កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ហ្ស៊កហ្ស៊ី បន្តប៉ះឆែក មុនតួកគីតទល់ជាមួយព័រទុយហ្កាល់ ចំណែករូម៉ានីជួបបែលហ្ស៊ិក
22, Jun 2024 , 4:09 pm        
រូបភាព
ព្រឹត្តិការណ៍ Euro 2024 នាថ្ងៃទី២២ ខែមិថុនា ឈានដល់ការប្រកួតបញ្ចប់ជុំទីពីរ វគ្គចែកពូលហើយ ដោយ ៣គូ នឹងត្រូវប្រជែងគ្នាស្វែងរកពិន្ទុ បន្ថែមទៀតក្នុងរាត្រីនេះ។ ក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី នឹងត្រូវបន្តដំណើរប៉ះក្រុមសាធារណរដ្ឋឆែក មុនពេលក្រុមតួកគី ប្រឈមមុខជាមួយនឹងក្រុមខ្លាំងព័រទុយហ្កាល់ ហើយរូម៉ានី ប្រជែងបែលហ្ស៊ិក នៅជំនួបចុងក្រោយ វគ្គជុំទី២។

ហ្ស៊កហ្ស៊ី ប៉ះ ឆែក វេលាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា)

ជំនួបរវាងហ្ស៊កហ្ស៊ី និង ឆែក នឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Volksparkstadion នៅជុំទី២ នៃពានរង្វាន់ Euro 2024 វគ្គចែកពូល ពូល F។ ហ្ស៊កហ្ស៊ី បានរងបរាជ័យនៅក្នុងការប្រកួតបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍ Euro របស់ពួកគេ ក្រោយចាញ់តួកគី លទ្ធផល ៣-១ ។ ចំណែកឆែក ភ្លាត់ស្នៀតចាញ់ព័រទុយហ្កាល់លទ្ធផល ២-១។
 
ទាំងពីរក្រុមសុទ្ធសឹងតែចង់បានជ័យជម្នះ ក៏ដូចជាឱកាសទទួលបានកៅអីក្រុមលេខ ៣ ល្អ ដើម្បីបន្តដំណើរទៅវគ្គ ១៦ក្រុមចុងក្រោយ។ ការប្រកួតរាត្រីនេះ នឹងក្លាយជាការជួបគ្នាលើកដំបូងបង្អស់របស់ក្រុមទាំងពីរ ព្រោះកន្លងមក ហ្ស៊កហ្ស៊ី និងឆែក មិនដែលជួបគ្នាឡើយ ។ 
 
ប្រវត្តិមួយចំនួនរបស់សាធារណរដ្ឋឆែក នៅក្នុងការប្រកួតវគ្គចែកពូលនេះ ចាប់តាំងពីឆ្នាំ ២០០៨ មក ពួកគេ បានបង្ហាញខ្លួន៤លើកហើយ ក្នុងការប្រកួតពានរង្វាន់ Euro នេះ ។ ក្នុងចំណោមការប្រកួត១២លើក នៃការបង្ហាញខ្លួន៤ដងនេះ ក្រុមឆែក ឈ្នះ៣លើក ចាញ់ ៧លើក និងស្មើ២លើក។
 
តួកគី តទល់ ព័រទុយហ្កាល់ វេលាម៉ោង ១១យប់

តួកគី ដែលធ្វើបានល្អនៅការប្រកួតចុងម៉ោង យកឈ្នះលើហ្ស៊កហ្ស៊ី នឹងមានបេសកកម្មខ្លួន ប្រឈមមុខនឹងក្រុមខ្លាំងព័រទុយហ្កាល់ ក្នុងរាត្រីនេះ ស្ថិតក្នុងកីឡដ្ឋាន Iduna Park ទីក្រុង Dortmund។ ព័រទុយហ្កាល់ ជាក្រុមដែលចាប់ផ្តើមដំណើរការប្រកួតក្នុងពាន Euro 2024 បានយ៉ាងល្អ ដោយក្នុង ១២ប្រកួតកន្លងមក ពួកគេមិនស្គាល់ពាក្យចាញ់ ឬស្មើឡើយ។
 
រវាងតួកគី និងព័រទុយហ្កាល់ ក្រុមទាំងពីរ បានជួបគ្នាកន្លងមក ក្នុងព្រឹត្តិការណ៍ធំៗជាច្រើនរួចមកហើយ ដោយប៉ះគ្នា ៩លើក ក្រុមព័រទុយហ្កាល់ យកបានកំណត់ត្រាល្អបំផុតរួចទៅហើយ ពោលគឺឈ្នះ ៧ ប្រកួត ខណៈតួកគីយកឈ្នះបានត្រឹម ២ប្រកួត។ ការប៉ះគ្នា ៣លើកចុងក្រោយបង្អស់ ព័រទុយហ្កាល់ មិនដែលត្រូវបានក្រុមតួកគីស៊ុតបញ្ចូលទីម្តងឡើយ ខណៈពួកគេរកបាន ៥គ្រាប់ ត្រឡប់ទៅវិញ។
 
យ៉ាងណាមកកាន់ការប្រកួតរាត្រីនេះ តួកគី ជាក្រុមដែលកំពុងតែអភិវឌ្ឍទៅលើសមត្ថភាពកីឡាករក្មេងៗ ក៏មានទម្រង់លេងថ្មីមួយគួរឱ្យកត់សម្គាល់ ។ ចំណែកព័រទុយហ្កាល់ ជាក្រុមនៅតែរក្សាភាពខ្លាំងរបស់ខ្លួននៅដដែល ព្រោះតែការត្រៀមខ្លួនរបស់ក្រុម មានរយៈពេលយូជាងគេបង្អស់។
 
រូម៉ានី តទល់ បែលហ្ស៊ិក វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)

រូម៉ានី បង្កើតប្រវត្តិសាស្រ្តរបស់ខ្លួន ដោយយកឈ្នះការប្រកួតលើកទី២ ក្នុងប្រវត្តិសាស្ត្រ Euro ទោះខ្លួនធ្លាប់បានចូលលេងក្នុងព្រឹត្តិការណ៍ ៦លើក ក៏ដោយក្តី ។ ការឈ្នះលើក្រុមអ៊ុយក្រែន បានផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់ពួកគេ។ 
 
ដោយឡែក បែលហ្ស៊ិកជួបការខកចិត្តខ្លាំង នាការប្រកួតជាមួយ ស្លូវ៉ាគី នាជុំទីមួយ ដោយកីឡាករ Romelu Lukaku រកបាន ២គ្រាប់ ហើយត្រូវបានបដិសេធដោយអាជ្ញាកណ្តាល ។ ជាលទ្ធផលនៃការប្រកួតដំបូងនោះ បែលហ្ស៊ិក បានចាញ់ស្លូវ៉ាគី ដោយលទ្ធផល០-១។
  


រវាងក្រុមទាំងពីរ ក៏ធ្លាប់បានជួបគ្នាច្រើនលើកនាពេលកន្លងមក នាគ្រប់កម្មវិធីប្រកួត​​។ រូម៉ានី ធ្លាប់យកឈ្នះលើបែលហ្ស៊ិកចំនួន ៥លើក និងចាញ់ ៥លើក ហើយស្មើ ២លើក។ ការជួបគ្នាក្នុងមិត្តភាពអន្តរជាតិជាតិចុងក្រោយបង្អស់ រូម៉ានី បានយកឈ្នះលើបែលហ្ស៊ិក លទ្ធផល ២-១។ ការជួបគ្នារវាងក្រុមទាំងពីរ ក្នុងកីឡដ្ឋាន RheinEnergies នឹងក្លាយជាជំនួបប្រជែងពិន្ទុគ្នាដ៏ជក់ចិត្តមួយផងដែរ ខណៈក្នុងពូល E នេះ មានតែក្រុមទាំងពីរនេះ ប៉ុណ្ណោះដែលមើលទៅនឹងមានភាពប្រទាញប្រទង់គ្នាខ្លាំង៕
 
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com