ជាតិ
«គម្រោងជះផលវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» បានឈ្នះពានរង្វាន់នៅប្រទេសអេស្ប៉ាញ
13, May 2024 , 11:59 am        
រូបភាព
លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១០ ឧសភា។រូបពីហ្វេសប៊ុកក្រសួងការងារ។
លោកស្រី អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១០ ឧសភា។រូបពីហ្វេសប៊ុកក្រសួងការងារ។
ដោយ៖ ញ៉ សុខហឿន 

ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទីក្រុង ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។



អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបង្ហាញនូវគម្រោងនេះជូនដល់អង្គប្រជុំ នៅក្នុងវេទិកាតុមូលថ្នាក់មន្ត្រី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ ២០២៤ កាលពីថ្ងៃទី១០ ឧសភា។ 
 
គម្រោងផ្នែកសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់បាគងនេះ ត្រូវបានចាត់ទុកថា ជាគម្រោងដែលបានផ្ដល់អត្ថប្រយោជន៍ និង រួមចំណែកដ៏សំខាន់ ដែលអាចជួយស្រ្តី និងសហគ្រិន ជាពិសេសស្រ្តីនៅតាមតំបន់ជនបទ ។ ក្រោយពីពិនិត្យយ៉ាងល្អិតល្អន់​រួចមក គណៈកម្មាការ នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក បានសម្រេចផ្ដល់រង្វាន់ជូនដល់ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា។ 



បើតាមសេចក្ដីប្រកាសរួមរបស់ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា គម្រោងនេះ បានចូលរួមយ៉ាងសកម្ម នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ ដើម្បីឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថល តាមរយៈការអភិវឌ្ឍមូលធនមនុស្សផ្នែកឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ។

ជាពិសេសបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ស្ត្រី ព្រមទាំងក្រុមគ្រួសារ។
 
គម្រោងនេះ នឹងផ្ដល់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងជួយពួកគេឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការជួយសហគ្រិនស្ត្រីឱ្យទទួលបានសេវា ទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់ និងការគាំទ្រស្ត្រី ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផ្សេងៗ ដូចជាសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដែលជាមូលដ្ឋានដ៏ សំខាន់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្ម រួមទាំងវិនិយោគក្នុងការអប់រំ ឬត្រៀមទុកសម្រាប់គ្រាអាសន្ន ៕




© រក្សាសិទ្ធិដោយ thmeythmey.com