កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ Ronaldo ផ្ញើសារ«រួបរួម»ទៅក្រុមព័រទុយហ្កាល់មុនជំនួបទល់តួកគី
21, Jun 2024 , 4:29 pm        
រូបភាព
តារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo បានផ្ញើសារ រួបរួម និងការតាំងចិត្ត ទៅកាន់ក្រុមកីឡាករជម្រើសជាតិព័រទុយហ្កាល់ទាំងអស់ សម្រាប់ការត្រៀមខ្លួន តទល់នឹងក្រុមតួកគី ក្នុងជំនួបជុំទី២ ពូល F ពានរង្វាន់ Euro 2024 នៅយប់ថ្ងៃទី២២ ខែមិថុនា។



បន្ទាប់ពីបានយកឈ្នះទៅលើសាធារណរដ្ឋឆែក ២-១ នៅក្នុងជំនួបជុំទីមួយ ព័រទុយហ្កាល់មានភារកិច្ច តទល់នឹងក្រុមតួកគី ដែលបានប្រកួតឈ្នះលើក្រុមហ្ស៊កហ្ស៊ី ៣-១ កាលពីថ្ងៃទី១៨ ខែមិថុនា។ 
 
ពេលនេះកីឡាករវ័យ ៣៩ឆ្នាំ បានផ្ញើសារដាស់តឿនទៅកាន់មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ទាំងអស់ ឱ្យចេះរួបរួម និងមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើយ៉ាងណាយកឱ្យបាន៣ពិន្ទុថែមទៀតទល់នឹងតួកគី។
  


តាមរយៈការបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពរបស់ Ronaldo លាយឡំជាមួយមិត្តរួមក្រុមរបស់គេ បានបង្ហាញពីកម្លាំងកាយចិត្តត្រៀមសម្រាប់ការប្រកួត កាន់តែខ្ពស់របស់ក្រុមព័រទុយហ្កាល់នៅពេលហ្វឹកហាត់។ តារាបាល់ទាត់ក្លិប Al Nassr បានសរសេរបង្ហោះដូច្នេះថា៖«រួបរួម ផ្តោតអារម្មណ៍ និងការតាំងចិត្ត។»។
 
ព័រទុយហ្កាល់ និងតួកគី ត្រូវប៉ះគ្នានៅក្នុងជំនួបដណ្តើមតំណែងកំពូលតារាង ដើម្បីឈ្នះឱកាសកៅអីវគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍ Euro 2024។ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ អាចនឹងត្រូវចាប់ផ្តើមជាមួយនឹងជម្រើស ១១នាក់ ដំបូងដដែល ដូចកាលពីប៉ះឆែក ខណៈរូបគេក៏នៅតែជាប្រធានក្រុមដ៏សំខាន់មួយរូប ស្ថិតក្រោមការដឹកនាំរបស់លោក Roberto Martinez។ 
តាំងពីវគ្គជម្រុះ Euro 2024 មកដល់វគ្គចែកពូល ព័រទុយហ្កាល់នៅមិនទាន់ចាញ់ ឬស្មើ ១ប្រកួត នៅឡើយ ហើយការឈ្នះឆែក ជាការឈ្នះលើកទី១១ ប្រចាំព្រឹត្តិការណ៍។
 
ជំនួបរវាងក្រុមម្ចាស់ពានឆ្នាំ ២០១៦ ទល់នឹងតួកកី នឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Westfalenstadion វេលាម៉ោង ១១យប់ ថ្ងៃទី២២ ខែមិថុនា មុនពេលទៅប៉ះក្រុមហ្ស៊កហ្ស៊ី ការប្រកួតវគ្គចែកពូលចុងក្រោយ នៅថ្ងៃទី២៧ ខែមិថុនា៕

Tag:
 Euro 2024
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com