ជាតិ
ក្រសួងធនធានទឹកឱ្យទេសចរ និងអ្នកនេសាទតាមសមុទ្រប្រយ័ត្ន ចំពោះរលកដែលមានកម្ពស់២,៥ម៉ែត្រ
21, Jun 2024 , 3:29 pm        
រូបភាព
ភ្ញៀវទេសចរជាប់គាំង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ កាលពីខែកក្កដា ឆ្នាំ២០២៣។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ភ្ញៀវទេសចរជាប់គាំង នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ កាលពីខែកក្កដា ឆ្នាំ២០២៣។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ចន្លោះពី ២០ទៅ៦០ភាគរយលាយឡំដោយផ្គរ និងរន្ទះ។ ចំណែកនៅលើផ្ទៃសមុទ្រ អាចមានខ្យល់បោកបក់ និងរលកហក់ឡើងក្នុងកម្ពស់ ១ទៅ២,៥ម៉ែត្រ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ មិថុនា ដោយបានណែនាំឱ្យអ្នកនេសាទ និងពលរដ្ឋដែលធ្វើដំណើរកម្សាន្តតាមទូក កាណូតនៅតំបន់ឆ្នេរ ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ជាយថាហេតុ។

ដោយឡែក២១ខេត្ត-រាជធានីទៀត​ ក៏អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់បក់បោក គ្របដណ្តប់លើផ្ទៃដីពី ២០ទៅ៥០ភាគរយដែរ។ ក្នុងនោះ រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក សៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ធំ កណ្ដាល និងរាជធានីភ្នំពេញ។ ស្ថានភាពអាកាសធាតុបែបនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ២១ដល់២៣ ខែមិថុនា៕ 


Tag:
 រលកសមុទ្រ
  ក្រសួងធនធានទឹក
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com