ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឱ្យស្ថាប័នជាតិ និងសង្គមស៊ីវិល បញ្ជ្រាបចំណេះដឹងសិទ្ធិកុមារ
28, May 2024 , 11:09 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STMP
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STMP
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យស្ថានប័នជាតិ ឯកជន សង្គមស៊ីវិល រួមគ្នាបញ្ជ្រាបចំណេះដឹងស្ដីពីសិទ្ធិកុមារ ដល់សាធារណជនឱ្យបានយល់ដឹង ដើម្បីបញ្ចប់ទម្រង់រំលោភបំពានកុមារធ្ងន់ធ្ងរ។ នេះបើតាមសារាចរណែនាំរបស់នាយករដ្ឋមន្ត្រី។

 
ដើម្បីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ រដ្ឋាភិបាល ដាក់ចេញប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះសំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និង «រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។
 
ចំពោះកម្មវិធីខាងលើនេះ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំពិធីជួបជុំថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់កុមារនៅរាជធានីភ្នំពេញ។ ចំណែក ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និង
ដៃគូអភិវឌ្ឍន៍ រៀបចំពិធីអបអរនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានផុលផុសដែរ។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ឱ្យក្រសួងព័ត៌មាន សហការជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋឯកជន និងបណ្ដាញសារព័ត៌មានសង្គមនានា ឱ្យចូលរួមផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យជ្រួតជ្រាបពីប្រវត្តិ និងគោលបំណងនៃទិវាកុមារអន្តរជាតិ១ មិថុនា ,ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា។ ទន្ទឹមនឹងនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីជួបសំណេះសំណាលជាមួយកុមារ កម្មវិធីកម្សាន្តសប្បាយរបស់កុមារ នៅតាមក្រសួង ស្ថាប័នរាជធានី-ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលកុមារកំព្រា នៅក្នុងមូលដ្ឋានរៀងៗខ្លួន។
 
នាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចងបដាពាក្យស្លោក នៅតាមដងវិថីសំខាន់ ដូចជា ពាក្យស្លោក «ចូលរួមលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត គឺជាការលើកកម្ពស់កិច្ចការពារកុមារ», «រួមគ្នាការពារកុមារ ដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ», «រួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ» និង«គ្មានការប្រើប្រាស់ពលកម្មកុមារដើម្បីជំរុញយុទ្ធនាការ»,«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាដើម៕ 

Tag:
 សិទ្ធិកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com