ជាតិ
ប្រធានក្រុមប្រឹក្សាទឹកពិភពលោក ប្ដេជ្ញាលើកកម្ពស់គោលនយោបាយសន្តិសុខទឹកនៅទូទាំងពិភពលោក
20, May 2024 , 7:37 pm        
រូបភាព
លោក លោក Loic Fauchon ប្រធានក្រុមប្រឹក្សាទឹកពិភពលោក
លោក លោក Loic Fauchon ប្រធានក្រុមប្រឹក្សាទឹកពិភពលោក
ឥណ្ឌូណេស៊ី៖ នាពិធីបើកវេទិកាទឹកពិភពលោកលើកទី១០ (The 10th World Water Forum) នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Bali Nusa Dua Convention Centre លោក Loic Fauchon ប្រធានក្រុមប្រឹក្សាទឹកពិភពលោក បានបង្ហាញការប្ដេជ្ញាចិត្តលើកកម្ពស់គោលនយោបាយសន្ដិសុខទឹកទូទាំងពិភពលោក និងអំពាវនាវឱ្យប្រទេសទាំងអស់បញ្ចូលសិទ្ធទទួលបានទឹកក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផងដែរ។



លោក Loic Fauchon បានអះអាងថា តម្រូវការទឹកត្រូវបានកើនឡើងកាន់តែច្រើនលើសកលលោកនាពេលបច្ចុប្បន្ន។​​​ នោះក៏ព្រោះ កំណើននៃឥទ្ធិពលអាកាសធាតុ ប្រជាជន នគរូបនីយកម្ម និងកម្រិតជីវភាពរបស់ពលរដ្ឋផងដែរ។ ហេតុដូច្នេះហើយ ធនធានទឹកក៏ត្រូវការការអភិរក្ស ថែរក្សា និងការប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវផងដែរ។ 
 
ប្រធានក្រុមប្រឹក្សាទឹកពិភពលោកបានបញ្ជាក់ថា ការអភិរក្សធនធានទឹកនាពេលបច្ចុប្បន្ន គឺពិតជាសំខាន់ ដោយផ្នែកលើវិស្វកម្ម បច្ចេកវិទ្យា រួមជាមួយនឹងការច្នៃប្រឌិតឌីជីថល។ ទន្ទឹមនឹងនេះ លោក Loic Fauchon ក៏ជំរុញឱ្យបង្កើនការសាងសង់អាងស្តុកទឹក ការផ្ទេរទឹក ការប្រើប្រាស់ទឹកក្រោមដីដោយប្រុងប្រយ័ត្ន រួមទាំងការប្រើប្រាស់ទឹកសំណល់ឡើងវិញផងដែរ។



«យើងត្រូវគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យបានដិតដល់តាមដែលអាចធ្វើទៅបាន តាមដានការលេចធ្លាយ សម្អាត ការបំពុល និងផ្លាស់​ប្តូរ​ឥរិយាបថ​ប្រចាំថ្ងៃ​ មិន​ថា​ផ្នែកកសិកម្ម ប្រើប្រាស់​ក្នុង​ស្រុក និង​ឧស្សាហកម្មនោះឡើយ»។ នេះជាការលើកឡើងរបស់លោក Loic Fauchon ដោយបន្តថា ទឹកសម្រាប់មនុស្ស និងធម្មជាតិ ត្រូវមានសមតុល្យដ៏ត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទឹក។
 
ប្រធានក្រុមប្រឹក្សាទឹកពិភពលោករូបនេះ បានប្ដេជ្ញាលើកកម្ពស់គោលនយោបាយសន្តិសុខទឹកនៅទូទាំងពិភពលោក និងចង់បង្កើនការរចនា និងការអនុវត្តដំណោះស្រាយផ្អែកលើធម្មជាតិ។​ លោក ក៏ចង់ឃើញមានការកែប្រែអាកប្បកិរិយា និងផ្លាស់ប្តូរទម្លាប់លើការប្រើប្រាស់ទឹក ហើយអ្នកបង្កើតសម្ព័ន្ធថវិកាសម្រាប់ទឹកអាចលុបចោលបំណុលទឹកសម្រាប់ប្រទេសក្រីក្របំផុត ដែលបង្ហាញក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ។



លើសពីនេះ លោក Loic អំពាវនាវឱ្យប្រទេសទាំងអស់បញ្ចូលសិទ្ធទទួលបានទឹកក្នុងរដ្ឋធម្មនុញ្ញជាតិ ច្បាប់ និងសមាមាត្រខ្ពស់នៃមូលនិធិអាកាសធាតុផ្សេងៗ រួមទាំងសកម្មភាពអន្តរជាតិ ដើម្បីធានាឱ្យកាន់តែសកម្ម អភិបាលកិច្ចផ្អែកលើកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានសារៈសំខាន់ផងដែរសម្រាប់ការពង្រឹងច្បាប់នៃការសម្របសម្រួលសម្រាប់ទន្លេ បឹង និងអាង៕
 
អត្ថបទនេះផលិតឡើងជាផ្នែកមួយនៃ World Water Forum Media Fellowship ដែលគាំទ្រដោយអង្គការ Internews, បណ្ដាញអ្នកសារព័ត៌មានផែនដី (Earth journalism Network) និងដៃគូទឹកអូស្រ្តាលី (Australian Water Partnership)។


Tag:
 វេទិកាទឹកពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com