អន្តរជាតិ
បើកូរ៉េខាងជើងបានអាវុធពីរុស្ស៊ី កូរ៉េខាងត្បូងផ្ដល់អាវុធឱ្យអ៊ុយក្រែនវិញ?
23, Jun 2024 , 2:59 pm        
រូបភាព
កូរ៉េខាងត្បូង ពិតជាមិនសប្បាយចិត្តឡើយនឹងទំនាក់ទំនងកាន់តែស្អិតល្មួតរវាងរុស្ស៊ី និងកូរ៉េខាងជើងដែលបង្ហាញតាមរយៈទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីនៅព្យុងយ៉ាងក្នុងសប្ដាហ៍នេះ។ កូរ៉េខាងត្បូងរឹតតែក្ដៅចិត្តចំពោះការចុះកិច្ចព្រមព្រៀងជួយគ្នាទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយោធាដែលអាចរួមបញ្ចូលការផ្ទេរបច្ចេកវិទ្យារុស្ស៊ីឱ្យកូរ៉េខាងជើង។ សេអ៊ូលក៏គំរាមវិញ ដោយពិចារណាផ្ដល់អាវុធឱ្យអ៊ុយក្រែនដែលកំពុងជាប់ដៃប្រយុទ្ធនឹងរុស្ស៊ី។

 
តើកូរ៉េខាងត្បូងពិតជាប្ដូរជំហររបស់ខ្លួន ងាកទៅផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែនដូចប្រទេសលោកខាងលិចជាច្រើនឬទេ? ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងលោក Chang Ho-jin បន្លុយពីបន្ទាត់ក្រហមដែលរុស្ស៊ីមិនត្រូវឆ្លងកាត់ បើមិនចង់ឱ្យរឿងនោះកើតឡើយ។
 
លោក Chang និយាយថា កូរ៉េខាងត្បូងមិនជាប់ចំណងអ្វីទាំងអស់ទាក់ទងនឹងជំនួយសម្រាប់អ៊ុយក្រែន ប្រសិនបើរុស្ស៊ីផ្តល់អាវុធដល់កូរ៉េខាងជើង។
 
ទីក្រុងសេអ៊ូល ប្រកាន់ជំហរមិនផ្ដល់អាវុធសម្រាប់ធ្វើសង្រ្គាមណាមួយសម្រាប់អ៊ុយក្រែនឡើយក្នុងសង្រ្គាម៣ឆ្នាំមកនេះ ដែលទំនងជាទុកមុខរាប់ជាមួយរុស្ស៊ី។ ប៉ុន្តែប្រទេសនេះ គំរាមផ្លាស់ប្ដូរជំហរ ក្រោយរុស្ស៊ី និងកូរ៉េខាងជើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្តមួយ ដែលកំណត់ពីការជួយគ្នាទៅវិញទៅមកក្នុងករណីឈ្លានពាន។ ប្រទេសទាំង២ ក៏ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយោធា ដែលសេអ៊ូលបារម្ភថា អាចឈានដល់ការផ្ទេរបច្ចេកវិទ្យាអាកាស និងអាវុធទំនើបនានា។
 
សម្រាប់ទីក្រុងសេអ៊ូល ផ្តល់អាវុធដល់អ៊ុយក្រែនឬអត់អាស្រ័យលើកិច្ចសហប្រតិបត្តិការយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង។
 
«ខ្ញុំចង់បញ្ជាក់ថា អ្វីទាំងអស់គឺអាស្រ័យលើអ្វីដែលរុស្ស៊ីនឹងធ្វើ។ តើ​នឹង​មាន​ខ្សែបន្ទាត់​ណា​មួយ​នៅ​សេសសល់​សម្រាប់​យើង​ប្រសិនបើ​រុស្ស៊ី​ផ្តល់​អាវុធ​ច្បាស់ឱ្យ​កូរ៉េខាងជើង?» លោក Chang បញ្ជាក់បែបនេះលើកញ្ចក់ទូរទស្សន៍ KBS ដែលទំនងមានន័យថា កូរ៉េខាងត្បូងនឹងផ្ដល់អាវុធឱ្យអ៊ុយក្រែន បើរុស្ស៊ីឆ្លងបន្ទាត់ក្រហម។
 
តាមពិតទៅ លោក ពូទីន ក៏ព្រមានកូរ៉េខាងត្បូងរួចហើយដែរលើរឿងនេះ ដោយលោកចាត់ទុកជាកំហុសដ៏ធ្ងន់ធ្ងរ បើកូរ៉េខាងត្បូងដឹកអាវុធឱ្យអ៊ុយក្រែននោះ។
 
យ៉ាងណាក្ដី លោក Chang និយាយថា ការពង្រឹងទំនាក់ទំនងទ្វេភាគីនេះ មិនត្រឹមធ្វើដោយកូរ៉េខាងត្បូងប៉ុណ្ណោះទេ រុស្ស៊ីក៏គួរតែខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីផងដែរ។
 
«ប្រសិនបើពួកគេចង់ស្តារ និងជំរុញទំនាក់ទំនងកូរ៉េ-រុស្ស៊ី ទៅមុខ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ភាគីរុស្ស៊ីគួរតែគិតឱ្យបានហ្មត់ចត់។» ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបញ្ជាក់បែបនេះ៕
 

Tag:
 កូរ៉េខាងត្បូង
  រុស្ស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com