ជាតិ
វ័យ៦៩ឆ្នាំ លោកយាយ ម៉ៅ មឿត ចង់ឱ្យពលរដ្ឋខ្មែរបន្តជួយគាំទ្រកន្ទេលរំចេក ![](https://image.thmeythmey.com/pictures/2024/06/22/nnn.jpg)
×![]()
ដោយ៖ អោត រត់
សៀមរាប៖ ជាអ្នកភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក លោកយាយ ម៉ៅ មឿត វ័យ៦៩ឆ្នាំ បានយកកន្ទេលរំចេក ដែលលោកយាយត្បាញផ្ទាល់ដៃ មកដាក់បង្ហាញក្នុងវេទិកាផ្គូផ្គងផលិតផលក្នុងស្រុក ដែលរៀបចំនៅផ្សារម៉ាក្រូ ខេត្តសៀមរាប។
ស្រ្តីចំណាស់រូបនេះ បានប្រកបរបរត្បាញកន្ទេលនេះប្រមាណ២០ឆ្នាំមកហើយ គឺនៅពេលលោកយាយអាយុ៤៩ឆ្នាំ។ ដើម្បីបានកន្ទេល គេត្រូវចំណាយពេលពី៤ទៅ៥ថ្ងៃ រាប់ចាប់ពីរកវត្ថុធាតុដើម រហូតត្បាញរួច។ ចំពោះកន្ទេលមួយអាចលក់បានតម្លៃចាប់ពី
៣៥,០០០ ទៅ៤០,០០០រៀល។
![](https://image.thmeythmey.com/pictures/2024/06/22/nn1.jpeg)
បើតាមការរៀបរាប់របស់លោកយាយ ម៉ៅ មឿត ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ បច្ចុប្បន្ននេះនៅក្នុងភូមិមិនសូវសម្បូរដើមរំចេកទេ ហើយអ្នកភូមិផ្សេងទៀត ក៏មិនសូវប្រកបរបរនេះច្រើនដូចមុនៗដែរ។ ទោះបីបែបនេះក្ដី លោកយាយនៅតែលក់កន្ទេលតម្លៃដូចធម្មតា មិនឡើងថ្លៃឡើយ ដោយហេតុចង់ឱ្យពលរដ្ឋខ្មែរជួយគាំទ្រផលិតផលក្នុងស្រុក និងផលិតដោយស្នាដៃពលរដ្ឋខ្មែរទាំងអស់គ្នា។
![](https://image.thmeythmey.com/pictures/2024/06/22/nn2.jpeg)
សូមបញ្ជាក់ថា គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងទទួលបានទីផ្សារសម្រាប់អ្នកផលិត ក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅផ្សារម៉ាក្រូ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់២៣ មិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com