ជាតិ
វីដេអូ
ភាពយន្តឯកសារពីអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នឹងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
23, Jun 2024 , 9:29 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា និងប៉ូ សាគុន
ភ្នំពេញ៖ ELVIS OF CAMBODIA ជាខ្សែភាពយន្តឯកសារដំបូង ស្ដីពីកំពូលតារាចម្រៀងកម្ពុជា លោក ស៊ីន ស៊ីសាមុត នឹងចាក់បញ្ចាំង  ក្នុងកម្មវិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៣ នាថ្ងៃទី ២៥ មិថុនា នៅសាលមហោស្រពចតុមុខ។

ELVIS OF CAMBODIA គឺជាភាពយន្តឯកសារផលិតឡើងដោយ ផលិតករបរទេសមួយរូប ដែលចំណាយពេលស្រាវជ្រាវជាង១០ឆ្នាំ។ ភាពយន្តឯកសារ ELVIS OF Cambodiaនេះ ផលិតករ ចង់ប្រៀបធៀបភាពល្បាញល្បីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទៅនឹងថាតារាចម្រៀងដ៏ល្បីល្បាញរបស់អាមេរិក គឺលោក Elvis Presley។ តារាចម្រៀងទាំងពីររូបនេះ ទទួលបានភាពល្បាញល្បី លើវិថីរបស់ខ្លួន ក្នុងអំឡុងឆ្នាំប្រហែលគ្នា ហើយក៏ទទួលមរណភាព ក្នុងអំឡុងឆ្នាំក្បែរគ្នាដែរ។
 
សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​រវាង​លោក តុប វណ្ណារ៉ា អ្នកសារព័ត៌មាន Thmey Thmey25 ជាមួយ​កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ចៅ​ស្រី​របស់​លោក​ ស៊ីន ស៊ីសាមុត ដូចតទៅ៖ 

 

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey25 កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលត្រូវជាចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានលើកឡើងថា ភាពយន្តនេះ គឺជាការចងចាំ និងកិត្តិយសយ៉ាងធំ សម្រាប់គ្រួសារកញ្ញា។ តារាចម្រៀងរូបនេះ រៀបរាប់ដូច្នេះ៖ «ពេលដែលខ្ញុំបានមើលរឿងនេះ អ្វីដែលខ្ញុំចងចាំបំផុតគឺ ទំនាក់ទំនងរវាងក្រុមការងារផលិត និងគ្រួសាររបស់នាងខ្ញុំ អ្វីដែលពិសេសទៅទៀតនោះ យើងបានត្រឡប់ទៅមើលវីដេអូ ក៏ដូចជារូបភាពរបស់ លោកឪពុក និងបងប្រុសរបស់ខ្ញុំឡើងវិញ»។
 
កញ្ញា សេដ្ឋសុជ្ឈតា ក៏ជាតួអង្គមួយរូបនៅក្នុងខ្សែភាពយន្តឯកសារមួយនេះ ក្រៅពី​ឪពុក និងបងប្រុស។ កញ្ញា សេដ្ឋសុជ្ឈតា បានបញ្ជាក់ថា ភាពយន្តនេះមិនមែននិយាយអំពីប្រវត្តិរបស់ លោក ស៊ីន ស៊ីសាមុត ទាំងស្រុងនោះទេ។ ក្នុងភាពយន្តនេះ លោក ស៊ីន ស៊ីសាមុត គ្រាន់តែជាតួអង្គកណ្តាល ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពសង្គមកម្ពុជា តាមរយៈខ្លឹមសារបទចម្រៀង និងទឹកដមសំឡេង ដែលល្បីសុះដល់ទស្សនិកជនក្នុង និងក្រៅប្រទេស។ 
 
«មែនទែនទៅនៅក្នុងភាពយន្តឯកសារមួយនេះ បើយើងនិយាយ ឱ្យចំទៅមិនមែនជាប្រវត្តិលោកតាទាំងស្រុងទេ។ យើងសម្ភាសជាមួយនឹង ខ្មែរអនិកជននៅអាមេរិក ដែលគាត់រស់ភៀសខ្លួនទៅបរទេសតាំងពីជំនាន់សង្រ្គាម គាត់ពុំបានផ្សារភ្ជាប់ខ្លួនឯងជាមួយប្រទេសជាតិខ្លួនឯងទេ។ ប៉ុន្តែដោយសារតែចម្រៀង និងសិល្បៈទាំងអស់ហ្នឹង ដែលធ្វើឱ្យគាត់នឹករលឹកដល់ប្រទេសជាតិខ្លួន ចងចាំ និងស្គាល់ពីឫសគល់សាវតាររបស់ខ្លួនឯង»។ នេះការលើកឡើងរបស់កញ្ញា ស៊ីន សេដ្ឋសុជ្ឍតា។
 
កញ្ញា ស៊ីន សេដ្ឋសុជ្ឍតា ចៅស្រីអធិរាជសម្លេងមាស ស៊ីន សាមុត

សូមបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦-៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយនឹងចាក់បញ្ចាំងខ្សែភាពយន្តចំនួន ១៥៣រឿង ក្នុងនោះមានភាពយន្តខ្មែរ ៤៨រឿង។ មហោស្រពនេះ បើកឱ្យសាធារណជន ចូលរួមដោយឥតគិតថ្លៃ នៅគ្រប់រោងភាពយន្ត៕
 
 
 

Tag:
 ខ្សែភាពយន្ត
 សន្និសីទកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com