កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ព័រទុយហ្កាល់ ឈ្នះឆែកចុងម៉ោង ឯហ្ស៊កហ្ស៊ី ចាញ់តួកគី
19, Jun 2024 , 10:20 am        
រូបភាព
ក្រុមជម្រើសជាតិព័រទុយហ្កាល់ ​វាយបកយកឈ្នះឆែកនៅចុងម៉ោងដោយលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកពូល F ពានរង្វាន់ UEFA Euro 2024 ស្របពេលតួកគីយកឈ្នះក្រុមក្មេងខ្ចីហ្ស៊កហ្ស៊ី ៣-១។



Lukáš Provod រកបានគ្រាប់នាំមុខឱ្យឆែកនៅនាទី៦២ បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ នៅ៧នាទីបន្ទាប់ខ្សែការពារឆែក Robin Hranáč ធ្វើឱ្យបាល់ចូលទីខ្លួនឯង ជួយព័រទុយហ្កាល់តាមបានស្មើ ១-១ វិញ។
 
ព័រទុយហ្កាល់ ដែលមាន Cristiano Ronaldo ជាប្រធានក្រុម បានបន្តការវាយសម្រុកជាបន្តបន្ទាប់ជាមួយឱកាសស៊ុតបញ្ចូលទីជាច្រើនលើក តែធ្វើមិនបានសម្រេច ក្នុងនោះ Diogo Jota មិនត្រូវបានផ្តល់គ្រាប់បាល់ក្រោយការពិនិត្យរបស់ VAR។ 
 
យ៉ាងណាក៏ដោយ ការខំប្រឹងប្រែងរបស់ម្ចាស់ជើងឯកអឺរ៉ុបឆ្នាំ២០១៦ ទទួលបានផ្លែផ្កាក្រោយ Francisco Conceição សម្រេចបានគ្រាប់បាល់ជ័យជម្នះនៅនាទី ៩០+២។ លទ្ធផល ២-១ នេះជួយព័រទុយហ្កាល់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Roberto Martínez ទទួលបាន៣ពិន្ទុ និងឈរលេខ២បណ្តោះអាសន្នក្នុងពូល F។
 
តួកគី ឈរកំពូលតារាងពូល F តាមរយៈការយកឈ្នះក្រុមទើបបង្ហាញខ្លួនដំបូងហ៊្សកហ្ស៊ី ក្នុងលទ្ធផល ៣-១។ ៣គ្រាប់របស់តួកគេធ្វើបានដោយ Mert Müldür, Arda Güler និង Kerem Aktürkoğlu ស្របពេលមួយគ្រាប់របស់ហ៊្សកហ្ស៊ី ដោយកីឡាករ Georges Mikautadze។ ជំនួបបន្ទាប់ ហ៊្សកហ្ស៊ីជួបឆែក និងតួកគីស្វាគមន៍ព័រទុយហ្កាល់ នៅយប់ថ្ងៃទី២២ ខែមិថុនា៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com