពីសង្ស័យថាមានសារធាតុគីមីបង្កជំងឺមហារីក។ REUTERS - Adnan Abidi
ដោយ៖ម៉ម ពិសី / RFI/ខេមរភាសា
 
ផលិត​ផល​គ្រឿងទេសផ្សំ ផលិត​នៅឥណ្ឌា យីហោធំៗចំនួន​២ ត្រូវបាន​គេរកឃើញថាមានផ្ទុក​សារធាតុគីមី ដែលអាចបង្កជាជំងឺមហារីក។ បន្ទាប់ពីអាជ្ញាធរហុងកុង សិង្ហបុរី កាលពីថ្ងៃសុក្រទី​១៧ឧសភា អាជ្ញាធរប្រទេសនេប៉ាល់ បានឲ្យដឹងថា គេ​សម្រេចហាមឃាត់ការនាំចូលផលិត និងការ​​លក់ចែកចាយ​​ផលិត​ផលគ្រឿងទេសឥណ្ឌាទាំងនោះ។ ប្រទេសមួយចំនួនទៀត កំពុងបង្កើនការប្រុងប្រយ័ត្ន​ក្នុងការត្រួតពិនិត្យ​គុណភាព។

ផលិត​ផល​គ្រឿងទេសផ្សំ ផលិតនៅឥណ្ឌា យីហោ MDH និង យីហោ​ Everest កំពុងតែ​រងនូវ​ការចោទប្រកាន់ សង្ស័យថាមានផ្ទុក​​សារធាតុគីមី ប្រភេទ Oxyde d’éthylène (ETO) ដែលសារធាតុនេះអាចបង្កជាជំងឺមហារីក​។ បន្ទាប់ពីហុងកុង និងសិង្ហបុរី ដែល​បាន​ចេញវិធានការហាមឃាត់ការ​​លក់ចែកចាយ ​នេប៉ាល់បានក្លាយជាប្រទេសទី៣ ដែលបានចេញវិធានការដូចគ្នា​នេះ​​។
 
លោកស្រី Matina Joshi Vaidya ប្រធាន​នាយកដ្ឋាន​នេប៉ាល់ ទទួលបន្ទុក​​​បច្ចេកទេសចំណីអាហារ និងត្រួតពិនិត្យ​​​គុណភាព​ បានឲ្យ​ដឹងនៅថ្ងៃទី​១៧ឧសភាថា ដើម្បីការពារសុខភាពសាធារណៈ អាជ្ញាធរ​នេប៉ាល់ បានសម្រេច​ហាមឃាត់តាំងតែពីថ្ងៃព្រហស្បតិ៍ទី​១៦ឧសភា នូវ​ការនាំចូលនិងការលក់ចែកចាយ ផលិត​ផលគ្រឿងទេសផ្សំ​ដែល​ផលិ​តនៅឥណ្ឌា ចំនួន​៤មុខទំនិញ ៣មុខជារបស់យីហោ MDH និង១មុខជាយីហោ​ Everest។
 
មន្ត្រី​នេប៉ាល់ខាងលើ បាន​បន្ថែមថា ការសម្រេចនេះ គឺបន្ទាប់ពី​មាន​ដំណឹង​ហាមឃាត់នៅ​ហុងកុង និង​នៅសិង្ហបុរី នូវទំនិញគ្រឿងទេសឥណ្ឌាទាំង៤មុខនេះ​។ ក៏ប៉ុន្តែ​ នេប៉ាល់ពុំមាន​លទ្ធភាពបច្ចេកទេស ក្នុងការត្រួតពិនិត្យ​រុករកសារធាតុ​គីមីនៅក្នុង​ផលិត​ផល​ទាំងនេះទេ ម្លោះហើយ​អាជ្ញាធរនេប៉ាល់រងចាំ​ទាល់តែ​អាជ្ញាធរឥណ្ឌា អះអាងបញ្ជាក់ឲ្យ​ច្បាស់ ថា​ផលិត​របស់ខ្លួនពិតជាមិនបង្ករគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ ទើបនេប៉ាល់បើក​ឲ្យ​លក់ទំនិញទាំងនេះ​វិញ​។
 
សូមបញ្ជាក់ថា សារធាតុគីមី Oxyde d’éthylène ត្រូវគេប្រើជាទូទៅ ដើម្បីសំអាត​សម្ភារៈ ឬចំណីអាហារ កុំ​ឲ្យមាន​មេរោគឬបាក់តេរីផ្សេងៗ។ អាស្រ័យតាម​បទដ្ឋានស្តង់ដាប្រទេសនីមួយៗ ប្រទេសខ្លះអនុញ្ញាតឲ្យ​មានសារធាតុនេះក្នុងកម្រិត​មួយទាប ប្រទេសខ្លះទៀត គឺហាមឃាត់មិនឲ្យមានទាំងស្រុងតែម្តងក្នុងផលិ​តផលចំណីអាហារ។ ផ្អែកតាម​ ទីភ្នាក់ងារ​ការពារបរិស្ថានអាមេរិក បើសារធាតុ Oxyde d’éthylène ជ្រាបចូលទៅក្នុងខ្លួនមនុស្សញឹកញាប់ គឺវាអាចបង្កហានិភ័យ កើតជា​ជំងឺមហារីក​មួយចំនួន ដូចជាមហារីកគ្រាប់ឈាមស និងមហារីកដោះជាដើម​។
 
គួរបញ្ជាក់ដែរថា ផលិត​ផលគ្រឿងទេស ​យីហោMDH និងយីហោ​Everest មានការពេញនិយមណាស់ នៅឥណ្ឌា ហើយត្រូវបាននាំចេញទៅលក់សឹងទូទាំងពិភពលោក។ កាលពីខែមេសា បន្ទាប់​ពីអាជ្ញាធរហុងកុង និងសិង្ហបុរី បានសម្រេចហាមឃាត់​ទំនិញរបស់​ខ្លួន​ ម៉ាកយីហោទាំង២នេះ បានចេញលិខិតប្រកាស ដោយ​បានបដិសេធការចោទប្រកាន់ និងបានធានាអះអាងថាផលិត​ផលគ្រឿងទេសរបស់ខ្លួន គឺមិនបង្កគ្រោះថ្នាក់ដល់​សុខភាពមនុស្សឡើយ​។ ចំណែក​ អាជ្ញាធរគ្រឿងទេសឥណ្ឌាបានប្រកាសថា ឥណ្ឌាមាន​ក្រិត្យក្រ​មលក្ខខណ្ឌយ៉ាងតឹងរឹង ក្នុងការត្រួតពិនិត្យ​គុណភាព​គ្រឿងទេស មុននឹងនាំចេញទៅលក់​ក្រៅប្រទេស​។
 
យ៉ាងណាក៏ដោយ ការអះអាងទាំងអស់នេះ ហាក់​មិនបានធ្វើ​ឲ្យស្ងប់បញ្ហាទេ។ ក្រៅពី​ហុងកុង សិង្ហបុរី និងនេប៉ាល់ ដែលបានហាមឃាត់ការលក់ចែកចាយទាំងស្រុង អាជ្ញាធអង់គ្លេស​បាន​ឲ្យ​ដឹងថាគេបានបង្កើនការត្រួតពិនិត្យលើទំនិញគ្រឿងទេសផ្សំ នាំចូលមកពីឥណ្ឌា។ ចំណែក​សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់វិញ កំពុងពិចារណាចាត់វិធានការឲ្យសមស្រប​។
 
គួរកត់សំគាល់ថា ដំណឹងទាំងអស់នេះ​ កំពុងតែធ្វើឲ្យ​មានការព្រួយបារម្ភជាខ្លាំង ដល់វិស័យនាំចេញទំនិញគ្រឿងទេសឥណ្ឌា ព្រោះថាឥណ្ឌាជាប្រទេសផលិត​គ្រឿងទេសធំជាងគេបង្អស់នៃពិភពលោក។ រវាងពីខែមេសា ឆ្នាំ​២០២២ ដល់ខែ​មីនា​ឆ្នាំ​២០២៣ ឥណ្ឌានាំចេញទំនិញគ្រឿងទេស មានទំហំ​ទឹកប្រាក់ប្រមាណ​៤ពាន់លានដុល្លារ​អាមេរិក​។ សហព័ន្ធអ្នកផលិត​និងអ្នកនាំចេញ​គ្រឿងទេសឥណ្ឌា បានឲ្យដឹងថា គេព្យាករណ៍ថា ដំណឹងអាក្រក់នាពេលនេះ អាចនឹងធ្វើ​ឲ្យ​ការនាំចេញធ្លាក់ចុះយ៉ាងហោច​៤០% ព្រោះ​អតិថិជន​ខ្លះ​បានចាប់ផ្តើម ផ្អាកការបញ្ជាទិញហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com