អន្តរជាតិ
ចិន ជប៉ុន និងកូរ៉េខាងត្បូង ប្តេជ្ញាថែរក្សាសន្តិភាព និងវិបុលភាពលើឧបទ្វីបកូរ៉េ
28, May 2024 , 9:52 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន នៅក្រុងសេអ៊ូល ក្នុងថ្ងៃទី២៧ ខែឧសភា។ រូបភាព Yonhap
(ពីឆ្វេងទៅស្តាំ) លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន លោកយូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកលី ឈាំង នាយករដ្ឋមន្រ្តីចិន នៅក្រុងសេអ៊ូល ក្នុងថ្ងៃទី២៧ ខែឧសភា។ រូបភាព Yonhap
មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងចិន បានបញ្ជាក់ជាថ្មីក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសាន។ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំប្រទេសទាំងបី ចេញនៅថ្ងៃទី២៧ ខែឧសភា បានបញ្ជាក់បែបនេះ។

 
ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងចិន បានជួបគ្នាជាថ្មីនៅក្រុងសេអ៊ូល ដោយបានលើកពីប្រធានបទជាច្រើនទៅជជែក ក្នុងនោះមានដូចជាកូរ៉េខាងជើង ពាណិជ្ជកម្ម បច្ចេកវិទ្យា និងអត្រាកំណើតធ្លាក់ទាបជាដើម។ ការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពលើឧបទ្វីបកូរ៉េ ក៏ជាប្រធានបទដ៏សំខាន់មួយ ក្នុងជំនួបត្រីភាគីនេះដែរ។ 
 
«យើងបញ្ជាក់ជាថ្មីថា ការថែរក្សាសន្តិភាព, ស្ថិរភាព និងវិបុលភាពលើឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសាន ជាផលប្រយោជន៍រួម និងការទទួលខុសត្រូវរួមរបស់យើង»។ សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងចិន ចេញនៅថ្ងៃទី២៧ ខែឧសភា បានសង្កត់ធ្ងន់បែបនេះ ដោយបន្តជំហរក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ និងបញ្ហាចាប់ជំរិត។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង, ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានសន្យាបន្តពីពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន រួមទាំងគាំទ្រឡាវ ធ្វើជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២៤។ 
 
មេដឹកនាំប្រទេសទាំង៣ បានប្តេជ្ញាពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៩ មក បន្ទាប់ពីកិច្ចចរចាចំនួន ១៦លើក។ កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០១២។ 
 
ស្របពេលមានជំនួបត្រីភាគីរៀបចំឡើង កូរ៉េខាងជើង បានជូនដំណឹងទៅជប៉ុនពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំពាក់ផ្កាយរណបចារកិច្ច នៅមុនថ្ងៃទី៤ ខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
ក្នុងអំឡុងកិច្ចប្រជុំ លោក គីស៊ីដា និងលោកយូន បានរិះគន់ផែនការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំពាក់ផ្កាយរណបចារកិច្ចរបស់កូរ៉េខាងជើង ហើយបានចាត់ទុកជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ៕

Tag:
 ចិន
  ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com