ភ្នំពេញ៖ ក្រោយមានសោកនាដកម្ម ឬអំពើឃាតកម្មផ្សេងៗ គេតែងឃើញមានសកម្មភាពឆ្លៀតឱកាសរបស់បុគ្គលមួយចំនួន ដែលយកទុក្ខសោករបស់អ្នកដទៃ ដើម្បីផ្សាយពាណិជ្ជកម្ម ឬទាក់ទាញផលប្រយោជន៍ផ្ទាល់ខ្លួន។ ចំពោះសកម្មភាពបែបនេះ អ្នកឃ្លាំមើលសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន ចាត់ទុកថា ជាទង្វើអសីលធម៌។
ក្នុងសម័យបច្ចេកវិទ្យាជឿនលឿន ជាពិសេសការប្រើប្រាស់បណ្ដាញសង្គមដ៏សម្បូរបែប បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួន លែងបានគិតពីសីលធម៌ សុជីវធម៌ ក្នុងការរស់នៅ។ ជាក់ស្ដែងកាលពីថ្ងៃទី១៧ ខែមិថុនា មានឃាតកម្មមួយបានកើតឡើងនៅរាជធានីភ្នំពេញ ដែលបណ្ដាលឱ្យមនុស្សប្រុសស្រី ២នាក់ បានស្លាប់ ដោយសារឧកញ៉ា ស្រី ស៊ីណា បាញ់ជាច្រើនគ្រាប់។ ក្រោយហេតុការណ៍នេះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ដកគោរមងារ«ឧកញ៉ា» ពីលោក ស្រី ស៊ីណា។
![](https://image.thmeythmey.com/pictures/2024/06/22/dd1.jpeg)
គូដណ្ដឹងដែលឧកញ៉ាបាញ់សម្លាប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤
ចំពោះករណីឃាតកម្មនេះ បាននាំឱ្យអ្នកប្រើប្រាស់ជាច្រើន សម្ដែងការសោកស្ដាយដល់គូដណ្ដឹងវ័យក្មេងមួយគូនេះ។ ប៉ុន្តែក៏មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានយកបញ្ហា និងទុក្ខសោកសង្រេងរបស់ជនរងគ្រោះ ធ្វើជារឿងកំប្លែង ខ្លះរៀបចំសាច់រឿងថតសម្ដែង ខ្លះយកទៅផលិតមាតិកាអមដោយការផ្សាយពាណិជ្ជកម្ម ដើម្បីបម្រើផលប្រយោជន៍ និងអាជីវកម្មរបស់ខ្លួន។
តើកត្តាអ្វីនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ឆក់ឱកាស ដែលមិនខ្វល់ពីកិត្តិយសគ្រួសារជនរងគ្រោះបែបនេះ? នោះក៏ព្រោះតែឥទ្ធិពលលុយ ដែលធ្វើឱ្យមនុស្សលែងគិតពីសីលធម៌សង្គម។ លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជា និងលើកកម្ពស់សីលធម៌ បានលើកឡើងបែបនេះ។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន មើលឃើញថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន អ្នករកស៊ីមួយចំនួន តែងតែប្រើប្រាស់បុគ្គលមានប្រជាប្រិយ ឬអ្នកមានភាពល្បីល្បាញ ដើម្បីជាអ្នកតំណាងផលិតផល និងអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នករកស៊ីមួយចំនួន នៅតាមប្រព័ន្ធអនឡាញ បានផ្សព្វផ្សាយ ឬសេវាកម្មរបស់ខ្លួន ដោយភ្ជាប់រឿងអណោចអធ័ម សោកសង្រេង ឬសពជាដើម។
«ពេលខ្លះយករឿងអណោចអធ័ម សោកសង្រេង រឿងសពនៃការស្លាប់របស់បុគ្គលខ្លះ ដូចករណីបាញ់សម្លាប់គូដណ្ដឹងប៉ុន្មានថ្ងៃនេះ។ អ្នកខ្លះយករឿងនឹង មកធ្វើជាឧបករណ៍សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ឬសេវាកម្មរបស់ខ្លួន ដែលខ្ញុំមើលទៅអាណោចហួស។ គ្រួសារគ្នាកំពុងប្រឈមមុខនឹងទុក្ខសោកសង្រេង ប៉ុន្តែអ្នកខ្លះក៏ឆ្លៀត យកទុក្ខរបស់អ្នកដទៃ ដើម្បីបម្រើប្រយោជន៍ការរកស៊ីរបស់ខ្លួន។ សកម្មភាពបែបនេះ អសីលធម៌ អមនុស្សខ្លះណាស់»។ នេះជាយល់ឃើញរបស់លោកបណ្ឌិត ប៉ា ច័ន្ទរឿន។
![](https://image.thmeythmey.com/pictures/2024/06/22/dd2.jpg)
លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជា និងលើកកម្ពស់សីលធម៌
សម្រាប់លោកបណ្ឌិត ប៉ា ច័ន្ទរឿន សកម្មភាពរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលតែងតែឆក់ឱកាសបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះទេ។ លើសពីនេះ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ក្រុមគ្រួសារជនរងគ្រោះប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់សីលធម៌សង្គម និងមនុស្សធម៌របស់ជាតិផងដែរ។
បើតាមអ្នកឃ្លាំមើលសង្គមរូបនេះ ក្នុងសម័យបច្ចុប្បន្ន មនុស្សមួយចំនួន ហាក់មើលឃើញលុយជាធំ លែងសូវឱ្យតម្លៃលើរឿងសីលធម៌ គុណធម៌ និងមនុស្សធម៌។ លោក បន្ថែមថា បញ្ហាទាំងនេះ តម្រូវឱ្យអ្នកធ្វើកិច្ចការទាក់ទងនឹងសីលធម៌សង្គម រួមទាំងប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរ គួរតែយកចិត្តទុកដាក់ ដើម្បីបង្ការកុំឱ្យសកម្មភាពទាំងនេះកើតឡើងទៀត។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជា យកចិត្តទុកដាក់លើសីលធម៌ឡើងវិញ។ អ្នកជំនាញទស្សនវិជ្ជា និងលើកកម្ពស់សីលធម៌រូបនេះ បញ្ជាក់បែបនេះ៖«កុំគិតថា ដើម្បីតែការលក់ដូរផលិតផល ឬសេវាកម្មរបស់ខ្លួនដាច់ លែងគិតគូររឿងសីលធម៌ គុណធម៌ មនុស្សធម៌អស់។ រកស៊ីលក់ដូរទៅ ប៉ុន្តែធ្វើម៉េចឱ្យមានសីលធម៌ គុណធម៌ មនុស្សធម៌ ដែលនេះមិនបង្កការក្ដៅក្រហាយ ឬប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិរបស់អ្នកដទៃ ហើយក៏ជាការឱ្យតម្លៃដល់ខ្លួនឯងផងដែរ»៕