កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូហុងគ្រី សង្ឃឹម Adam ដែលរងការរិះគន់ នឹងរកគ្រាប់បាន ដើម្បីបិទមាត់អ្នកចំអក ![](https://image.thmeythmey.com/pictures/2024/06/19/euro.jpg)
×![]()
លោក Marco Rossi គ្រូបង្វឹកក្រុមហុងគ្រី រំពឹង Martin Adam នឹងរកបានគ្រាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតជើងឯកអឺរ៉ុប UEFA Euro 2024 ដើម្បីឆ្លើយតបទៅកាន់អ្នកចំអកថារូបគេមិនសមជាកីឡាករបាល់ទាត់ ដោយសាររូបរាងធាត់ និងដុះក្បាលពោះ។
Adam ខ្សែប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ទទួលបានការចាប់អារម្មណ៍ និងចំអកពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់ នៅពេលរូបគេបង្ហាញខ្លួនក្នុងការប្រកួតទល់ស៊្វីស ជាមួយនឹងរូបរាងធាត់ និងដុះក្បាលពោះធំ។
បង្ហាញខ្លួនលើទីលាន អ្នកគាំទ្រជាច្រើនបានស្រែកចំអកឱ្យ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ដែលមានកម្ពស់ ១៩១សង់ទីម៉ែត្រ និងទម្ងន់ជិត៩០គីឡូក្រមរូបនេះ ជាកីឡាករលើសទម្ងន់។ នៅក្រោយបញ្ចប់ការប្រកួត មានអ្នកគាំទ្រម្នាក់ បញ្ចេញមតិថា Adam ទំនងជាកីឡាករចូលចិត្តផឹកស្រាច្រើនទើបមានរូបរាងធាត់បែបនេះ។ អ្នកខ្លះទៀតចំអកថា កាយសម្បទារបស់ Adam ស័ក្តិសមជាកីឡាករចំបាប់ ឬបាល់ឱប ជាងបាល់ទាត់។
បើទោះ Adam សមាជិកក្រុម Ulsan Huyndai នៃលីគកំពូលកូរ៉េខាងត្បូង មិនខ្វល់ ចំពោះការចំអក និងការបញ្ចេញមតិបែបអវិជ្ជមានលើបណ្តាញសង្គមយ៉ាងច្រើនចំពោះខ្លួនក្តី ប៉ុន្តែគ្រូបង្វឹកហុងគ្រីលោក Rossi យល់ឃើញថាសកម្មភាព និងទង្វើបែបនេះ មិនសមកើតឡើង និងមិនអាចទទួលយកបានឡើយ។
គ្រូបង្វឹកសញ្ញាតិអ៊ីតាលីរៀបរាប់ក្នុងសន្និសីទកាសែតមុនជំនួបអាល្លឺម៉ង់ និងហុងគ្រីថា៖ «រូបភាព និងការបញ្ចេចមតិមិនសមជាច្រើនលើ Adam ក្នុងអ៊ីនធឺណិត។ ពួកគធ្វើឱ្យកីឡាករអន់ចិត្ត និងមិនអាចទទួលយកបាន។ នោះជាការមិនគោរពរបស់អ្នកគាំទ្រ។ រាងកាយរបស់គាត់ធំ និងធាត់ គឺកើតឡើងតាំងពីកំណើត។ ខ្ញុំសង្ឃឹមថា គាត់នឹងស៊ុតបញ្ចូលទីនៅជើងឯកទ្វីបអឺរ៉ុបនេះ ដើម្បីបិទមាត់អ្នកចំអក»។
លោក Rossi នឹងត្រូវដឹកនាំហុងគ្រី តទល់ម្ចាស់ផ្ទះអាល្លឺម៉ង់ សម្រាប់ជំនួបទី២ ក្នុងពូល A នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ១១យប់ [ម៉ោងនៅកម្ពុជា]។ ជំនួបដំបូង ហុងគ្រីចាញ់ ស្វ៊ីស ៣-១ ស្របពេលអាល្លឺម៉ង់ ឈ្នះស្កុតឡែន ៥-១៕
© រក្សាសិទ្ធិដោយ thmeythmey.com