ជាតិ
សង្គមជាតិ
បំបួសកុលបុត្រ-ធីតាជាង៥០០នាក់ នៅទឹកដីអង្គរ
19, May 2024 , 6:00 pm        
រូបភាព
ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕
ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕
សៀមរាប៖ យុវជន យុវតី រួមទាំងពលរដ្ឋចំណាស់ៗប្រមាណ៥៤០នាក់បានមកសាងផ្នួសបួស ក្នុងកម្មវិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ទឹកដីអង្គរខេត្តសៀមរាប។ ពិធីសាសនានេះ ត្រូវបានធ្វើឡើង នាថ្ងៃ១៨ឧសភា ដើម្បីអប់រំយុវជនតាមបែបពុទ្ធសាសនានិងអបអរបុណ្យវិសាខបូជា ផងដែរ។

ឆ្នាំ២០២៤នេះ ជាឆ្នាំទី១២ហើយដែលអនុគណក្រុងសៀមរាបរៀបចំកម្មវិធីបំបួសកុលបុត្រកុលធីតាឡើង។ ពោល​​ កម្មវិធីនេះគឺត្រូវបានចាប់ផ្ដើមតាំងឆ្នាំ២០១១មក
ប៉ុន្តែ ក៏អវត្តមានពីរឆ្នាំ(ឆ្នាំ២០២០ និង២០២១) ព្រោះតែវិបត្តិសុខភាពសាធារណៈកូវីដ-១៩។ 


ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕

ការបំបួសនេះធ្វើឡើងគោលដៅអប់រំជាពិសេសគឺអប់រំយុវជនតាមបែបពុទ្ធសាសនា, ការតបស្នងសងគុណដល់អ្នកមានគុ​ណមាតាបិតា ជាតិ សាសនាព្រះមហាក្សត្រ និងអបអរបុណ្យវិសាខបូជា។ ​លោក ធឿន វុឌ្ឍី សហស្ថាបនិកកម្មវិធីបំបួសកុលបុត្រកុលធីតាបានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ថា ៖ « គោលដៅសំខាន់[នៃការបំបួសនេះ] គឺដើម្បីផ្ដល់ឱកាសដល់យុវជន យុវនារី បានបួសរយៈពេលខ្លី, ដើម្បី​បញ្ជ្រាបទ្រីស្ដីពុទ្ធសាសនាទៅកាន់ពួកគាត់ហើយក៏ជាកម្មវិធីមួយប្រារព្ធនៅថ្ងៃវិសាខបូជា...»។ 
 
បើតាម ធឿន វុឌ្ឍី សម្រាប់ការបំបួសក្នុងឆ្នាំ​នេះ គឺមានអ្នកចូលរួមបួសច្រើនជាងឆ្នាំណាៗទាំងអស់។ គិតត្រឹមរសៀលថ្ងៃទី១៨ឧសភា មានអ្នកចូលរួមបួសអាចលើសពី៥៤០នាក់ ដោយក្នុងនោះមានសីលវតីប្រមាណ៦០ភាគរយ។


ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕ 
 
ពិធីនេះមនុស្សម្នាជាច្រើននាំគ្នាមកបរិវេណវត្តព្រះឥន្ទទេព នៅជិតប្រាសាទបាយ័ន។ អ្នកខ្លះជាអាណាព្យាបាលនាំកូនៗមកបំបួស។ ឯអ្នកមកវិញក៏ច្រើនដែរ ដែលភាគច្រើនជាយុវជន និងកុមារ។ នាពេល ម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៨ឧសភា ព្រះសង្ឃធ្វើកិច្ចពិធីកោសក់បួងសក់ដល់កុលបុត្រកុលធីតាទាំងនោះ។ កិច្ចនេះ​គឺជាប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏យូរលង់ណាស់មកហើយ ដែលតែងតែប្រារព្ធមុនពេលបួស។ 
  

ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕

សក់ ជាវត្ថុដែលមនុស្សស្រលាញ់ ថែរក្សាការពារសម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែ​កុលបុត្រកុលធីតាបានស្ម័គ្រចិត្តលះបង់សក់ជាទីស្រលាញ់របស់ខ្លួន។ នេះគឺជាការលះបង់មួយដ៏អស្ចារ្យ និងជាពិធីកម្មដ៏ធំធេងក្នុងភាពជាយុវវ័យ ដើម្បីសាងផ្នួសបួសសងគុណតបគុណលោកឪពុកអ្នកម្ដាយ និងអ្នកមានគុណទាំងឡាយ ជាពិសេសបានបំពេញនាទីជាកូន​ប្រុស​តាមប្រពៃណី​របស់ខ្មែរ។


លោក ធឿន វុឌ្ឍី សហស្ថាបនិកកម្មវិធីបំបួសកុលបុត្រកុលធីតា។ 

ប្រពៃណីខ្មែរកូនប្រុសត្រូវតែសាងផ្នួសបួសជាភិក្ខុឬសាមណេរទោះក្នុងរយៈពេលវែង​ឬក៏រយៈពេលខ្លី រហូតគេបានឱ្យតម្លៃថា បួសសាមណេរសងគុណម្ដាយហើយបួសភិក្ខុសងគុណ​ឪពុកទៀត។
ចំណែកកូនស្រីត្រូវអប់រំបន្ទំនិស្ស័យកិរិយាមាយាទនិងឥរិយាបទជាស្ត្រីឱ្យបានល្អតាមវិធីចូលម្លប់ ឬក៏ការបួសជាសីលវតីទៅនេះ។ នេះជាការលើកឡើងរបស់ លោក ធឿន វុឌ្ឍី។ 


ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕

បនា្ទប់ពីពិធីកោសក់បួងរួចគណៈកម្មការ កុលបុត្រកុលធីតា មាតាបិតាអាណាព្យាបាល ពុទ្ធបរិស័ទជិតឆ្ងាយបានធ្វើដំណើរប្រទាក់សិនមួយជុំព័ទ្ធប្រាសាទបាយ័ន អមដោយការប្រគំភ្លេងឆៃយ៉ាំនាំមុខ។បន្ទាប់មក ក៏ចាប់ផ្តើមរៀបចំបួសកុលបុត្រក្នុងវត្តព្រះឥន្ទទេព និងបំបួសកុលធីតាដាច់ ដោយឡែកពីគ្នា។


ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕

ក្រោយមកគណៈកម្មការរៀបចំកម្មវិធីបាននិមន្ត និងអញ្ជើញ សាមណេរ-ដូនជី ​ដែលបានបំបួស​រួចរាល់មករោង ដើម្បីណែនាំពីវិន័យសិក្ខាបទ​ដែលត្រូវបដិបត្តិ​ផ្សេងនៅថ្ងៃបន្តបន្ទាប់​ទៀត។ 
 
កិច្ចពិធីនេះត្រូវបានរៀបចំឡើងរយៈពេល៥យប់៦ថ្ងៃ រៀបចំឡើងដោយសាលាអនុគណក្រុងសៀមរាបសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងអាជ្ញាធរជាតិអប្សរា៕ 


ពិធីបំបួសកុលបុត្រកុលធីតា នៅវត្តព្រះឥន្ទទេព ក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕


Tag:
 ThmeyThmey
  បំបួស
  វិសាខបូជា
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com