អន្តរជាតិ
នាវាដឹកយន្តហោះចម្បាំងអាម៉េរិក ទៅដល់កូរ៉េខាងត្បូង ស្របពេលស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ
22, Jun 2024 , 8:39 pm        
រូបភាព
នាវាដឹកនាំយន្តហោះអាម៉េរិក USS Theodore Roosevelt បានទៅដល់កូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែមិថុនា​ ដើម្បីត្រៀមចូលរួមសមយុទ្ធរួមគ្នារវាងអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង។ វត្តមាននាវាផ្ទុកយន្តហោះ ក៏ជាការបង្ហាញសាច់ដុំ ស្របពេលដែលកូរ៉េខាងជើងពង្រឹងទំនាក់ទំនងយោធាកាន់តែខ្លាំងជាមួយរុស្ស៊ីដែរនោះ។

 
នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់អាម៉េរិក ចូលចតនៅមូលដ្ឋានទ័ពជើងទឹកកូរ៉េខាងត្បូងក្នុងទីក្រុង Busan ដែលមានចម្ងាយ៣២០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូលនៅព្រឹកថ្ងៃទី២២ ខែមិថុនា។ នាវានេះអមដោយនាវាពិឃាត USS Halsey និង USS Daniel Inouye។ នេះបើយោងតាមកងទ័ពជើងទឹកកូរ៉េខាងត្បូង។
 
នេះជាលើកដំបូងក្នុងពេល៧ខែដែលនាវាផ្ទុកយន្តហោះអាម៉េរិកចូលចត្តនៅកូរ៉េខាងត្បូងចាប់តាំងពីដំណើរទស្សនកិច្ចរបស់នាវាដឹកយន្តហោះ USS Carl Vinson ក្នុងខែវិច្ឆិកា។ 
 
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap នាវា USS Theodore Roosevelt ទើបបញ្ចប់សមយុទ្ធកងទ័ពជើងទឹកត្រីភាគីរវាងកូរ៉េខាងត្បូង អាម៉េរិក និងជប៉ុនកាលពីខែមេសាកន្លងទៅ។ ប្រទេសទាំង៣ នឹងធ្វើសមយុទ្ធពហុភាគីត្រីភាគីចម្រុះវិស័យជាលើកដំបូងនៅចុងខែនេះ ដែលនឹងរួមសមយុទ្ធផ្លូវអាកាស សមុទ្រ ក្រោមទឹក និងតាមប្រព័ន្ធអ៊ីនធឺណិត។
 
សម្ព័ន្ធមិត្តទាំង៣ ហាក់បារម្ភទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយសន្យាការពារគ្នាទៅវិញទៅមកនៅក្នុងសង្រ្គាម។
 
ជុំវិញវត្តមាននាវាដឹកយន្តហោះអាម៉េរិក កងទ័ពជើងទឹកកូរ៉េខាងត្បូងនិយាយថា ដំណើរទស្សនកិច្ចចុងក្រោយនេះ ជាការអនុវត្តការប្តេជ្ញាចិត្តរបស់អាម៉រិកចំពោះកូរ៉េខាងត្បូង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com