ជាតិ
សេដ្ឋកិច្ច
ភរិយានាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម និងតារាចម្រៀង នាំគ្នាជំរុញការគាំទ្រកសិផលក្នុងស្រុក ![រូបភាព៖ ក្រសួងកសិកម្ម](https://image.thmeythmey.com/pictures/2024/05/27/g.jpg)
រូបភាព៖ ក្រសួងកសិកម្ម
×![]()
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ដោយមានការចូលរួមពី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយានាយករដ្ឋមន្រ្តីកម្ពុជា និងតារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។
ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ កម្មវិធីរយៈពេល ២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ ផងដែរ។
ចូលរួមទស្សនាដោយសេរី នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១។ ការចូលរួមរបស់សាធារណជន គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងកសិកម្ម។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ មេសា បានអំពាវនាវពលរដ្ឋជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។
តាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ក្រោមប្រធានបទ «ផលិតផលនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម»។
ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមបំផុសបំផុលចលនាដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិតបន្ថែមទៀត។ ពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ៕
Tag:
ក្រសួងកសិកម្ម
ភូមិកសិផលខ្មែរ
រសជាតិកសិផល
© រក្សាសិទ្ធិដោយ thmeythmey.com