ជាតិ
ក្រឡាន​លក់តាម​កញ្ជើ​នៅ​ភ្នំពេញ ពិបាក​ប្រជែងជាមួយនំបញ្ចុក និងអាហារតាមផ្លូវ​ផ្សេងទៀត
13, May 2024 , 7:59 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន

ភ្នំពេញ៖ ពេល​ធ្វើ​ដំណើរទៅ​តាម​បណ្តា​ខេត្ត អ្នកភ្នំពេញមួយចំនួនតែងតែ​ឈប់​ទិញ​ក្រឡាននៅ​តាម​ផ្លូវ ដោយ​ដឹង​ច្បាស់ពី​តំបន់ និង​ទីតាំងដែល​លក់​ក្រឡាន​ឆ្ងាញ់ ដូចជានៅ​ក្រចេះ កំពង់ឆ្នាំង កំពង់ចាម សៀមរាប បាត់ដំបង ជាដើម។ ប៉ុន្តែអ្នក​ដើរទូល​លក់តាមកញ្ជើនៅភ្នំពេញ បែរជា​ត្អូញត្អែរ ថា អាហារ​បាយ​ដំណើប​ចម្អិន​ក្នុងបំពង់ឫស្សីនេះ មិន​សូវ​មានអ្នក​ទិញឡើយ។



​កាលពី​៣ទៅ​៤ឆ្នាំមុន អ្នកស្រី លាង អាច​លក់​ក្រឡាន បាន​ពី១៣ទៅ​១៥ម៉ឺន​ក្នុងមួយ​ថ្ងៃ ប៉ុន្តែ​ពេល​នេះ គាត់ពិបាក​រក​ចំណូល​ខ្លាំងណាស់។ គាត់​ត្អូញថា៖ «អ្នក​លក់​ច្រើន​ពេក ទាំងអ្នក​លក់ក្រឡានដូចគ្នា រួមទាំង​​អ្នក​លក់​នំញ្ចុក ការ៉េម ជាដើម។ មួយថ្ងៃ លក់​បាន​១០ម៉ឺនរៀលយ៉ាងតឹង»។
 
វ័យ​ខ្ទង់​៤០​ឆ្នាំ ស្ត្រីពី​ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​រូបនេះ ត្រូវ​ក្រោក​ពីម៉ោង​៤ភ្លឺ ដើម្បី​ដុត​ក្រឡាន ហើយ​រៀបចំ​យក​មក​លក់នៅភ្នំពេញ ដោយ​បន្ត​លក់​រហូត​ដល់យប់ ជួនកាល ឈាន​ដល់​ម៉ោង​១អធ្រាត្រ ទើប​វិល​ត្រឡប់​ទៅផ្ទះវិញ។



រៀងរាល់ថ្ងៃ អ្នក​ស្រី លាង ត្រូវក្រោកពីម៉ោង ៤ព្រឹកដើម្បីធ្វើនំហើយគាត់ត្រូវធ្វើរហូតដល់ម៉ោង៨ព្រឹកអី ទើបរៀបចំមកភ្នំពេញហើយបន្តលក់រហូតដល់យប់ ជូនកាលម៉ោង ១ យប់ទើបគាត់អាចត្រឡប់ទៅផ្ទះវិញ។​
 
អ្នកស្រី លាង ស្ថិតក្នុងចំណោម​ស្ត្រី៤ទៅ​៥នាក់​ផ្សេងទៀត ដែលដើរលក់​ក្រឡាន តាមកញ្ជើ​នៅមុខ​វាំង ជាពិសេស​នៅពេលល្ងាច ពីព្រោះជាពេលវេលា​ដែល​អ្នក​ដំណើរត្រូវការអាហារទ្រាប់ពោះ។ មើលទៅ​អ្នក​លក់នំបញ្ចុក អ្នក​លក់ការ៉េម អ្នក​លក់ម្ជូ អ្នក​លក់នំ​ចំណី និង​វត្ថុអនុស្សាវរីយ៍​ផ្សេងទៀត ទទួល​បានអតិថិជន​ឥតដាច់ តែមនុស្ស​ទៅហួសមក​ហួស​ក្រឡាន​ក្នុងកញ្ជើរបស់អ្នក​ស្រី លាង។



ក្រឡាន​មួយ​ មានតម្លៃពី​៣ ទៅ​៥០០០​រៀល ក្រោយ​ដក​ចំណាយ​ថ្លៃ​ឡានឈ្នួល​ពី​កំពង់​ឆ្នាំងមកភ្នំពេញ ថ្លៃហូប និង​ចំណាយ​លើគ្រឿងផ្សំផ្សេងៗទៀត គឺ​អ្នកស្រីលាងចំណេញ​បាន​តែពី​៣ ទៅ​៤ម៉ឺន​រៀល​ប៉ុណ្ណោះ​​ក្នុងមួយថ្ងៃ។
 
ស្ថានភាព​ក៏​មិនសូវ​ខុសគ្នា​ប៉ុន្មានឡើយសម្រាប់អ្នកលក់មួយរូបទៀតមកពីខេត្តកំពង់ឆ្នាំង​។ អ្នកស្រី សាំ សាវឿន​ ដែល​ប្រកប​របរជាអ្នក​លក់​ក្រឡាន​តាម​ផ្លូវ​ជិត​១០​ឆ្នាំ ក៏មាន​តម្អូញបែបនេះដែរ។ ទោះលក់​បាន​ប្រាក់​ចំណេញតិចតួច ប៉ុន្តែ​អ្នក​ស្រីចង់ឱ្យគ្រប់គ្នាគាំទ្រ​ផលិត​ផល​ខ្មែរ។
 
« អ៊ំគ្មានកូនណាចិញ្ចឹមទេ មានតែពីរប្រពន្ធប្រពន្ធ​តទល់បើមិនរក ច្បាស់ជាគ្មាន​លុយសង​ធនាគារឡើយ»។ អ្នក​ស្រីបាន​បញ្ជាក់យ៉ាង​ដូច្នេះ ខណៈ​បច្ចុប្បន្នក្រឡាន​ដែល​អ្នក​ស្រី​ដើរលក់ពី​៤០០០ទៅ​៥០០០​រៀល ពិបាក​រកអ្នកទិញណាស់។ «បើគិត​ទាំង​ថ្លៃ​ដើម ថ្លៃពលកម្មយើងមិន​ចំណេញ​ច្រើនឡើយ ហើយ​ក្រឡាននេះ ក៏​មិន​ងាយ​ធ្វើនោះដែរ»។គាត់បាន​បន្ថែមយ៉ាងដូច្នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com