ជាតិ
តន្រ្តីជនមានពិការភាព ប្រគំរណ្តំកំដរភ្ញៀវដែលដើរទស្សនាប្រាសាទបន្ទាយស្រី
03, Jun 2024 , 9:39 am        
រូបភាព
ក្រុមតន្រ្តីជនពិការដោយសារគ្រាប់មីននៅប្រាសាទបន្ទាយស្រី។
ក្រុមតន្រ្តីជនពិការដោយសារគ្រាប់មីននៅប្រាសាទបន្ទាយស្រី។
សៀមរាប៖ ក្រុមតន្រ្តីជនពិការ និងអ្នកខ្សត់កម្លាំងជាង១០នាក់ បានរួមគ្នាប្រគំបទភ្លេងខ្មែរចម្រុះឱ្យភ្ញៀវទេសចរស្ដាប់កម្សាន្តនៅបរិវេណប្រាសាទបន្ទាយស្រី ដើម្បីបានថវិកាខ្លះៗ ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

 
នៅពេលកំពុងជក់ចិត្តទស្សនារូបចម្លាក់ និងក្បួរក្បាច់ដ៏ល្អឯកនៃថ្មភក់ពណ៌ផ្កាឈូក នាប្រាសាទបន្ទាយស្រី គេក៏បានឮសំឡេងវង់តន្រ្តីខ្មែរចេញពីខាងក្រោយប្រាសាទនេះដែរ។ ដើរចេញតាមច្រកខាងក្រោយនៃទិសខាងលិចបន្ដិច នោះគេនឹងឃើញរោងក្រុមតន្រ្តីជនពិការមួយក្រុម កំពុងប្រគំមួយៗនៅក្រោមដើមឈើតូចធំ និងមានម្លប់ត្រឈឹងត្រឈៃ។ 
 
ពេលទៅដល់ យើងអាចឃើញបុរសជនពិការទាំងនោះ មានភាពប៉ិនប្រសព្វក្នុងការលេងឧបករណ៍ភ្លេងមួយៗ ដូចជារនាត ឃឹម ស្គរ តាខេ ឈឹង ទ្រសោ ទ្រឆេ ជាដើម។ល។ នៅទីនោះ លោក ផុន សារឿន ជាប្រធានក្រុមបានប្រាប់ថា ក្រុមលោកមានឈ្មោះជាផ្លូវការ «ក្រុមតន្រ្តីពិការរងគ្រោះដោយសារគ្រាប់មីន»។ បុរសវ័យ៦២ឆ្នាំ និងពិការជើងរូបនេះប្រាប់ថា វង់តន្រ្តីមួយនេះបង្កើតឡើងកំឡុងឆ្នាំ១៩៩៩មកម្ល៉េះ។ 
 
ដើមឡើយ លោក សារឿន ត្រូវបានអង្គការមេត្តា ករុណា បណ្ដុះបណ្ដាលឱ្យលេងភ្លេង ក្រោយធ្លាក់ខ្លួនពិការតាំងពីឆ្នាំ១៩៨១ ដោយសារសង្រ្គាមស៊ីវិលនិងមិនមានរបរច្បាស់លាស់សម្រាប់ចិញ្ចឹមខ្លួនឯង និងគ្រួសារ។ ក្រោយចេះលេងភ្លេងបានខ្លះៗ លោក សារឿន និងជនពិការផ្សេងទៀត ត្រូវបានរៀបចំឱ្យមកលេងភ្លេង នៅប្រាសាទបន្ទាយស្រី និងពឹងលើការអាណិតស្រឡាញ់ ការបរិច្ចាគថវិកាបន្ដិចបន្ដួចពីភ្ញៀវទេសចរ ដែលឆ្លងកាត់។ 
 
ក្នុងមួយថ្ងៃបុរសរូបនេះប្រាប់ថា អាចលេងភ្លេងចម្រុះពី៥០ទៅ៦០បទឯណោះ បទខ្លះលេងដដែលៗវិលជុំ ដោយមិននឿយណាយឡើយ ដើម្បីបំពេរអារម្មណ៍ទេសចរជិតឆ្ងាយ។ ទេសចរខ្លះដោយបានការណែនាំ ពីមគ្គុទ្ទេសក៍ បានចូលមើលការប្រគំតន្រ្តីបុរាណមួយនេះ និងបរិច្ចាគថវិកាខ្លះផង។ លោក សារឿន ប្រាប់ថា សមាជិកទាំងអស់ដែលសុទ្ធសឹងតែចាស់ៗពឹងចំណូលទាំងស្រុងលើអាជីពមួយនេះ។ លោកបន្ថែមថា៖« តាំងពីដេកពេទ្យ ទិញអង្ករ សំលៀកបំពាក់ពឹងលើការងារនេះទាំងអស់ កូនចៅរៀនសូត្រអីហ្នឹង»។


លោក ឈុំ រស់ កំពុងលេងឧបករណ៍តាខេ។ 
 
ចំណែកលោក ឈុំ រស់ កាន់ឧបករណ៍តាខេនៅជួរខាងមុខ ប្រាប់ថា ក្រៅពីបទភ្លេងខ្មែរ ក្រុមរបស់លោកក៏អាចលេងបទភ្លេងបរទេសបានខ្លះៗដែរ។ បទទាំងនោះមានទាំងភ្លេងអឺរ៉ុប កូរ៉េ ចិន ថៃ និងវៀតណាមជាដើម ដែលក្រុមលោកចេះតពីគ្នាគ្រាន់ប្រគំជាការកម្សាន្ត និងឱ្យភ្ញៀវមានអារម្មណ៍រីករាយ។ បុរសវ័យ៧៣ឆ្នាំ និងពូកែលេងសំដីរូបនេះបន្ថែមថា៖« នៅទីនេះយើងមិនគិតថាជាបទបុរាណ ភ្លេងការ មហោរី ប្រជាប្រិយអីទេ ហើយយើងក៏មិនប្រកាន់តែខាងជនជាតិណាទេ ឱ្យតែភ្ញៀវគាត់សប្បាយ និងបានថវិកា យើងលេងទាំងអស់»។ 
 
មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ឈុំ រស់ ចេះលេងតាខេនៅអាយុ១៨ឆ្នាំមកម្ល៉េះ ជារួមលោកចេះលេងឧបករណ៍ភ្លេងបុរាណនេះចូល៥០ឆ្នាំហើយ។ ក្រៅពីលេង លោក ឈុំ រស់ ក៏ចេះជួសជុលឧបករណ៍ភ្លេងខ្មែរផងដែរ។ រីឯតាខេ ដែលលោកកំពុងលេងសព្វថ្ងៃ ធ្វើពីដើមខ្នុរ បាននៅជាមួយលោកចូល៤០ឆ្នាំហើយដែរ។ លោក ឈុំ រស់ បានចូលក្នុងវង់តន្រ្តីជនពិការនៅប្រាសាទបន្ទាយស្រីចូល២០ឆ្នាំហើយ។ 
 
រៀងរាល់ថ្ងៃ ក្រុមតន្រ្តីដែលមានសមាជិក១២នាក់ វេចម្ហូបអាហារពីផ្ទះ និងលេងភ្លេងរហូតរសៀល ម៉ោង៤ទៅម៉ោង៥ ទើបត្រឡប់ទៅផ្ទះវិញ។ ទោះបីពួកគេប្រគំបទភ្លេងដដែលៗរយៈពេលច្រើនឆ្នាំទៅហើយក្ដី ក៏វានៅតែពីរោះរណ្តំក្នុងចិត្តអ្នកលេងភ្លេងទាំងអស់គ្នា។ ពេលប្រគំបានស្ដាប់ទាំងខ្លួនឯង អ្នកដទៃ និងអភិវឌ្ឍន៍ជំនាញកាន់តែប្រសើរឡើង៕

Tag:
 តន្រ្តីជនពិការ
  ប្រាសាទបន្ទាយស្រី
  ភ្លេងខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com