កីឡាអន្តរជាតិ
អន្តរជាតិ
Messi បំបែកកំណត់ត្រា និងជួយអាហ្សង់ទីនឈ្នះកាណាដា នៅជំនួបបើកឆាក Copa America
21, Jun 2024 , 1:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi បង្កើតឱកាសគ្រាប់បាល់ទីមួយឱ្យអាហ្សង់ទីន ដែលកីឡាករ Julian Alvarez ស៊ុតបញ្ចូលទីនាទី៤៩ បន្ទាប់មករូបគេក៏បញ្ចូលបាល់បន្ថែមទៅកាន់ Lautaro Martinez ស៊ុតបញ្ចូលទីនាទី៨៨ ជួយក្រុមការពារជើងឯក ឈ្នះកាណាដា ២-០ នៅជំនួបបើកឆាក Copa America ឆ្នាំ២០២៤។



អាហ្សង់ទីនកំពុងស្ថិតក្នុងដំណើរការប្រជែងស្វែងរកការឈ្នះពានរង្វាន់អន្តរជាតិ ៣លើក ជាប់គ្នា ចាប់តាំងពីពួកគេបានឈ្នះពាន Copa America ឆ្នាំ ២០២១ និង World Cup ឆ្នាំ ២០២២។ អាហ្សង់ទីនយកឈ្នះកាណាដា​ ជាការចាប់ផ្តើមការប្រកួតវគ្គចែកពូលបានយ៉ាងល្អ ក្នុងកីឡដ្ឋាន Mercedes Benz។
 
ព្រឹត្តិការណ៍ Copa America របស់ទ្វីបអាមេរិកខាងត្បូង បានលើកទីធ្វើការប្រកួតនៅក្នុងប្រទេសអាមេរិក ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ ហើយខ្សែប្រយុទ្ធ Messi ក៏បានបំបែកកំណត់ត្រាថ្មី ដោយបង្ហាញខ្លួនលេង ៣៥ប្រកួត។ Messi បំបែកកំណត់ត្រារបស់អតីតកីឡាករស៊ីលី Sergio Livingstone ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៥៣ ហើយ Messi ក៏បន្តកំណត់ត្រាបញ្ជូនបាល់ច្រើនរហូតដល់ ១៨លើក។
  


កីឡាករដែលទើបឈានចូលវ័យ ៣៧ឆ្នាំ បានបង្កើតឱកាសសម្រាប់មិត្តរួមក្រុមរកបានគ្រាប់បាល់ ១គ្រាប់​ដំបូងបើកឆាក ដោយគេបានប៉ះបាល់ទៅកាន់កីឡាករ Alexis MacAllister ដែលជាអ្នកបញ្ជូនបាល់បន្តទៅកាន់ Julian Alvarez ស៊ុតបញ្ចូលទីនៅនាទី៤៩ ដើមវគ្គទី២។ 
 
គ្រាប់បាល់ទី២ កើតឡើងចេញពីការបញ្ជូនបាល់របស់ប្រធានក្រុម Lionel Messi  ដដែល នៅនាទី៨៨ ទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុម Inter Milan កីឡាករ Lautaro Martinez ស៊ុតបញ្ចូលទី ដើម្បីរក្សាជ័យជម្នះនៅថ្ងៃការប្រកួតបើកឆាក Copa America។ Martinez រកបានគ្រាប់បាល់ចំនួន ២៥គ្រាប់ សម្រាប់ក្រុមជម្រើសជាតិ។
 
បន្ទាប់ពីការប្រកួតទៅ អាហ្សង់ទីន ជាក្រុមឈរកំពូលតារាងពូល A ហើយការប្រកួតបន្ទាប់ក្រុមការពារជើងឯក នឹងបន្តដំណើរទៅជួបក្រុមស៊ីលី នៅថ្ងៃទី២៥ ខែមិថុនា ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey ហើយការប្រកួតទី៣ ប៉ះប៉េរូ នៅថ្ងៃទី២៩ ក្នុងទីក្រុង Miami Gardens រដ្ឋ Florida៕
 

Tag:
 Lionel Messi
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com