កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ស្លូវ៉ាគីជួបអ៊ុយក្រែន មុនប៉ូឡូញប្រជែងអូទ្រីស និងជំនួបពិសេសហូឡង់-បារាំង
21, Jun 2024 , 6:29 pm        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉ាគីរំពឹងដណ្តើមបានពិន្ទុក្នុងការប្រកួតទល់អ៊ុយក្រែន ក្នុងជំនួបពូល E សម្រាប់វគ្គចែកពូលជុំទី២ វេលាម៉ោង ៨យប់ មុនការប្រកួតរបស់ប៉ូឡូញ​ ត្រូវប្រជែងអូទ្រីសដណ្តើមពិន្ទុចាំបាច់ ក្នុងជំនួបពូល D វេលាម៉ោង ១១យប់​។ ជំនួបគូខ្លាំងប្រចាំរាត្រីថ្ងៃទី២១ ខែមិថុនា រវាងហូឡង់ ត្រូវប្រជែងជាមួយបារាំងដណ្តើមតំណែងកំពូលតារាងក្នុងពូល D។



ស្លូវ៉ាគី ជួប អ៊ុយក្រែន វេលាម៉ោង ៨យប់

ទាំងស្លូវ៉ាគី និងអ៊ុយក្រែន បានវិលត្រឡប់មកកាន់ការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ Euro 2024 ដោយក្រុមទាំង ២ ត្រូវប្រជែងក្នុងកីឡដ្ឋាន Dusseldorf Arena វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)។ ស្លូវ៉ាគី ធ្វើបានល្អនៅក្នុងការប្រកួតបើកឆាក យកឈ្នះបែលហ្ស៊ិក លទ្ធផល ១​-០ ដោយបែលហ្ស៊ិក ត្រូវបានប្រព័ន្ធ VAR បដិសេធគ្រាប់បាល់ចំនួន ២គ្រាប់ពេលនោះ។
 
ស្លូវ៉ាគី បន្ទាប់ពីឈ្នះបែលហ្ស៊ិក ពួកគេរកបានជ័យជម្នះ ១០លើក រាល់ការប្រកួត ១៤លើកគ្រប់កម្មវិធីប្រកួតទាំងអស់របស់ពួកគេចុងក្រោយមកនេះ ក្រោមការដឹកនាំរបស់លោក Francesco Calzona ខណៈក្រុមរំពឹងឡើងវគ្គ ១៦ក្រុមថែមទាំងលើកនេះ។ ចំណែកអ៊ុយក្រែន ការប្រកួតដំបូងពួកគេបានជួបបញ្ហាមិនស៊ីសង្វាក់គ្នា ហើយចាញ់ការប្រកួតក្រោមថ្វីជើងរូម៉ានី ៣-០។
  


ធ្លាប់ប៉ះគ្នា ៨លើក កន្លងមក ស្លូវ៉ាគីមានប្រវត្តិយកឈ្នះការប្រកួតបានត្រឹមតែ ២លើក ប៉ុណ្ណោះ ចំណែកអ៊ុយក្រែនឈ្នះ ៣លើក និងស្មើ ៣លើក។ ស្លូវ៉ាគីឈ្នះអ៊ុយក្រែនជំនួបចុងក្រោយនៅ UEFA Nation League លទ្ធផល ៤-១ហើយការប្រកួតរាត្រីនេះ ស្លូវ៉ាគីចង់ដណ្តើមឱ្យបានកៅអីវគ្គ ១៦ក្រុម ចំណែកអ៊ុយក្រែនចង់ស្វែងរកឱ្យបានពិន្ទុមកវិញដូចគ្នា ដើម្បីដង្ហើបបន្តប្រជែងក្នុងពាន Euro 2024។
 
ប៉ូឡូញ តទល់អូទ្រីស វេលាម៉ោង ១១យប់


ប៉ូឡូញ ត្រូវបន្តធ្វើការងារធ្ងន់បន្ថែមទៀតនារាត្រីថ្ងៃទី២១ ខែមិថុនា ស្ថិតក្នុងកីឡដ្ឋាន VolksparkStadion ដោយត្រូវប្រជែងស្វែងរក ៣ពិន្ទុ ពីក្រុមអូទ្រីស ដែលបានផ្តល់រឿងរ៉ាវ ដ៏តានតឹងដល់បារាំងកាលពីប្រកួតបើកឆាកវគ្គជែកពូលកន្លងមក។ ទាំងប៉ូឡូង និងអូទ្រីស សុទ្ធសឹងតែចាញ់ការប្រកួតជុំទី១ ដូចគ្នា ហើយចង់ឈ្នះការប្រកួតរាត្រីនេះខ្លាំងដូចគ្នា។
  


កាលពីឆ្នាំ ២០២១ នៃព្រឹត្តិការណ៍ Euro ប៉ូឡូញជាក្រុមបានធ្លាក់ចេញត្រឹមវគ្គចែកពូលនេះ ប៉ុន្តែមកដល់ការប្រកួតលើកនេះប៉ូឡូញ ហាក់បីជាមានទម្រង់លេងមួយដ៏ប្លែក ដោយតែងតែមានការសម្រុកខ្លាំងលើគូប្រកួត។ ចំណែកអូទ្រីស វិញ បានបង្ហាញសមត្ថភាពលេងជាក្រុមបានយ៉ាងល្អ កាលពីជំនួបប៉ះបារាំង ទោះចាញ់ការប្រកួតលទ្ធផល ១-០ ក៏ដោយក្តី។ 
 
ប្រវត្តិនៃការជួបគ្នារបស់ក្រុមទាំង ២ បានកើតឡើងចំនួន ១១លើក រួចមកហើយ ដោយប៉ូឡូញមានប្រវត្តិសាស្ត្រ និងកំណត់ត្រាល្អជាងក្រុមអូទ្រីស ដោយពួកគេយកឈ្នះ ៦ប្រកួត លើអូទ្រីស ខណៈដែលអូទ្រីស ក៏ដណ្តើមយកឈ្នះបាន ៣លើក មកវិញ។ ការជួបគ្នាចុងក្រោយបង្អស់ ទាំងពីរក្រុម បានត្រឹមបញ្ចប់ចំណាត់ថ្នាក់ត្រឹមតែលទ្ធផលស្មើ ០-០ តែប៉ុណ្ណោះ។
 
ជំនួបធំប្រចាំរាត្រី ហូឡង់ ប្រជែងកំពូលតារាងទល់បារាំង វេលាម៉ោង ២អាធ្រាត្រ

ហូឡង់ម្ចាស់ពានអឺរ៉ុប ឆ្នាំ ១៩៨៨ នឹងត្រូវបន្តដំណើរប្រជែងកៅអីវគ្គ ១៦ក្រុម របស់ពួកគេទល់នឹងក្រុមម្ចាស់ពាន World Cup ឆ្នាំ ២០១៨ និងលេខ ២ ឆ្នាំ ២០២២ ក្នុងកីឡដ្ឋាន Red Bull Arena។ កាលពីការប្រកួតឆ្នាំ ២០២១ ហូឡង់ ជាក្រុមកំពូលតារាងវគ្គចែកពូល មិនចាញ់ទាំង ៣ប្រកួត ប៉ុន្តែឡើងដល់វគ្គ ១៦ក្រុម ពួកគេបែរជាភ្លាត់ស្នៀតធ្លាក់ចេញក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆែក។
 



ចំណែកបារាំងវិញ ក៏ជាក្រុមដែលបានធ្លាក់ចេញនៅត្រឹមវគ្គ ១៦ក្រុមដូចគ្នាដែរ កាលព្រឹត្តិការណ៍ Euro 2020។ បារាំបច្ចុប្បន្នកំពុងតែមានកីឡាករតំបន់ប្រយុទ្ធសុទ្ធសឹងតែជាកីឡាករជើងចាស់ដែលជួយបារាំងធ្វើបានល្អនាពេលកន្លង ប៉ុន្តែលើកនេះពួកគេហាក់មានទម្រង់លេងនៅតំបន់ប្រយុទ្ធហាក់ថមថយជាពេលមុន។ ហូឡង់វិញ តាំងពីបង្ហាញសមត្ថភាពប្រកួតប្រជែងកាលប៉ះហូឡង់ ពួកគេក៏ធ្វើបានល្អ ខណៈតំបន់ប្រយុទ្ធមានបញ្ហាមួយចំនួនលើការបញ្ចប់ទី។
 
ជួបគ្នាចំនួន ៣០លើក កន្លងមក រវាងក្រុមទាំង ២ ហូឡង់បានត្រឹមតែយកឈ្នះការប្រកួតចំនួន ១១លើក ប៉ុណ្ណោះ ខណៈដែលបារាំងមានកំណត់ត្រាច្រើនជាង ឈ្នះដល់ទៅ ១៦លើក។

ការជួបគ្នាចុងក្រោយ ក្រុមទាំងពីរ ប៉ះគ្នាកាលឆ្នាំ ២០២៣ ដោយបារាំងយកឈ្នះដោយលទ្ធផល ២-១ ប៉ុន្តែហូឡង់រយៈពេលចុងក្រោយមកនេះ ពួកគេបានពង្រឹងសមត្ថភាពកើតឡើងជារឿយៗ ហើយការប្រកួតរាត្រីនេះ អាចនឹងធ្វើឱ្យលទ្ធផលមានការប្រទាញប្រទង់យ៉ាងខ្លាំង៕
 

Tag:
 Euro 2024
  បារាំង
  ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com