ជាតិ
Mbappe ទទួលបាន១៦២លានដុល្លារ ពីការចុះកិច្ចសន្យាឱ្យ Real Madrid រយៈពេល៥ឆ្នាំ
03, Jun 2024 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
Kylian Mbappe បានចុះកិច្ចសន្យាមួយជាមួយនឹងក្រុម Real Madrid រួចរាល់ហើយ ដោយផ្លាស់ទៅក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ បានផុតកំណត់ជាមួយនឹងក្រុម Paris Saint Germain កាលពីថ្ងៃទី៣០ ខែឧសភា។



ខ្សែប្រយុទ្ធសញ្ជាតិបារាំង កន្លងមកធ្លាប់បានគេប្រទះឃើញថាបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ឆ្លៀងតឱកាសទៅកាន់កីឡដ្ឋាន Santiago Bernabeu កាលពីខែកុម្ភៈ ពេលនោះហើយដែលគេដឹងថាខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ បានយល់ព្រមក្នុងការផ្ទេរទៅលេងនៅ Real Madrid។ នៅក្នុងខែឧសភា Mbappe បានប្រកាសចាកចេញពីក្លិប នៅចុងបញ្ចប់រដូវកាល។
 
ពេលនេះ Mbappe បានចុះកិច្ចសន្យាជាមួយនឹងក្លិបយក្សអេស្ប៉ាញ Real Madrid ដែលទើបឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២៣-២៤។ កីឡាករសញ្ជាតិបារាំងនឹងត្រូវបានគេដឹងថាធ្វើដំណើរទៅកាន់ទឹកដីអេស្ប៉ាញ នៅពេលដែលទីផ្សារដោះដូរកីឡាកររបស់ក្របខណ្ឌ La Liga បានបើកនៅថ្ងៃទី១ ខែកក្កដា។
 
កិច្ចសន្យាដែល Mbappe ទទួលបាន គឺលេងឱ្យក្រុមម្ចាស់ជើងឯក ១៥សម័យ UCL រហូតដល់ឆ្នាំ ២០២៩ ដោយរូបគេនឹងរកប្រាក់ចំនួន ១៥លានអឺរ៉ូ (១៦,២លានដុល្លារ) ក្នុងមួយរដូវកាល។ Mbappe ក៏ទទួលបានប្រាក់បូកបន្ថែមប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំពោះការចុះកិច្ចសន្យា ចំនួន ១៥០លានអឺរ៉ូ (១៦២លានដុល្លារ) ដែលត្រូវបង់ទៅកាន់រូបគេអំឡុងរយៈពេល ៥ឆ្នាំ។
 
ក្លិប Real Madrid ត្រូវបានគេរំពឹងថា នឹងប្រកាសពីកិច្ចព្រមព្រៀងរវាង Mbappe នៅសប្តាហ៍ក្រោយ ហើយក៏នឹងធ្វើពិធីបង្ហាញខ្សែប្រយុទ្ធ Mbappe ក្នុងកីឡដ្ឋាន Bernabeu មុនពេលការប្រកួតពានរង្វាន់ UEFA Euro 2024 មកដល់។​ 
 
ការចាកចេញពីក្រុម PSG ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ បានបន្សល់កំណត់ត្រានៅក្លិប PSG ជាច្រើនទាំងការឈ្នះពាន ក៏ដូចជាឈរក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ២៥៦គ្រាប់ ចាប់តាំងពីរូបគេបានចូលរួមក្រុម តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ 
 
Mbappe អាចនឹងត្រូវបានគេឃើញ ថានឹងលេងជាមួយនឹង ដៃគូប្រជែងចាស់នៅព្រឹត្តិការណ៍ World Cup គឺ Luka Modric ស្ថិតក្នុងក្លិប Real Madrid តែមួយ ខណៈខ្សែបម្រើសញ្ជាតិក្រូអាស៊ី ទើបប្រកាសថានឹងបន្តស្នាក់នៅថែមទៀតរដូវកាលក្រោយ៕

Tag:
 Real Madrid
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com