កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich តែងតាំង Kompany ជាអ្នកចាត់ការថ្មី
30, May 2024 , 11:59 am        
រូបភាព
Bayern Munich តែងតាំងលោក Vincent Kompany ជាអ្នកចាត់ការថ្មីរបស់ខ្លួន ដោយចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ពោលដល់ ខែមិថុនា ឆ្នាំ ២០២៧។ Kompany ដែលត្រូវជំនួសលោក Thomas Tuchel ទើបចែកផ្លូវពី Burnley បន្ទាប់ពីដឹកនាំក្រុមធ្លាក់ពី Premier League ទៅ Championship។



នាយកប្រតិបត្តិក្លិប Bayern Munich លោក Jan-Christian Dreesen បានបង្ហាញការពេញចិត្តពំពោះ Kompany និងចាត់ទុកអ្នកចាត់ការសញ្ជាតិបែលហ្ស៊ិក វ័យ៣៨ឆ្នាំ រូបនេះស័ក្តិសមចំពោះតំណែងមួយនេះ។
 
«យើងទាំងអស់គ្នានៅក្នុងក្លិបមើលឃើញថា Vincent Kompany ជាគ្រូបង្វឹកដ៏ត្រឹមត្រូវសម្រាប់ FC Bayern ហើយពួកយើងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការធ្វើការជាមួយគាត់»។ នេះជាការលើកឡើងរបស់លោក Dreesen។
 
ក្រុមយក្សអាល្លឺម៉ង់ អំឡុងក្រោមការដឹកនាំរបស់លោក Tuchel មិនទទួលបានពានអ្វីសោះនៅរដូវកាលមុន ដែលជាកំណត់ត្រាអាក្រក់បំផុតមិនធ្លាប់មាន។ Bayern ដែលគ្រងជើងឯក Bundesliga ១១រដូវកាលជាប់គ្នា បានបញ្ចប់ចំណាត់ថ្នាក់លេខ៣ ដោយ VfB Stuttgart នៅចំណាត់ថ្នាក់លេខ២ និង Bayer Leverkusen ជាជើងឯក។



ការមកដល់របស់ Kompany ជាការបញ្ចប់ការស្វែងរកអ្នកស្នងតំណែង Tuchel ដែលប្រើពេលជាច្រើនខែ ដោយបេក្ខជនសក្តានុពលជាច្រើនរូបដែលស្ថិតក្រោមការចង់បានរបស់ Bayern Munich បានសម្រេចចិត្តបន្តដឹកនាំក្រុមពួកគេដដែល។
 
បេក្ខភាពជាច្រើនសម្រាប់តួនាទីអ្នកចាត់ការ Bayern ដែលនៅទំនេរ រួមមាន Xabi Alonso គ្រូ Leverkusen អតីតគ្រូបង្វឹក Julian Nagelsmann ដែលដឹកនាំអាល្លឺម៉ង់សព្វថ្ងៃ និងគ្រូបង្វឹកក្រុមអូទ្រីស លោក Ralf Rangnick ជាដើម មុនតែងតាំង Kompany អតីតខ្សែការពារឆ្នើម Manchester City និងជម្រើសជាតិបែលហ្ស៊ិក។
 
ដោយឡែក Burnley នៅតែបង្ហាញការគោរពលើការសម្រេចចិត្តចាកចេញរបស់ Kompany ក្នុងការស្វែងរកឱកាសថ្មី ស្របពេល Bayern Munich ក៏ជាក្លិបកំពូល និងមានកិត្យានុភាពបំផុតមួយចំណោមក្លិបនៅលីគកំពូលទាំង៥នៅអឺរ៉ុប។
 
«យើងយល់ពីភាពទាក់ទាញ និងឥទ្ធិពលរបស់ Bayern Munich។ យើង ក៏គោរពនូវមហិច្ឆតារបស់ Kompany ក្នុងការស្វែងរកបទពិសោធន៍ថ្មីៗនៅអាជីពដឹកនាំរបស់គាត់»។ ក្លិប Burnley អះអាងក្នុងសេចក្តីថ្លែងការរបស់ខ្លួន ក្រោយចែកផ្លូវជាមួយ Kompany៕

Tag:
 Bayern Munich
  Vincent Kompany
© រក្សាសិទ្ធិដោយ thmeythmey.com