អន្តរជាតិ
វត្តមានលោក ពូទីន នៅហាណូយ៖ អាម៉េរិកថា វៀតណាមជាអ្នកសម្រេចចិត្តធ្វើអ្វីបានប្រយោជន៍
23, Jun 2024 , 11:04 am        
រូបភាព
ភ្លាមៗក្រោយទស្សនកិច្ចប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅវៀតណាម អ្នកការទូតជាន់ខ្ពស់អាម៉េរិកទទួលបន្ទុកអាស៊ីបូព៌ា ក៏ទៅដល់ហាណូយដែរ។ មន្រ្តីអាម៉េរិក នៅតែអះអាងពីទំនុកចិត្តខ្ពស់រវាងហាណូយ និងវ៉ាស៊ីនតោន។

 
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink ធ្វើទស្សនកិច្ចនៅហាណូយនៅថ្ងៃទី២១ និងទី២២ ខែមិថុនា មួយថ្ងៃក្រោយវត្តមានលោក វ្ល៉ាឌីមៀ ពូទីន ដែលធ្វើទស្សនកិច្ចផ្លូវរដ្ឋ។ លោក Kritenbrink អះអាងថា ដំណើររបស់លោកមិនពាក់ព័ន្ធទស្សនកិច្ចរបស់លោក ពូទីន ឡើយ។ 
 
លោក ពូទីន ជាមេដឹកនាំមហាអំណាចធំទី៣ ដែលទៅវៀតណាមបន្ទាប់ពីប្រធានាធិបតីចិន និងអាម៉េរិកក្នុងពេលមិនដល់មួយឆ្នាំផង។ វៀតណាម សុទ្ធតែមានទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយប្រទេសទាំង៣។ មុនវត្តមានលោក ពូទីន អាម៉េរិកក៏ចេញសារព្រមានមួយដែរចំពោះវៀតណាម ដែលស្វាគមន៍មេដឹកនាំរុស្ស៊ីនោះ។
 
ក្នុងសន្និសីទសារព័ត៌មានមួយ លោក Kritenbrink ក៏បង្ហាញកង្វល់លបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកនិយាយថា លោកបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់មន្ត្រីវៀតណាមថា ហេតុផលចម្បងសម្រាប់ទស្សនកិច្ចរបស់លោកពេលនេះគឺភាពជាដៃគូរវាងអាម៉េរិក និងវៀតណាម។ អំឡុងពេលស្នាក់នៅវៀតណាម លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son ផង។
 
«មានតែវៀតណាមទេដែលអាចសម្រេចចិត្តល្អបំផុតដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន និងជំរុញផលប្រយោជន៍របស់ខ្លួន។» លោក Kritenbrink បញ្ជាក់បែបនេះ ជាមួយការសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងអាម៉េរិកដែលទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំដល់ទៅ១១១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ បើធៀបពាណិជ្ជកម្មរុស្ស៊ី-វៀតណាមដែលមានត្រឹមតែ៣.៦ពាន់លានដុល្លារប៉ុណ្ណោះ។
 
ប៉ុន្តែរុស្ស៊ីនៅតែសំខាន់សម្រាប់វៀតណាម។ មិនត្រឹមតែជាសម្ព័ន្ធមិត្តចាស់ពីសម័យសង្គ្រាមត្រជាក់ប៉ុណ្ណោះទេ រុស្ស៊ីបន្តជាអ្នកផ្គត់ផ្គង់ការពារដ៏ធំបំផុតរបស់វៀតណាមថែមទៀត។
 
នៅវៀតណាម លោក Kritenbrink ក៏បាននិយាយដល់បញ្ហាសមុទ្រចិនខាងត្បូងដែរ។ លោកបញ្ជាក់ថា សកម្មភាពកាន់តែខ្លាំងឡើងរបស់ចិនលើការទាមទារស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូងជាបុព្វហេតុនៃការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់តំបន់ និងពិភពលោក។
 
ជម្លោះទឹកដីដែលមានចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ចំណុចរសើបសំខាន់មួយនៅអាស៊ី។ អាម៉េរិកដែលមិនពាក់ព័ន្ធ តែងចេញមុខការពារសេរីភាពនាវាចរណ៍ និងការទាមទាររបស់ភាគីផ្សេង ប្រឈមមុខការទាមទាររបស់ចិន៕
 

Tag:
 វៀតណាម
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com