អន្តរជាតិ
ចំពេលតានតឹងជាមួយចិន លោក Marcos Jr. ថាហ្វីលីពីនប្រកាន់ជំហរសន្តិវិធី
23, Jun 2024 , 8:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr អះអាងថា ប្រទេសរបស់លោកគ្មានការអ្វីទៅបង្កសង្គ្រាមទេ ហើយប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី ស្របគ្នានឹងការប្រឈមមុខគ្នាកាន់តែខ្លាំងជាមួយចិននៅសមុទ្រចិនខាងត្បូង។

«ក្នុងការការពារជាតិ យើងរក្សាភាពស្មោះត្រង់ចំពោះធម្មជាតិហ្វីលីពីនថា យើងចង់ដោះស្រាយបញ្ហាទាំងអស់នេះដោយសន្តិវិធី។» លោក Ferdinand Marcos Jr. និយាយបែបនេះនៅក្នុងសុន្ទរកថាទៅកាន់កងទ័ពនៃទីបញ្ជាការភូមិភាគខាងលិចដែលទទួលបន្ទុកសមុទ្រចិនខាងត្បូង ទីដែលយោធាហ្វីលីពីន ទើបប៉ះទង្គិចជាមួយកងឆ្មាំសមុទ្រចិន។ 
 
លោក Marcos Jr. មិននិយាយចំឈ្មោះចិននៅក្នុងសុន្ទរកថាឡើយ តែបានសរសើរកងទ័ពដែលអត់ធ្មត់ចំពោះមុខការបង្កហេតុដ៏ខ្លាំងក្លា។ បើតាមប្រធានាធិបតីរូបនេះ ហ្វីលីពីននឹងតែងតែអនុវត្តសេរីភាពនិងសិទ្ធិរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
 
«នៅក្នុងការអនុវត្តភារកិច្ចរបស់យើង យើងនឹងមិនងាកទៅរកការប្រើប្រាស់កម្លាំង ឬការគំរាមកំហែង ឬបង្ករបួសស្នាមដោយចេតនាដល់នរណាម្នាក់ឡើយ។ យើង​ប្រកាន់​ជំហរ​មុតមាំ។​» លោក Marcos Jr. បញ្ជាក់បែបនេះ។
 
ជម្លោះដែនសមុទ្រនាពេលថ្មីៗនេះរវាងចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាម៉េរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាចំណុចប្រទាក់ក្រឡាដែលអាចបង្កបញ្ហារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ លើបញ្ហាចុងក្រោយនេះ អាម៉េរិកក៏អះអាងជាថ្មីការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយហ្វីលីពីន។
 
ប៉ុន្តែហ្វីលីពីនបញ្ជាក់ថា មិនមានហេតុផលដើម្បីអនុវត្តសន្ធិសញ្ញានោះទេ ដោយសារតែសកម្មភាពរបស់ចិនមិនទាន់ជាការវាយប្រហារដោយអាវុធ៕
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com