កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​ បដិសេធ​​ប្រើ​លុយ​​ទាក់ទាញ​កីឡាករ​បរទេស ចូលជម្រើសជាតិ
06, Jun 2024 , 1:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបដិសេធពាក្យចចាមអារ៉ាមថាបានប្រើប្រាស់លុយដើម្បីបញ្ចុះបញ្ចូលកីឡាករបរទេសឱ្យចូលសញ្ជាតិ និងលេងឱ្យក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ។



ចាប់តាំងពីឆ្នាំ ២០២២ មក ឥណ្ឌូណេស៊ី ទទួលបានកីឡាករបាល់ទាត់ដែលមានគុណភាពចំនួន ១២នាក់ មកពី ហូឡង់ អាម៉េរិក អេស្ប៉ាញ និងអង់គ្លេស ឱ្យចូលសញ្ជាតិខ្លួន ដើម្បីជួយក្រុមជម្រើសជាតិ។ ឆាប់ៗខាងមុននេះ PSSI ក៏នឹង​ផ្តល់​សញ្ជាតិ​ដល់​កីឡាករ​សញ្ជាតិ​ហូឡង់​ពីរ​នាក់​ទៀត​ ដែលរួមមាន​ខ្សែ​ការពារ Calvin Verdonk និង​ខ្សែ​ប្រយុទ្ធ Jens Raven។
 
ការ​ប្រើ​ប្រាស់​កីឡាករ​ចូលសញ្ជាតិ ​ជា​ការ​ផ្ដល់​យោបល់​ពីសំណាក់​គ្រូ​បង្វឹកក្រុមបាល់ទាត់ឥណ្ឌូណេស៊ី លោក Shin Tae-yong។ តាមរយៈគោនយោបាយនេះ បានជួយឥណ្ឌូណេស៊ីសម្រេចបានផ្លែផ្កាមួយចំនួន ដូចជាការឆ្លងផុតវគ្គចែកពូល Asian Cup ឆ្នាំ ២០២៣ ជាលើកដំបូង ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup ឆ្នាំ ២០២៤ និងមានភាគរយខ្ពស់ ក្នុងការឆ្លងផុតវគ្គជម្រុះជុំទីពីរ FIFA World Cup ឆ្នាំ ២០២៦។
 
បង្ហាញភាពលេចធ្លោនៅរយៈពេលចុងក្រោយ ប៉ុន្តែឥណ្ឌូណេស៊ី រងការចោទប្រកាន់បង់ប្រាក់ឱ្យកីឡាករបរទេសដើម្បីបញ្ចុះបញ្ចូលពួកគេប្តូរសញ្ជាតិ ដោយសារច្បាប់ឥណ្ឌូណេស៊ីចែងថា ពលរដ្ឋរបស់ខ្លួនអាចកាន់សញ្ជាតិតែមួយប៉ុណ្ណោះ។
 
ជុំវិញការចោទប្រកាន់ អគ្គលេខាធិការ PSSI លោក Yunus Nusi បានឆ្លើយតបវិញផងដែរ។ លោក Nusi បានប្រាប់កាសែត CNN ឥណ្ឌូណេស៊ីថា៖ «កីឡាករចូលសញ្ជាតិទាំងនោះ មិនដែលបានស្នើសុំ ឬទទួលបានការបង់ប្រាក់ណាមួយនោះទេ។ PSSI បាន​ទាក់ទង​ទៅ​ឪពុក​ម្តាយ​របស់​កីឡាករ ហើយ​ពួកគេ​ក៏​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​បង្ហាញខ្លួន​តំណាង​ប្រទេស​ឥណ្ឌូណេស៊ី​ដែរ​។
 
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ជ្រើសរើសកីឡាករដោយផ្អែកលើការផ្ដល់យោបល់ពីគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong និងនាយកបច្ចេកទេស។ លក្ខណៈវិនិច្ឆ័យជ្រើសរើសគឺកីឡាករដែលមានទេពកោសល្យ និងមានសមត្ថភាពលើសកីឡាករក្នុងស្រុក។
 
ជុំវិញករណីខាងលើ ក្រសួងយុវជន និងកីឡាបានជួបប្រជុំជាមួយ PSSI ដោយផ្តល់យោបល់ឱ្យក្រុមជម្រើសជាតិត្រូវតែផ្តល់អាទិភាពដល់កីឡាករក្នុងស្រុក ក្នុងគោលដៅអភិវឌ្ឍធនធានកីឡាករក្នុងស្រុក។ សមាជិកម្នាក់ក្នុងចំណោមនោះ ណែនាំថាក្នុងការប្រកួតនីមួយៗ គួរតែមានកីឡាករដើមកំណើតយ៉ាងហោចណាស់ ៦០ភាគរយនៅក្នុងក្រុម។ ទោះ​យ៉ាង​ណា​បើ​តាម PSSI ការ​សម្រេច​ចុង​ក្រោយ​គឺ​អាស្រ័យ​លើ​គ្រូបង្វឹកប៉ុណ្ណោះ។
 
លោកមហាសេដ្ឋី Erick Thohir ប្រធាន PSSI លើកឡើងថា ការមានកីឡាករចូលសញ្ជាតិមានគុណភាពកាន់តែច្រើន នឹងជួយបង្កើនភាពរឹងមាំរបស់ក្រុមជម្រើសជាតិ និងមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងកីឡាករសញ្ជាតិដើម និងចូលសញ្ជាតិ សម្រាប់ជម្រើសក្រុម។ 
 
ឥណ្ឌូណេស៊ី នៅមានភារកិច្ចពីរប្រកួតចុងក្រោយនៅវគ្គជម្រុះ World Cup 2026 ជុំទី២ ទល់នឹងអ៊ីរ៉ាក់ នៅថ្ងៃទី៦ ខែមិថុនា និងហ្វីលីពីននៅថ្ងៃទី១១ ខែមិថុនា នៅទឹកដីខ្លួន។ ឥណ្ឌូណេស៊ី  ត្រូវការ៣ពិន្ទុ​ទៀត ​ដើម្បី​ធានា​កៅអីទៅ​ជុំ​ទី​៣ សម្រាប់វគ្គជម្រុះតំបន់អាស៊ី។
 
ក្រោមការដឹកនាំរបស់លោក Shin Tae-yong ឥណ្ឌូណេស៊ីស្ថិត​នៅ​ចំណាត់ថ្នាក់លេខ​២ ​ក្នុង​ពូល F ដោយ​មាន​៧​ពិន្ទុ ​តាម​ពី​ក្រោយ​អ៊ីរ៉ាក់ ៥​ពិន្ទុ និង​នាំមុខ​វៀតណាម ៤​ពិន្ទុ៕

Tag:
 ឥណ្ឌូណេស៊ី
  PSSI
© រក្សាសិទ្ធិដោយ thmeythmey.com