ជាតិ
៥ខែគ្រឹះស្ថានអង្គរ រកចំណូលបានជាង ២២លានដុល្លារពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរ
02, Jun 2024 , 10:40 am        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ២២លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះ កើនឡើង៣៨,២២ភាគរយ បើធៀបនឹងឆ្នាំ២០២៣។


 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ក្នុងខែឧសភា មានភ្ញៀវទេសចរចំនួន ៥០ ៨៧៩នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនចំនួន ១១,១៩ភាគរយ ធៀបនឹងខែឧសភាឆ្នាំ២០២៣។ ចំនួនភ្ញៀវជាង ៥ម៉ឺននាក់នេះ ផ្ដល់ចំណូលដល់គ្រឹះស្ថានអង្គរចំនួន ២ ២៨៩ ៣៥៨ដុល្លារផងដែរ។ 
 
ដោយឡែកក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៤វិញ គ្រឹះស្ថានអង្គរ បានលក់ប័ណ្ណដល់ទេសចរចំនួន ៤៧២ ២៥៨នាក់ ដែលស្មើនឹង ២២ ២០៦ ៨៩១ដុល្លារ។ គ្រឹះស្ថានអង្គរ បញ្ជាក់ថា ចំណូលក្នុងរយៈពេល៥ខែនេះ កើនឡើង៣៨,២២ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
 
រីឯការលក់ប័ណ្ណនៅប្រាសាទកោះកែរ ក្នុងរយៈពេល ៥ខែនេះ ទទួលបានចំណូល ១៥១ ៩០៥ដុល្លារ ពីទេសចរចំនួន ១០ ១២៧នាក់។ ចំណែកចំណូលពីការលក់សំបុត្រទូក ក្នុងរយៈពេល៥ខែដូចគ្នានេះ ទទួលបានចំណូលសរុប ៤០០ ៣០២ដុល្លារ។
 
សូមបញ្ជាក់ថា ចំណូលជាង ២២លានដុល្លារដែលគ្រឹះស្ថានអង្គរទទួលបានរយៈពេល ៥ខែនេះ ត្រូវបានបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៩៤៤ ៥១៦ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយថ្ងៃទី១ មិថុនា៕

Tag:
 ទេសចរណ៍
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com