ជាតិ
រោងចក្រ​ច្នៃគ្រាប់និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ធនៈ តម្លៃជាង១លានដុល្លារ ត្រូវបានបើកដំណើរការ
04, Jun 2024 , 9:09 pm        
រូបភាព
ពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុន MIRATH GREEN TECH នៅខេត្តកំពង់ធំ។ រូបភាព៖ ក្រសួងកសិកម្ម
ពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុន MIRATH GREEN TECH នៅខេត្តកំពង់ធំ។ រូបភាព៖ ក្រសួងកសិកម្ម
រោងចក្រកែច្នៃគ្រាប់ និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH ត្រូវបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការហើយ នាថ្ងៃទី៤ ខែ​មិថុនា នៅខេត្តកំពង់ធំ។ រោងចក្រ កែច្នៃខ្នាតតូចនេះ ​ប្រើប្រាស់ទុនជាង១លានដុល្លារ ​និងមានសមត្ថភាពកែច្នៃស្វាយចន្ទី ១,៥០០​ តោន នៅក្នុងឆ្នាំដំបូង និងប្រមាណ​ ៣០០០តោននៅឆ្នាំបន្តបន្ទាប់។



​លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សមិទ្ធផលនេះកើតចេញពីការគាំទ្ររប​ស់ស្ថាប័នរដ្ឋ វិស័យឯកជន និងជំនួយ​បច្ចេកទេស​ពីក្រុមហ៊ុន TOP Planning Japan និងJICA។ ខណៈការកែច្នៃក្នុងស្រុកនៅមានកម្រិត ការ​ទទួលបានរោងចក្រថ្មីនេះ នឹងជួយបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ។​ 
 
សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការនាំចេញគ្រាប់​ស្វាយ​ចន្ទី ទៅវៀត​ណាមឱ្យបាន៧០ភាគរយ ក្នុងទិសដៅបង្កើនការកែច្នៃក្នុងស្រុក​។ បច្ចុប្បន្ន កម្ពុជា​នាំ​ចេញ​គ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី៧០ទៅ៨០ម៉ឺនតោន ក្នុងមួយឆ្នាំ ដោយ​ទទួលបានតម្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូក្រាម ដែលមានទំហំ​ទឹក​ប្រាក់​​​​ប្រហែល ​១ពាន់លានដុល្លារ។ ក្នុងចំនួននេះ ប្រសិនបើកម្ពុជាមានលទ្ធភាពកែច្នៃ ហើយនាំចេញដោយខ្លួនឯង វិស័យមួយនេះ​ នឹងមាន​សក្តានុពល​ខ្លាំងជាងមុន ដោយនាំ​មក​​នូវតម្លៃបន្ថែមរហូត៣ទៅ៤ដង។    
 
បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កម្ពុជាត្រូវការរោងចក្រកែច្នៃ ខ្នាតមធ្យមយ៉ាងតិច៣៥ កន្លែង ដើម្បីសម្រេចបាន​មហិច្ឆតាកាត់បន្ថយការនាំចេញ។ បច្ចុប្បន្ន កម្ពុជាមានរោងចក្រ៤៥កន្លែង ប៉ុន្តែក្នុងនោះមានសហគ្រាសមធ្យម​តែ៦កន្លែង​ប៉ុណ្ណោះ។ 
 
រដ្ឋាភិបាលបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧» ក្នុងគោលដៅកែច្នៃ និងពង្រីកការនាំចេញ ដើម្បីក្លាយជាប្រទេសផលិតស្វាយចន្ទីច្រើន​ជាងគេ​នៅលើពិភពលោក។ បន្ថែមពីលើនេះ រដ្ឋាភិបាលក៏បានបង្កើតច្បាប់វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដើម្បីជំរុញការវិនិយោគ និងបង្កើនការប្រកួត​ប្រជែង​ផងដែរ។
 
បើតាម លោក តូច ប៊ុនហួរ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោល​នយោបាយអាទិភាពទី៥ និងទី៦ ក្នុងការបន្តជំរុញអភិវឌ្ឍស្វាយចន្ទី និងវិស័យកសិកម្ម ដោយការចាប់ផ្តើមកែច្នៃនាំចេញ​ពីផលិតផលពាក់​កណ្តាល​សម្រេច ការបន្តពង្រឹងធ្វើម៉ាក​និងទីផ្សារ ការជំរុញចងក្រង និងបង្កើតសហគមន៍​ស្វាយ​ចន្ទី ការពិនិត្យលទ្ធភាពបង្កើន​ទុន​បង្វិលសម្រាប់ប្រមូល ស្តុក និងកែច្នៃគ្រាប់ស្វាយ​ចន្ទី។
 
​វិធានការ​របស់រដ្ឋាភិបាលមួយទៀត​ គឺដោះស្រាយបញ្ហាប្រឈមសម្រាប់ការវិនិយោគ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុគ្រោះផងដែរ។ បច្ចុប្បន្ន មានធនាគារ ARDB  WING និងដៃគូដទៃទៀត ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់គាំទ្រដល់​ខ្សែ​ច្រវាក់​ផលិតកម្មស្វាយចន្ទី ជាពិសេសការកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំ​ចេញ។
 
កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន​ ៧១៦ ០០០តោន ចាប់ពីខែមករាដល់ឧសភា ក្នុង​នោះ ​បរិមាណគ្រាប់ស្វាយចន្ទីចំនួន ៦៦៧ ០០០ តោន​ត្រូវបាននាំចេញទៅប្រទេស​វៀតណាម។

ទំហំនាំចេញ គិតជាទឹកប្រាក់ ស្មើនឹងប្រមាណ ៨៥១លានដុល្លារ ខណៈ​បរិមាណ​នាំចេញកើនឡើងប្រមាណ ៣៨ភាគរយ ធៀបនឹងរយៈ​ពេលដូចគ្នា​ឆ្នាំ​២០២៣ ដែលមានត្រឹម ៤៨៣ ០០០តោន ឬស្មើ ៦៦០លានដុល្លារ។ គិតជាទឹកប្រាក់ពីការ​នាំ​ចេញ​ស្វាយចន្ទីវិញ គឺកើនជិត៣០ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់ សមាគមស្វាយ​ចន្ទីកម្ពុជា៕ 

Tag:
 ក្រសួងកសិកម្ម
  ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com