កីឡាអន្តរជាតិ
អន្តរជាតិ
លោក Flick សន្យាជួយ Barca ឈ្នះពានច្រើន ដូចកាលដឹកនាំ Bayern
30, May 2024 , 6:29 pm        
រូបភាព
ក្រុម Barcelona បានប្រកាសតែងតាំងលោក Hansi Flick ជាអ្នកចាត់ការក្រុមថ្មី ជំនួសលោក Xavi Hernandez។ អតីតគ្រូបង្វឹកក្រុម Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយក្លិបយក្សអេស្ប៉ាញ ដោយគិតចាប់ពីរដូវកាលក្រោយទៅ។



លោក Flick វ័យ ៥៩ឆ្នាំ នឹងត្រូវចូលជំនួសតំណែងលោក Xavi Hernandez ដែលបានដឹកនាំ Barca ចុងក្រោយយកឈ្នះលើក្រុម Sevilla ក្នុងលទ្ធផលឈ្នះ ២-១ មុនពេលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។ 
 
មកដល់ក្លិប Barcelona ភ្លាម លោកអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញអារម្មណ៍រីករាយខ្លាំង និងបានសរសើរដល់ក្លិបថា ជាក្លិបដ៏អស្ចារ្យ នឹងជោគជ័យមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Flick ប្តេជ្ញាថានឹងជួយក្លិបយក្សអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ជាច្រើន ឱ្យដូចកាលដែលលោកធ្លាប់បានដឹកនាំក្រុម Bayern Munich អ៊ីចឹងដែរ។
 
លោក Flick បាននិយាយក្នុងសន្និសីទកាសែតលើកដំបូងក្នុងនាមជាអ្នកចាត់ការក្រុម Barca៖«វាពិតជាកិត្តិយសដ៏ធំរបស់ខ្ញុំដែលបានចុះកិច្ចសន្យាជាមួយនឹងក្លិបដ៏អស្ចារ្យមួយ។ ពេលវេលាដែលខ្ញុំបានមកដល់ទីនេះ Barcelona គឺពិតជារឿងដ៏ពិសេសនិងអស្ចារ្យបំផុត គ្រប់គ្នាស្រលាញ់ក្លិបមួយនេះ ហើយពួកគេតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជោគជ័យ។[…]»។
 
បុរសវ័យ ៥៩ឆ្នាំ មិនមានការងារដឹកនាំក្រុមណាមួយឡើយ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ។ លោក Flick កាលនៅក្លិប Bayern Munich លោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ UEFA Champions league ដែលជាផ្នែកមួយនៃពានរង្វាន់ ៣ របស់ក្លិបយក្សអាល្លឺម៉ង់ អំឡុងឆ្នាំ ២០២០ មុនពេលលោកទៅដឹកនាំជម្រើសជាតិអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២១។
 
លោក Flick មានឱកាសមកដឹកនាំក្រុម Barca ដោយមានដំណឹងតាំងពីខែមេសា មកម្ល៉េះ នៅពេលដែលលោក Xavi ត្រូវបានដឹងថាអាចនឹងមិនបន្តកិច្ចសន្យា ក្រោយពេលការប្រកាសចុះចេញពីតំណែង។ ដំបូងឡើយលោក Xavi បានទៅជួបលោក Joan Laporta ប្រធានក្លិបកាលពីខែមេសា ជជែកពីលទ្ធភាពបន្តដឹកនាំក្រុម ក្រោយពេលការប្រកាសចាកចេញពីតំណែង ព្រោះតែបញ្ហាជម្លោះជាមួយនឹងកីឡាករ និងក្រុមធ្លាក់ទម្រង់លេង។​
 
យ៉ាងណា បន្ទាប់ពីមានដំណឹងល្អមិនបានប៉ុន្មាន លោក Xavi នៅតែត្រូវបានក្លិបសម្រេចបញ្ចប់តំណែងដដែល​ មុនពេលដែលកិច្ចសន្យាត្រូវផុតកំណត់ត្រាត្រឹមរយៈពេល ២សប្តាហ៍ តែប៉ុណ្ណោះ។
 
លោក Xavi បានចូលមកជំនួសតំណែងលោក Ronald Koeman កាលពីឆ្នាំ ២០២២ ដោយបានជួយក្រុម Barcelona ឈ្នះពានរង្វាន់ La Liga នៅក្នុងការដឹកនាំរដូវកាលដំបូងរបស់លោក។

មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានជួយក្រុមឈ្នះពាន Spanish Super Cup ប៉ុន្តែរដូវកាល ២០២៣-២៤ ក្លិបមិនឈ្នះពានអ្វីទាល់តែសោះ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំស្វែងរកជម្រើសថ្មី៕

Tag:
 Barcelona
  Hansi Flick
  Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com