អន្តរជាតិ
ប្រមុខការទូតជប៉ុន នឹងបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូងរយៈពេល ២ថ្ងៃ
01, Jul 2024 , 2:29 pm        
រូបភាព
ប្រមុខការទូតជប៉ុន លោកស្រី កាមិកាវ៉ា យូកូ នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ។ រូបភាព AFP
ប្រមុខការទូតជប៉ុន លោកស្រី កាមិកាវ៉ា យូកូ នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ។ រូបភាព AFP
ប្រមុខការទូតជប៉ុន លោកស្រី កាមិកាវ៉ា យូកូ នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ នៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការកម្ពុជា នៅថ្ងៃទី១ ខែកក្កដា។ វត្តមានរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនរយៈពេល ២ថ្ងៃនេះ ជាដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា   ចាប់តាំងពីចូលកាន់តំណែងនៅខែកញ្ញា ឆ្នាំ២០២៣។

 
តាមការអញ្ជើញរបស់សមភាគីកម្ពុជា លោក សុខ ចិន្តាសោភា លោកស្រី កាមិកាវ៉ា យូកូ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងបំពេញទស្សនកិច្ចរយៈ២ថ្ងៃ មកកម្ពុជា ដោយផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមិថុនា។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៨ ខែមិថុនា លោកស្រី កាមិកាវ៉ា បានបញ្ជាក់ថា លោកស្រីនឹងបំពេញទស្សនកិច្ចនៅហ្វីលីពីនផងដែរ។ 
 
ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកម្ពុជានេះ ប្រមុខការទូតជប៉ុន នឹងជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស លោក សុខ ចិន្តាសោភា។ 
 
ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើការដោះមីន នឹងក្លាយជាប្រធានបទដ៏សំខាន់មួយក្នុងដំណើរទស្សនកិច្ចនេះ។ នេះបើតាមការបញ្ជាក់របស់ប្រមុខការទូតជប៉ុន ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៨ ខែមិថុនា។ 
 
ជប៉ុន ជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងអភិវឌ្ឍដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានចំនួនជាង ២ពាន់លានដុល្លារ ដោយកម្ពុជានាំទៅជប៉ុនមានទំហំប្រមាណ ១,៦ពាន់លានដុល្លារ និងនាំចូលពីជប៉ុនមានចំនួន ៤៣៧លានដុល្លារ៕ 
 

Tag:
 ជប៉ុន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com