ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយ នៅថ្ងៃចន្ទនេះ ជាទស្សនកិច្ចចំពេលវេលាដែលអ្នកសារព័ត៌មាន កំពុងដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានដែលពេញលេញ ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ។
ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម (Vietnam Journalists Association- VJA) ដែលជាសមាគមតែមួយគត់នៅប្រទេសវៀតណាម ហើយជាដៃគូ ជាមួយក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists – CCJ) ចាប់តាំងពីឆ្នាំ២០១៨ មក។
ភាពជាដៃគូនេះ បានកើតឡើងភ្លាមៗក្រោយពី CCJ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទឱ្យចូលជាសមាជិកនៃសហព័ន្ធអ្នកកាសែតអាស៊ាន (Confederation of ASEAN Journalists) នាដើមឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំមហាសន្និបាតអ្នកកាសែតអាស៊ាននៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ នាពេលនោះហើយដែលថ្នាក់ដឹកនាំ VJA និង ថ្នាក់ដឹកនាំ CCJ បានចាប់ផ្តើមពិភាក្សាអំពីការ បង្កើតភាពជាដៃគូដើម្បីបម្រើផលប្រយោជន៍វិស័យសារព័ត៌មានក្នុងតំបន់ផង និងដើម្បីសារព័ត៌មាននៃប្រទេសទាំងពីរផង។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា៖ «នៅក្នុងរយៈពេល៥ថ្ងៃនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាមដើរតួនាទីជាស្ពានដើម្បីពង្រឹងទំនាក់ទំនងបណ្ដាញសារព័ត៌មានក្នុងតំបន់»។
![](https://image.thmeythmey.com/pictures/2024/05/13/t.jpg)
លោកបានបន្តថា៖ «រាល់ពេលដែលមានបញ្ហា ឬភាពចម្រូងចម្រាស់អ្វីមួយកើតឡើង អ្នកសារព័ត៌មានអាចជួយបន្ថយកម្តៅ ឬសភាពការណ៍ដែលតឹងតែងឱ្យមកធូរស្រាលវិញបាន តាមរយៈការចោទជាសំណួរទៅថ្នាក់ដឹកនាំ ឬប្រភពដែលផ្តល់ព័ត៌មានដែលមិនមានលក្ខណៈពង្រីកបញ្ហា ឬបង្កើនជាតិនិយមហួសពីអ្វីដែលថ្នាក់ដឹកនាំ ឬប្រភពផ្តល់ឱ្យ»។
តាមការគ្រោងទុក ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម នឹងពិភាក្សាលើការវិវឌ្ឍថ្មីៗនៃវិស័យសារព័ត៌មានសម័យឌីជីថល ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI និងទស្សនកិច្ចទីតាំងសំខាន់ៗដែលទាក់ទងនឹងដំណើរការងារក្នុងវិស័យសារព័ត៌មាន ដូចជាការិយាល័យទីភ្នាក់ងារព័ត៌មានវៀតណាម VNA សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយ និងស្វែងយល់ពីសក្តានុពលនៃរមណីយដ្ឋានទេសចរណ៍មួយចំនួននៅក្នុងទីក្រុងហាណូយ និងនៅតំបន់ខ្ពង់រាប សាប៉ា ជាដើម។
ក្រៅពីសមាគមអ្នកកាសែតវៀតណាម ក្លិបអ្នកកាសែតកម្ពុជា ក៏ជាដៃគូរបស់សមាគមអ្នកកាសែតថៃ (Thai Journalists Association) ផងដែរ។ ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំសកម្មភាពការងារជាច្រើន ជាមួយសមាគមអ្នកកាសែតថៃ ក្នុងពេលកន្លងមកដើម្បីការផ្លាស់ប្ដូរពិសោធន៍ ចំណេះដឹងផ្នែកសារព័ត៌មាន និងមិត្តភាព ព្រមទាំងដើម្បីផលប្រយោជន៍នៃប្រទេសជិតខាងទាំងពីរផងដែរ។
ប្រតិភូ CCJ ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកស្រី ថុង សុវណ្ណរង្សីយ៍ អគ្គលេខាធិការ, លោក សៅ ភិរុណ, លោក ខៀវ កូឡា និងលោក លាង ដឺលុច ដែលជាសមាជិកគណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែតកម្ពុជា សុទ្ធតែមានតួនាទីជាម្ចាស់ ជាក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព័ត៌មាន និងជាផលិតករព័ត៌មានជាន់ខ្ពស់ផងដែរ៕