ជាតិ
ក្លិបអ្នកកាសែតកម្ពុជា នាំអ្នកសារព័ត៌មានជិត៣០ស្ថាប័ន ទៅផ្សព្វផ្សាយវិស័យទេសចរណ៍នៅកំពត
28, May 2024 , 11:23 am        
រូបភាព
កំពត៖ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅភ្នំបូកគោខេត្តកំពត ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន២៩ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី២៨-៣០ ឧសភា ឆ្នាំ២០២៤ ។

 
ក្នុងដំណើរទស្សនកិច្ចរយៈ ២យប់ ៣ថ្ងៃនេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនានៅទីតាំងទេសចរណ៍សំខាន់ៗ នៅឧទ្យានជាតិព្រះមុនីវង្ស ដែលជារមណីយដ្ឋានបែបវប្បធម៌ ធម្មជាតិ និងជំនឿ។ នៅថ្ងៃដំបូង អ្នកសារព័ត៌មាន បានធ្វើដំណើរទស្សនកិច្ចថ្មមុខយក្ស និងទេសភាពខេត្តកំពត រួចបន្តដំណើរទស្សនារូបសំណាកលោកយាយម៉ៅ និងដំណាក់ស្លាខ្មៅ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ទៅផ្ដិតយកទិដ្ឋភាពនៅកន្លែងទេសចរណ៍ចំនួន៩ទៀតរួមមាន វាលស្រែ១០០ វាលស្រែ៥០០ ថ្មអណ្ដើក ថ្មប្រាសាទ តំបន់តាំងសម្មាធិ និងល្អាងភ្នំស័ក្កសិទ្ធិ ក្លោងទ្វារមេឃ វាលផ្កាបំពង់ក្រឡោម ជាដើម។ 
 
ថ្ងៃទី២នៃដំណើរទស្សនកិច្ច  ក្រុមអ្នកសារព័ត៌មាន នឹងបន្តចុះផលិតព័ត៌មានទៅតំបន់ទេសចរណ៍ បឹងលើភ្នំ និងទឹកធ្លាក់ពពកវិល។ ក្រៅពីនេះ ក្រុមអ្នកសារព័ត៌មាន នឹងបន្តទៅទស្សនកិច្ច ចម្ការស្រ្ដប៊ីរី សួនបន្លែធម្មជាតិបូកគោ កសិដ្ឋានចិញ្ចឹមសត្វបូកគោ និងរោងចក្រផលិតទឹកបរិសុទ្ធបូកគោ។  
 
ថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មាន នឹងទស្សនកិច្ច និងយកព័ត៌មាននៅទីតាំងទេសចរណ៍ចំនួន៨ទៀត ដូចជា ទំនប់ទឹកថ្មី វត្តសំពៅប្រាំ វិមានអ្នកតាភ្នំ និងអតីតសាលាក្រុងបូកគោជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com