ជាតិ
ដើមត្នោត ដើមរាំងជាង៣ម៉ឺនដើមហើយ ត្រូវបានដាំក្នុងឧទ្យានអង្គរ
27, May 2024 , 7:59 am        
រូបភាព
ដើមត្នោត និងដើមរាំងដែលនៅដាំនៅជើងទំនប់ទ្វារទឹកតាសោម ក្រុងអង្គរធំ។
ដើមត្នោត និងដើមរាំងដែលនៅដាំនៅជើងទំនប់ទ្វារទឹកតាសោម ក្រុងអង្គរធំ។
សៀមរាប៖ មកទល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានដាំដើមត្នោត ដើមរាំង ជាង៣ម៉ឺនដើមហើយ នៅតាមជើងទំនប់បុរាណ បារាយណ៍ ដើម្បីការពារពីភាពហូរច្រោះដី និងបង្កើនគម្របព្រៃឈើក្នុងតំបន់អង្គរ។

 
រាំង ជារុក្ខជាតិម្យ៉ាងដែលមានភាពធន់នឹងអាកាសធាតុ ហើយវាអាចរស់នៅបានទាំងក្នុងទឹក និងលើគោក។ រីឯត្នោតវិញ ក៏មានភាពធន់នឹងទឹកដែរ ពេលខ្លះគេឃើញវាដុះចាក់ឫស​នៅក្នុងប្រឡាយ​ក៏មានដែរ។ រុក្ខជាតិទាំង២នេះ ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តដាំដុះជាច្រើននៅតំបន់អង្គរ ពិសេសតាមមាត់ទំនប់ និងបារាយណ៍នាំទឹក។ 
 
បើតាមមន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក ញ៉ែម រស្មី គិតពីឆ្នាំ២០១៤មក អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងដើមត្នោត នៅតាមជើងទំនប់បុរាណ និងបារាយណ៍បានជាង៣ម៉ឺនដើម។ នៅក្នុងឆ្នាំ២០២០ ដើមរាំង ៤,៦១១ដើម ត្រូវបានដាំនៅតាម​ជើងទំនប់ នៃបារាយណ៍ខាងជើង បារាយណ៍ខាងលិច និងដាំតាមជើងទេរនៃទំនប់ប្រឡាយបុរាណ ក្នុងរមណីយដ្ឋានអង្គរ។ 
 

លោក ញ៉ែម រស្មី ថតជាមួយដើមត្នោត និងដើមរាំង នៅជើងទំនប់ទ្វារទឹកតាសោម។

ដើមរាំងជារុក្ខជាតិងាយដាំ និងងាយលូតលាស់។ យ៉ាងណាលោក ញ៉ែម រស្មី ពន្យល់ថា ដើមរាំងដែលបណ្ដុះនឹងគ្រាប់ងាយលូតលាស់លឿន និងល្អជាងដើមរាំង ដែលគាស់កូនមកដាំ។ នៅស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច មានបុគ្គលិកប្រុសស្រីសរុបជាង១០នាក់ កំពុងបណ្ដុះរុក្ខជាតិចម្រុះសរុប១៥មុខ តែក្នុងនោះដើមរាំង និងដើមត្នោត មានបរិមាណច្រើនជាងគេ។ តាមការបញ្ជាក់ពីលោក រស្មី ក្នុងឆ្នាំ២០២៤នេះ ស្ថានីយនេះបានមានដើមរាំងចំនួន១៣ ០០០ដើម ត្រៀមសម្រាប់ដាំនៅតំបន់អង្គរ។
 

ពលករកំពុងស្រោចទឹកដើមត្នោតនៅស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច។

ក្រៅពីដើមរាំង, ក៏មានដើមត្នោតប្រមាណ៥ពាន់ដើមដែរហើយ ត្រូវបានដាំ និងកំពុងលូតលាស់​​​ធំធាត់ នៅតាមជើងទំនប់ បារាយណ៍ក្នុងតំបន់អង្គរ។ ក្នុងនោះ អាជ្ញាធរជាតិអប្សរា នឹងបន្តដាំបន្ថែមទៀត ធ្វើយ៉ាងណាជួយបង្កើនគម្របព្រៃឈើក្នុងតំបន់ ក៏ដូចជាជួយអភិរក្សរុក្ខជាតិខ្មែរមួយនេះកុំឱ្យបាត់បង់។ « យើងដឹងថា ត្នោតជារុក្ខជាតិតំណាង តំណាងអត្តសញ្ញាណជាតិ បើយើងដាំច្រើនក៏ជួយក្នុងតំបន់យើងហើយ ហើយពេលធំទៅប្រជាជនក្នុងតំបន់ អាចអាស្រ័យផល និងកុំឱ្យវាបាត់បង់ផង ព្រោះសព្វថ្ងៃពលរដ្ឋយើងខ្លះ​គាត់ទាញមកប្រើប្រាស់ច្រើនពេក យើងក៏បារម្ភដែរ»។ នេះជាការរៀបរាប់របស់លោក រស្មី ដែលបានពន្យល់ពីការដាំដុះរុក្ខជាតិទាំងនេះ ក៏ព្រោះវា អាចការពារភាពច្រោះដីបាននារដូវវស្សា មួយទៀតមានភាពធន់នឹងអាកាសធាតុ និងអាចរស់ក្នុងទឹករយៈពេលយូរផងដែរ គឺក្នុងរយៈពេលរយៈពេល៦ខែ ឬលើសពីនេះ ដោយមិនបារម្ភ​ថាខ្លាច​វាងាប់ឡើយ។ ក្រៅពីនេះ ដូចជាដើមរាំង គ្រាប់របស់វាក៏ជាចំណីរបស់ត្រីផងដែរ។ 
 

ដើមរាំងដែលដុះលូតលាស់ល្អនៅជើងទំនប់ទ្វារទឹកតាសោម

ថ្ងៃទី២៣ ឧសភា កន្លងទៅ លោក ញ៉ែម រស្មី ក៏នាំបានអ្នកសារព័ត៌មានថ្មីៗ(ThmeyThmey) ទៅមើលដើមរាំង និងដើមត្នោត ដែលក្រុមការងារលោកបានដាំនៅតាមជើងទំនប់នៃសំណង់ទ្វារទឹកតាសោមនៅឆ្នាំ២០១៤ និង២០១៩។ ដើមរាំង និងត្នោត មានដើមធំៗ និងមានមែកធាងត្រឈឹងត្រឈៃ។ នៅទីនោះ លោក រស្មី និងក្រុមការងារព្យាយាមប្រាប់ថា ដើមរាំងដែលដាំនៅគៀកមាត់ទឹក គឺវាលូតលាត់លឿនជាងដើមរាំង ដទៃ។ នៅទីនោះ ក្រៅពីដើមរាំង ដើមត្នោត គេក៏ឃើញមានដើមផ្អាវមួយជួរផងដែរ ដែលគេនាំនៅថ្នាក់​ខាងលើ​បន្ទាប់ពីដើមរាំង និងដើមត្នោតដែលនៅជួរទី២ ចាប់ពីមាត់ទំនប់នៅសំណង់ទ្វារតាសោម។ 
 
បើតាមលោក រស្មី នៅខែនេះរុក្ខជាតិនោះនៅលើគោក ដល់ពេលរដូវវស្សាពេលបិទទ្វារទឹក ហើយទឹកឡើងមកពៀបមាត់ទំនប់ នោះរុក្ខជាតិទាំងនោះនៅក្នុងទឹកត្រឹមពាក់កណ្ដាលដើមក៏មានដែរ។ 
 
ក្រៅពីរុក្ខជាតិដែលរៀបរាប់ខាងលើ នៅស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច ក៏មានបណ្ដុះរុក្ខជាតិដើមអំពិល ផងដែរ។ លោក រស្មី ប្រាប់ថា អំពិលក៏មានប្រយោជន៍ច្រើនដែរ ដែលអាចឱ្យពលរដ្ឋនៅក្បែរតំបន់នោះ អាស្រ័យផល ហើយវាក៏ធន់នឹងអាកាសធាតុមិនចាញ់រាំង និងត្នោតដែរ។ 
 

ដើមរាំងដែលដុះលូតលាស់ល្អនៅជើងទំនប់ទ្វារទឹកតាសោម

ជាទូទៅ រុក្ខជាតិប្រភេទនេះ​ត្រូវមានអាយុពី៥ទៅ១ឆ្នាំអាចយកទៅដាំបាន ឬក៏វាមានកម្ពស់ចាប់ពី១ម៉ែត្រទៅ តែចំពោះដើមត្នោត គេក៏អាចដាំបាន ពេលវាមានមែកធាងលូតលាត់ល្អ ទោះកម្ពស់វាទាបក្ដី។ លោក រស្មី ប្រាប់ដូច្នេះ និង បន្តថា៖« ជាទូទៅ ក្នុងរុក្ខជាតិទាំងអស់ ចំណាយពី៥ខែទៅ១ឆ្នាំ អាស្រ័យលើកម្ពស់រុក្ខជាតិ បើវាទាបក្រោម​១ម៉ែត្រអី មិនទាន់ដាំទេ រហូតដល់១ម៉ែត្រ ឬ១,២ម៉ែត្រយកទៅដាំ តែត្នោតមិនអាច​មានកម្ពស់១ម៉ែត្រទេ មើលតែវាលាស់មានស្លឹក​មានធាង អាចយកទៅដាំបាន»។
 
សូមបញ្ជាក់ថា តាមរបាយការណ៍ក្នុងមួយឆ្នាំស្ថានីយបណ្ដុះកូនឈើក្រាំងក្រូច មានសមត្ថភាពបណ្ដុះ និងបញ្ចេញកូនឈើសម្រាប់យកទៅដាំ និងចែកចាយទៅខាងក្រៅសរុបមានចំនួន ប្រមាណ២ម៉ឺនដើម។ ក្នុងនោះដែរ លោក ញ៉ែម រស្មី ក៏ប្រាប់ទៅប្រជាពលរដ្ឋដែលមានបំណងយកកូនឈើទៅដាំនៅតាមដីទំនេរ ឬតាមផ្ទះ អាចមកស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ដើម្បីរួមចំណែកបង្កើនគម្របព្រៃឈើ​នៅក្នុងប្រទេសកម្ពុជា៕ 
 
 

Tag:
 ដើមត្នោត
  ដើមរាំង
© រក្សាសិទ្ធិដោយ thmeythmey.com