កីឡាអន្តរជាតិ
អន្តរជាតិ
Cavani ចូលនិវត្តន៍ពីជម្រើសជាតិអ៊ុយរូហ្កាយ មុនព្រឹត្តិការណ៍ Copa America
31, May 2024 , 2:43 pm        
រូបភាព
កីឡាករ Edinson Cavani របស់ក្រុម Boca Juniors បានប្រកាសចូលនិវត្តន៍ពីបេសកកម្មប្រកួតប្រជែងឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្កាយ នាថ្ងៃទី៣០ ខែឧសភា។ ការប្រកាសចូលនិវត្តន៍របស់អតីតខ្សែប្រយុទ្ធក្រុម Paris Saint Germain និង Manchester United ធ្វើឡើងមុនពេលព្រឹត្តិការណ៍ Copa America។



Cavani វ័យ ៣៧ឆ្នាំ ជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេលំដាប់ទី២ នៅក្នុងក្រុមជម្រើសជាតិ ចំនួន ១៣៦គ្រាប់ ខណៈខ្សែប្រយុទ្ធ Luis Suarez រកបាន ១៩៤គ្រាប់ ឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្កាយ។ អតីតខ្សែប្រយុទ្ធក្រុម Manchester United បានបង្ហាញខ្លួនលេងឱ្យជម្រើសជាតិលើកដំបូង ក្នុងខែកុម្ភៈ ឆ្នាំ ២០០៨ ដែលកាលនោះអ៊ុយរូហ្កាយប្រកួតស្មើ ២-២ ទល់នឹងកូឡុំប៊ី ក្នុងជំនួបមិត្តភាព។
 
Cavani ធ្លាប់បានជួយក្រុមជម្រើសជាតិអ៊ុយរូហ្កាយឈ្នះពានរង្វាន់ Copa America ក្នុងឆ្នាំ ២០១១ ប៉ុន្តែយ៉ាងណាសម្រាប់ការប្រកួតពានរង្វាន់ Copa America ឆ្នាំ ២០២៤ រូបគេនឹងគ្មានវត្តមានទៀតឡើយ។ ព្រឹត្តិការណ៍ Copa America 2024 លើកទី៤៨ នឹងធ្វើឡើងក្នុងប្រទេសអាមេរិក ពីថ្ងៃទី២០ ខែមិថុនា រហូតដល់ទី​១៤ ខែកក្កដា ឆ្នាំ២០២៤។
 
សម្រាប់ការប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ Cavani បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram ដូច្នេះថា៖«ពួកគេពិតជាមានតម្លៃជាច្រើនឆ្នាំ ខ្ញុំនឹងមានរឿងមួយពាន់ដែលត្រូវនិយាយប្រាប់ និងការចងចាំ ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់លះបង់ខ្លួនឯងទៅកាន់ដំណាក់កាលថ្មីនៃអាជីពរបស់ខ្ញុំ ហើយផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ ថ្ងៃនេះខ្ញុំសម្រេចចិត្តចុះចេញពីតំណែងក្នុងក្រុមជម្រើសជាតិ ប៉ុន្តែខ្ញុំនឹងតែងតែតាមដានអ្នក ជាមួយនឹងការស្រលាញ់ជានិច្ច ដូចពេលដែលខ្ញុំធ្លាប់បានទៅកាន់ទីលាន ហើយពាក់អាវក្រុមដ៏ស្រស់ស្អាតមួយនេះ។»។
 
សមិទ្ធផលដទៃទៀតរបស់ Cavani នៅតាមក្លិប រូបគេបានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៦ និងពានរង្វាន់ French Cup ចំនួន ៥ ជាមួយនឹងក្រុម Paris Saint Germain ចន្លោះពីឆ្នាំ ២០១៤ ដល់ ២០២០។ កីឡាករវ័យ ៣៧ឆ្នាំ រកបានគ្រាប់បាល់ចំនួន ២០០គ្រាប់ រាល់ការប្រកួតសម្រាប់ក្រុម PSG។ 
 
Cavani ក៏ធ្លាប់បានជួយក្រុម Napoli ឈ្នះពានរង្វាន់ Coppa Italia រដូវកាល ២០១១-១២។ បន្ទាប់ពីចាកចេញពី PSG ក្នុងឆ្នាំ ២០២០ Cavani បានទៅលេងឱ្យក្រុម Man Utd ១រដូវកាល មុនពេលផ្លាស់ទៅក្លិប Valencia របស់អេស្ប៉ាញ ហើយចុងក្រោយស្ថិតនៅក្លិប Boca Junior របស់ប្រទេសអាហ្សង់ទីន៕

Tag:
 Edinson Cavani
  អ៊ុយរូហ្កាយ
© រក្សាសិទ្ធិដោយ thmeythmey.com