ជាតិ
អ្នកស្រី យ៉ុង ស្រីមុំ ចង់ឃើញអ្នកធ្វើការតាមផ្ទះដទៃទៀត ទទួលបាន ប័ណ្ណ ប.ស.ស
23, Jun 2024 , 9:59 pm        
រូបភាព
អ្នកស្រី យ៉ុង ស្រីមុំ ជាអ្នកធ្វើការតាមផ្ទះអស់រយៈពេលជាង៥ឆ្នាំហើយ។ រូបផ្ដល់ឱ្
អ្នកស្រី យ៉ុង ស្រីមុំ ជាអ្នកធ្វើការតាមផ្ទះអស់រយៈពេលជាង៥ឆ្នាំហើយ។ រូបផ្ដល់ឱ្
ភ្នំពេញ៖ អ្នកស្រី យ៉ុង ស្រីមុំ ជាចុងភៅ ក្នុងគ្រួសារឯកជនមួយនៅភ្នំពេញ ហើយក៏ទើបតែទទួលបានប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) កាលពីឆ្នាំ២០២៣។ គោលបំណងអ្នកស្រី គឺចង់ឃើញអ្នកបម្រើការងារតាមផ្ទះផ្សេងទៀត ទទួលបានការគាំពារដូចអ្នកស្រីដែរ។

អ្នកស្រី ស្រីមុំ ជាអ្នកធ្វើការតាមផ្ទះ ជាង៥ឆ្នាំហើយ ដោយបានចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិ ដើម្បីឱ្យមានលក្ខខណ្ឌការងារល្អប្រសើរ។ ជាក់ស្ដែង ស្រ្តីរូបនេះ បានចរចាជាមួយថៅកែឱ្យចុះបញ្ជីកម្មករក្នុង ​ប.ស.ស ខណៈពេលដែលថៅកែចង់ទិញកញ្ចប់ធានារ៉ាប់រងដល់កម្មករ។ ការទាមទារបែបនេះ ក៏ព្រោះអ្នកស្រី យ៉ុង ស្រីមុំ យល់ថា មានប័ណ្ណ ប.ស.ស ទទួលបានអត្ថប្រយោជន៍ច្រើនជាង ការទិញធានារ៉ាប់រង។ 
 
«ខ្ញុំអាចទទួលអត្ថប្រយោជន៍ថែទាំសុខភាព ការពារពេលមានគ្រោះថ្នាក់ការងារ និង​សោធននិវត្តន៍។ ថៅកែត្រូវបង់ប្រាក់ភាគទាន ១ឆ្នាំម្ដង ឬ ១ខែម្ដងក៏បាន ហើយខ្ញុំក៏បានជូនថៅកែទៅជួបភ្នាក់ងារ ប.ស.ស.ដើម្បីធ្វើការចុះបញ្ជី និងបង់ភាគទាន។ ហើយខ្ញុំចង់ឃើញអ្នកធ្វើការតាមផ្ទះទាំងអស់ ទទួលបានការគាំពារដូចខ្ញុំដែរ»។ នេះជាការលើកឡើង របស់អ្នកស្រី យ៉ុង ស្រីមុំ ។
ស្ត្រីបម្រើការងារតាមផ្ទះរូបនេះ បានអះអាងថា ក្រោយពេលបានចូលរួមជាសមាជិក ក្នុងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) អ្នកស្រីកត់សម្គាល់ឃើញខ្លួនឯង ផ្លាស់ប្ដូរច្រើន គឺមានទំនាក់ទំនងខាងក្រៅច្រើន ហ៊ាននិយាយ អាចចងក្រងក្រុមជាដើម។ 
 

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ នៅក្រសួងការងារ។ រូបថត៖ ពី លោក DINA

គិតត្រឹមថ្ងៃ១៧មិថុនានេះ អ្នកបម្រើតាមផ្ទះ ដែលមានប័ណ្ណ ប.ស.ស មាន៥១៧នាក់ ក្នុងនោះមានស្ត្រី៣៨៩នាក់។ នេះបើលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយបានបន្ថែមថា ក្រសួង ពិសេសខាង មន្ត្រី ប.ស.ស នៅតែបន្តផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស និងកៀរគរអ្នកបម្រើតាមផ្ទះ ឱ្យចុះឈ្មោះជាសមាជិក ឱ្យបានច្រើនបន្ថែមទៀត។ លោកសង្កត់ធ្ងន់ថា៖ «ម្ចាស់ផ្ទះត្រូវគោរពសិទ្ធិអ្នកបម្រើតាមផ្ទះ និងគោរពច្បាប់ពាក់ព័ន្ធ។ អំពើហិង្សា ការប្រមាទមើលងាយ និងការបំពាបំពានផ្សេងៗ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។ 
 
ស្ថានភាពកម្មករដែលធ្វើការតាមផ្ទះសព្វថ្ងៃ គឺងាយទទួលរងគ្រោះបំផុត ពិសេសអ្នកធ្វើការតាមផ្ទះ ហើយស្នាក់នៅជាមួយនិយោជក។ ពួកគេ អាចប្រឈមនឹងការរំលោភបំពាន គ្មានពេលសម្រាក គ្មានការហូបចុកត្រឹមត្រូវ និងមានបញ្ហាសុខភាព។ នេះជាការអះអាងរបស់ IDEA និង អង្គការអុកស្វាម ដែលតែងតែធ្វើការងារជាមួយក្រុមអ្នកធ្វើការតាមផ្ទះ ។
នៅឆ្នាំនេះ IDEA និង អង្គការអុកស្វាម ក៏បានរៀបចំ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ។ ពួកគេរៀបចំឡើង ក្នុងគោលបំណងរំលឹកសិទិ្ធរបស់កម្មករការងារតាមផ្ទះ ពិភាក្សាអំពីស្ថានភាព ពិនិត្យពីបញ្ហាប្រឈមរបស់ពួកគេ ចែករំលែកនូវព័ត៌មានបទពិសោធន៍នានា ទាក់ទិននឹងគោលនយោបាយ និងលើកជាសំណើរដាក់ជូនភាគីពាក់ព័ន្ធ។
 
តាមរយៈកម្មវិធីនេះ ពួកគេបានស្នើសុំរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ដល់ក្រុមការងារតាមផ្ទះបែបនេះ៖ «សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមពិនិត្យលទ្ធភាព និងផ្តល់សច្ចា ប័នលើអនុសញ្ញាលេខ១៨៩ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីសិទ្ធិកម្មករការងារផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានាដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីឈានទៅដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាព...»។ 
សូមជម្រាបថា អនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ បានទទួលស្គាល់ថា កម្មករធ្វើការតាមផ្ទះ ក៏មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យ ដូចជាកម្មករដ៏ទៃទៀតដែរ។
 

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាម ប្រចាំកម្ពុជា។ រូបពី អុកស្វាម

ជុំវិញការងារតាមផ្ទះនេះ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមប្រចាំកម្ពុជា លើកឡើងថា អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយយុត្តិធម៌ និងគ្មានភាពក្រីក្រ។ លោកស្រី បានចាត់ទុកកម្មករការងារតាមផ្ទះជាផ្នែកមួយដ៏​សំខាន់នៃកម្លាំងពលកម្ម ក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខមាលភាពសង្គម​ ធ្វើឱ្យមានចរន្តការងារគ្រប់​វិស័យ និងរួមចំណែកទៅក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ​​។ 
 
ក្នុងថ្ងៃរៀបចំ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ នាយិកានៃអង្គការអង្គការអុកស្វាម លើកឡើងបែបនេះ៖ «ប្រាក់ចំណូលរបស់កម្មករការងារផ្ទះ អាចជួយទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង និងត្រៀមបម្រុងសម្រាប់សមាជិកគ្រួសារក្នុងការប្រឈម នឹងហានិភ័យឬវិបត្តិសេដ្ឋកិច្ចជាយថាហេតុ និងព្រមទាំងជួយពួកគេឱ្យចាកចេញ​ ពីភាពក្រីក្រ  ហើយពួកគាត់ក៏ត្រូវទទួលបានលក្ខខណ្ឌការងារសមស្រប និងការគាំពារពេញលេញដែរ»។ 
 

លោក  វន់ ពៅ ប្រធានសមាគម IDEA។ រូបពី អុកស្វាម

ចាប់តាំងពីឆ្នាំ២០០៥មក សមាគម IDEA បានលើកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងលក្ខខណ្ឌការងាររបស់កម្មករការងារតាមផ្ទះ ក៏ដូចជាបានជំរុញការដាក់បញ្ចូលពួកគេនៅក្រោមច្បាប់សហជីពយ៉ាងសកម្ម។ លោក  វន់ ពៅ ប្រធានសមាគម IDEA ថ្លែងនៅក្នុងកម្មវិធី ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ដូច្នេះថា បច្ចុប្បន្ន IDEA កំពុងសម្របសម្រួលបណ្តាញកម្មករការងារតាមផ្ទះ ចំនួន២០ក្រុម ឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងនិយោជក ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ។ លើសពីនេះ គឺដើម្បីផ្តល់លទ្ធភាពដល់ពួកគេ អាចទទួលបាននូវកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ៕ 
 
 
 

Tag:
 ការងារតាមផ្ទះ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com