ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ ថៃបាននាំចេញអង្ករ ៥លានតោន។ ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានបញ្ជាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី៣០ ខែមិថុនា។ យ៉ាងណាមិញ នៅត្រីមាសទី៣ ការនាំចេញបង្ហាញសញ្ញាថមថយ ព្រោះតម្លៃខ្ពស់ជាងដៃគូប្រជែង ការពន្យាពេលបញ្ជាទិញ ស្របពេលអង្ករវៀតណាម ឥណ្ឌា និងប៉ាគីស្ថានកំពុងវាយលុកទីផ្សារ។
ថៃជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ក្នុងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ និងប្រទេសក្នុងតំបន់។
ការនាំចេញអង្កររបស់ថៃមានសន្ទុះខ្លាំងនៅ ៥ខែឆ្នាំនេះ។ បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម និងគយថៃ អង្ករចំនួន៤,០៥លានតោនត្រូវបាននាំចេញ កើនឡើងខ្លាំងធៀបគ្រាដូចគ្នាក្នុងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៣,៤៨ លានតោន។
នាយកដ្ឋានពាណិជ្ជកម្មបរទេស និងសមាគមអ្នកនាំចេញអង្ករថៃរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងលើសពីគោលដៅប្រចាំឆ្នាំចំនួន ៧,៥លានតោន ដែលអាចឈានដល់ ៨លានតោន ធៀបនឹង ៨,៧លានតោនដែលបាននាំចេញក្នុងឆ្នាំ ២០២៣។
លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានលើកឡើងថា ថៃបាននាំចេញអង្ករប្រហែល ៥លានតោនក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដោយសារមានតម្រូវការអង្ករពិភពលោកខ្ពស់ ព្រោះមានការបារម្ភសន្តិសុខស្បៀងពីប្រទេសជាច្រើន។
បើតាមលោក Chookiat ការធ្លាក់ថ្លៃប្រាក់បាតចន្លោះពី ៣៦-៣៧បាតក្នុងមួយដុល្លារ ក៏បានជួយកែលម្អការប្រជែងតម្លៃ ខណៈការហាមឃាត់នាំចេញអង្ករបស់ឥណ្ឌានៅតែបន្ត។
កន្លងមក មានការបញ្ជាទិញអង្ករថៃច្រើនបានជំរុញឱ្យតម្លៃអង្ករក្នុងស្រុក និងនាំចេញឡើងថ្លៃ។ តម្លៃអង្ករស ៥ភាគរយដែលជាប្រភេទនាំចេញច្រើនជាងគេរបស់ថៃ ជាមធ្យមថ្លៃ ៦៤៩ដុល្លារ និង៦៣០ដុល្លារក្នុងមួយតោនសម្រាប់ខែឧសភា និងមិថុនារៀងគ្នា។
ទន្ទឹមនេះ តម្លៃជាមធ្យមសម្រាប់ស្រូវមិនទាន់កែច្នៃដែលកសិករអាចលក់បានគឺប្រមាណ ៣០០ដុល្លារក្នុងមួយតោន ដែលចាត់ទុកថាជាតម្លៃខ្ពស់ជំរុញឱ្យកសិករបន្តដាំស្រូវដើម្បីទទួលបានអត្ថប្រយោជន៍ពីលក្ខខណ្ឌអំណោយផល។
«រយៈពេល ៦ខែ យើងបាននាំចេញអង្ករប្រហែល ៥លានតោនរួចហើយ។ ការប្រកួតប្រជែងខ្លាំងក្នុងចំណោមអ្នកនាំចេញ ដើម្បីទិញអង្ករសម្រាប់នាំចេញបានជំរុញឱ្យតម្លៃក្នុងស្រុកកើនឡើង។ យ៉ាងណាមិញ ការបញ្ជាទិញថ្មីបានក្លាយទៅជាខ្វះខាត ដោយសារតម្លៃរបស់យើងខ្ពស់ជាងអ្នកប្រកួតប្រជែង បណ្តាលឱ្យត្រីមាសទី៣ អាចស្ងប់ស្ងាត់នៅទូទាំងទីផ្សារទាំងអស់»។ កាសែតថៃ The Nations បានស្រង់សម្តីលោក Chookiat Ophaswongse បែបនេះ ដោយចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា។
លោក Chookiat បន្ថែមថា ការផលិតអង្ករក្នុងបណ្តាប្រទេសដៃគូប្រជែងដូចជា វៀតណាម ឥណ្ឌា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ាមានភាពប្រសើរឡើង ដែលនាំឱ្យអង្ករកាន់តែច្រើននៅក្នុងទីផ្សារពិភពលោក។ ឥណ្ឌាក៏បានបង្ហាញពីការវិលត្រឡប់ទៅរកការនាំចេញអង្ករសនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ ដែលនឹងប្រជែងដណ្តើមចំណែកទីផ្សារ ហើយទំនងជាជំរុញឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ ដែលអាចធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះផងដែរ។
នៅឆមាសទី១ឆ្នាំនេះ ឥណ្ឌូណេស៊ីជាប្រទេសនាំចូលអង្ករកំពូលរបស់ថៃ ដោយនាំចូលអង្ករសប្រមាណ ១លានតោន។ រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏បានប្រកាសពីផែនការនាំចូលអង្ករចំនួន ៣,៦ លានតោនក្នុងឆ្នាំនេះ ជាចម្បងពីប្រទេសវៀតណាម និងថៃ ព្រមទាំងប៉ាគីស្ថាន មីយ៉ាន់ម៉ា និងកម្ពុជាដែរ។ នេះបើតាមការបញ្ជាក់របស់លោក Chookiat ៕