កីឡាអន្តរជាតិ
អន្តរជាតិ
លោក Emery បន្តកិច្ចសន្យាជាមួយ Aston Villa ដល់ឆ្នាំ ២០២៩
28, May 2024 , 1:59 pm        
រូបភាព
លោក Unai Emery អ្នកចាត់ការក្រុម Aston Villa បានបន្តកិច្ចសន្យាដឹកនាំក្រុមបន្តទៀត រយៈពេល ៥ឆ្នាំ ពោលរហូតដល់ឆ្នាំ ២០២៩។ នេះបើតាមការប្រកាសរបស់ក្លិប​ Aston Villa នាថ្ងៃទី២៧ ខែឧសភា ស្របពេលកិច្ចសន្យានេះ។



លោក Emery អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចូលដឹកនាំក្រុម Aston Villa ក្នុងឆ្នាំ ២០២២ ដោយបានជួយក្រុមឡើងមកឈរនៅចំណាត់ថ្នាក់កំពូលទាំង៤ Premier League ដោយទទួលបានកៅអី UEFA Champions League លើកដំបូងចាប់តាំងពីរដូវកាល ១៩៨២-៨៣។ 
 
រដូវកាល ២០២៣-២៤ លោក Emery បាននាំ Aston ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa Conference League ផងដែរ។ ការនាំក្រុមឡើងទៅកាន់ការប្រកួត UEFA Champions League រដូវកាលក្រោយអាចជាមូលហេតុ ធ្វើឱ្យក្លិបពេញចិត្តនិងផ្តល់កុងត្រាបន្ថែមដល់លោកអ្នកចាត់ការអេស្ប៉ាញរូបនេះ។ 
 
កាលពីឆ្នាំ ២០២២ អំឡុងពេលមកដឹកនាំដំបូងរបស់លោក Emery ក្លិប Aston ស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ក្នុងតារាង Premier League ប៉ុន្តែក្រុមមួយនេះបានកែប្រែយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោក Emery។
 
«ខ្ញុំរីករាយក្នុងការបោះជំហានទៅមុខ ហើយនឹងទំនួលខុសត្រូវក្នុងការដឹកនាំក្លិបនេះបន្ត។ ទីនេះពិតជាមានទំនាក់ទំនងដ៏អស្ចារ្យក្នុង Aston Villa។ មិនថាកម្លាំងចិត្តនៃការគាំទ្រ របស់អ្នកគាំទ្រ ដែលតែងតែជួយដល់យើងរហូតអាចបង្កើតរឿងដែលខុសប្លែក ដើម្បីឱ្យមានអារម្មណ៍ថាទីនេះជាផ្ទះមួយ។ យើងពិតជារំភើបក្នុងការបន្តដំណើររបស់យើង ដែលគ្មានដែលកំណត់នៃសុបិន្ត។»។ លោក Emery បាននិយាយបែបនេះ បន្ទាប់ពីបានចុះកិច្ចសន្យាថ្មីរួចមក។
 
អតីតគ្រូបង្វឹកក្រុម Sevilla និង Arsenal កន្លងមកក៏ធ្លាប់បានចុះកិច្ចសន្យា បន្តជាមួយនឹងក្រុម Aston Villa ម្តងរួចមកហើយកាលពីខែមេសា ដោយកិច្ចសន្យានោះបានធ្វើឱ្យលោក Emery ដឹកនាំក្រុមត្រឹមឆ្នាំ ២០២៧ តែប៉ុណ្ណោះ។ យ៉ាងណាការបន្តកុងត្រាបន្ថែមរហូតដល់ឆ្នាំ ២០២៩ លោក Emery ត្រូវបានគេដឹងថា ក៏បានទទួលប្រាក់ថ្លៃការងារកើនឡើងផងដែរ៕

Tag:
 Aston Villa
  Unai Emery
© រក្សាសិទ្ធិដោយ thmeythmey.com