ជាតិ
បោះឆ្នោត
បោះឆ្នោតក្រុមប្រឹក្សា៖ CPP មានសំឡេងគាំទ្រលើសលុប ខណៈគ.ជ.ប ទទួលបានបណ្ដឹង៦
28, May 2024 , 8:59 pm        
រូបភាព
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទៅបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទៅបោះឆ្នោត។
ភ្នំពេញ៖ លទ្ធផលបឋម ស្ដីពីដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា(CPP) ទទួលបានសំឡេងគាំទ្រលើសលុបនៅតាបណ្ដារាជធានី-ខេត្ត ខណៈបក្សឆន្ទៈខ្មែរ ទទួលបានសំឡេគាំទ្រតិចតួច។ គ.ជ.ប ក៏ទទួលបានពាក្យបណ្ដឹងឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញផងដែរ។

 
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ មានបក្សចំនួនប្រាំ បានចូលរួម រួមមានគណបក្សប្រជាជនកម្ពុជា, បក្សឆន្ទៈខ្មែរ, គណបក្ស​ហ៊្វុនស៊ិនប៉ិច, គណបក្ស​ខ្មែរ​រួបរួម​ជាតិ និងបក្សកម្លាំងជាតិ។ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ក្នុងចំណោមអ្នកបោះឆ្នោត១១ ៦២២នាក់ មានអ្នកទៅបោះឆ្នោតរហូតដល់ ៩៩ភាគរយ។
 
ចំពោះលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ដែល គ.ជ.ប បង្ហាញបក្សនីមួយៗ ឃើញថា គណបក្សប្រជាជនកម្ពុជា ទទួលទទួលបានសំឡេងគាំទ្រលើសលុប។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងថា គ.ជ.ប មិនទទួលស្គាល់លទ្ធផល​ ដែលចេញផ្សាយដោយបក្សណាមួយឡើយ ជាពិសេសចំពោះការបែងចែកអាសនៈ។ 
 
អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី២៨ ឧសភាថា គ.ជ.ប នឹងប្រកាសលទ្ធផលបណ្ដោះអាសន្ន នៅថ្ងៃទី១មិថុនា។ បើតាមលោក ពុទ្ធា លទ្ធផលផ្លូវការ នឹងប្រកាសដោយមានការបែងចែកអាសនៈផងដែរ នៅថ្ងៃទី៨ មិថុនា។ 
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។

គិតត្រឹមថ្ងៃទី២៨ឧសភា គ.ជ.ប បានទទួលពាក្យបណ្ដឹងចំនួន៦ ពីបណ្ដាបក្សនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤។ ជុំវិញករណីនេះ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា៖ «ពាក្យបណ្ដឹងទាំង៦នេះ មានបណ្ដឹងសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ គឺមានពីខាងបក្សប្រជាជនក៏មាន បក្សឆន្ទៈខ្មែរក៏មាន តែភាគច្រើនគឺបក្សឆន្ទៈខ្មែរ ដែលប្ដឹងឱ្យរាប់ឡើងវិញ»។ លោកអះអាងថា គ.ជ.ប កំពុងពិនិត្យពាក្យបណ្ដឹង ហើយនឹងផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ។ 
 
ទាក់ទិននឹងករណីខាងលើ លោក គង់ លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ក៏បានបកស្រាយប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា សមាជិកបក្សពុំទាន់គ្រប់គ្រងទិន្នន័យពីលទ្ធផលបានអស់នៅឡើយទេ។  
 
«យើងរង់ចាំការដោះស្រាយពាក្យបណ្ដឹងទាំងអស់នោះ ហើយក្រៅពីនេះ យើងមិនទាន់មានលទ្ធផលផ្លូវការនៅឡើយ។ ដូច្នេះ មានហាក់បីដូចជាលឿនពេក ថាតើទទួលយកលទ្ធផលដែល គ.ជ.ប ប្រកាសបឋម ឬមិនទទួលយក។ អ្វីដែលសំខាន់ គឺចង់ឱ្យមានដំណោះស្រាយលើបណ្ដឹង ដែលភ្នាក់ងារយើងបានដាក់»។ នេះជាការលើកឡើងរបស់លោក គង់ ម៉ូនីកា ។
 
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា។ 

លោក មុនីកា ក៏បង្ហាញពីលទ្ធផលបឋម ដែលបក្សខ្លួនពិនិត្យឃើញថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ទទួលបាន៤៥ទៅ៥០អាសនៈ។ ចំណែក លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ប្រមាណ៣០០អាសនៈ។ យ៉ាងណាក៏ដោយ លោកអះអាងថា តួលេខទាំងនេះ គឺក្រៅផ្លូវការនៅឡើយ គឺរងចាំការពិនិត្យផ្ទៀងផ្ទាត់បន្ថែម។
 
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត
 
បន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជាមានសំឡេគាំទ្រ ៤៥១, គណបក្សឆន្ទៈខ្មែរ៦៩, គណបក្សកម្លាំងជាតិ៧, គណបក្សខ្មែររួបរួមជាតិ៥។ 
 
បាត់ដំបង៖ គណបក្សកម្លាំងជាតិ១១, គណបក្សប្រជាជនកម្ពុជា៧១១, គណបក្សឆន្ទៈខ្មែរ១០០។ 
 
កំពង់ចាម៖ គណបក្សកម្លាំងជាតិ៤, គណបក្សខ្មែររួបរួមជាតិ១, គណបក្សឆន្ទៈខ្មែរ១១៤, គណបក្សប្រជាជនកម្ពុជា៦៨៧។ 
 
កំពង់ឆ្នាំង៖ គណបក្សប្រជាជនកម្ពុជា៣៦៧, គណបក្សកម្លាំងជាតិ១៤, គណបក្សឆន្ទៈខ្មែរ៤៦។ 
 
កំពង់ស្ពឺ៖ គណបក្សឆន្ទៈខ្មែរ៧២, គណបក្សប្រជាជនកម្ពុជា៥៤១។ 
កំពង់ធំ៖ គណបក្សប្រជាជនកម្ពុជា៤៥២, គណបក្សកម្លាំងជាតិ៦៨, គណបក្សហ្វ៊ុនស៊ិនប៉ិច៦, គណបក្សខ្មែររួបរួមជាតិ៤, គណបក្សឆន្ទៈខ្មែរ៥៥។ 
 
កំពត៖ គណបក្សប្រជាជនកម្ពុជា៤៩៤, គណបក្សកម្លាំងជាតិ៣, គណបក្សឆន្ទៈខ្មែរ៦១, គណបក្សហ្វ៊ុនស៊ិនប៉ិច១។ 
 
កណ្ដាល៖ គណបក្សឆន្ទៈខ្មែរ១២១, គណបក្សប្រជាជនកម្ពុជា៧៦១, គណបក្សហ្វ៊ុនស៊ិនប៉ិច១, គណបក្សកម្លាំងជាតិ៣២។ 
 
កោះកុង៖ គណបក្សប្រជាជនកម្ពុជា១៤៧, គណបក្សឆន្ទៈខ្មែរ២០។ 
 
ក្រចេះ៖ គណបក្សឆន្ទៈខ្មែរ៤៧, គណបក្សខ្មែររួបរួមជាតិ១, គណបក្សហ្វ៊ុនស៊ិនប៉ិច១, គណបក្សប្រជាជនកម្ពុជា២៥០។ 
 
មណ្ឌលគិរី៖ គណបក្សប្រជាជនកម្ពុជា១០៧។ 
 
ភ្នំពេញ៖ គណបក្សឆន្ទៈខ្មែរ៨០, គណបក្សកម្លាំងជាតិ១, គណបក្សប្រជាជនកម្ពុជា៨១៣។ 
 
ព្រះវិហារ៖ គណបក្សប្រជាជនកម្ពុជា២៧១, គណបក្សកម្លាំងជាតិ១៧, គណបក្សឆន្ទៈខ្មែរ៤២។ 
 
ព្រៃវែង៖ គណបក្សឆន្ទៈខ្មែរ១៤០, គណបក្សប្រជាជនកម្ពុជា៧៣៧, គណបក្សខ្មែររួបរួមជាតិ១, គណបក្សហ្វ៊ុនស៊ិនប៉ិច១, គណបក្សកម្លាំងជាតិ៦។ 
 
ពោធិ៍សាត់៖ គណបក្សឆន្ទៈខ្មែរ១, គណបក្សកម្លាំងជាតិ១, គណបក្សប្រជាជនកម្ពុជា៣៣៧។ 
រតនគិរី៖ គណបក្សប្រជាជនកម្ពុជា២៣៩, គណបក្សឆន្ទៈខ្មែរ១៩។ 
 
សៀមរាប៖ គណបក្សប្រជាជនកម្ពុជា៥៤១, គណបក្សឆន្ទៈខ្មែរ៣៥, គណបក្សខ្មែររួបរួមជាតិ១, គណបក្សកម្លាំងជាតិ៩០។ 
 
ព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជា១៧១, គណបក្សឆន្ទៈខ្មែរ៦។ 
ស្ទឹងត្រែង៖ គណបក្សឆន្ទៈខ្មែរ១៥, គណបក្សប្រជាជនកម្ពុជា១៦១។ 
 
តាកែវ៖ គណបក្សឆន្ទៈខ្មែរ៨២, គណបក្សប្រជាជនកម្ពុជា៦៤៧។ 
 
ស្វាយរៀង៖ គណបក្សឆន្ទៈខ្មែរ៦២, គណបក្សកម្លាំងជាតិ២០, គណបក្សប្រជាជនកម្ពុជា៤៣៣, គណបក្សខ្មែររួបរួមជាតិ១។ 
 
កែប៖ គណបក្សប្រជាជនកម្ពុជា៣០, គណបក្សកម្លាំងជាតិ១។ 
 
ប៉ៃលិន៖ គណបក្សប្រជាជនកម្ពុជា៤៧។ 
 
ឧត្តរមានជ័យ៖ គណបក្សប្រជាជនកម្ពុជា១៤៧, គណបក្សឆន្ទៈខ្មែរ៥។ 
 
ត្បូងឃ្មុំ៖ គណបក្សឆន្ទៈខ្មែរ៩០, គណបក្សកម្លាំងជាតិ១, គណបក្សប្រជាជនកម្ពុជា៤៤៣៕

Tag:
 ក្រុមប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com