ជាតិ
អ្នកស្រី ហួន ស្រីមៀវ កែច្នៃល្ម៉ើ ទៅជាស្រា និងភេសជ្ជៈច្រើនមុខចែកចាយលើទីផ្សារ
24, Jun 2024 , 9:29 am        
រូបភាព
ការតាំងបង្ហាញ និងលក់ផលិតផលផ្លែល្ម៉ើរបស់អ្នកស្រី ហួន ស្រីមៀវ។
ការតាំងបង្ហាញ និងលក់ផលិតផលផ្លែល្ម៉ើរបស់អ្នកស្រី ហួន ស្រីមៀវ។
សៀមរាប៖ នេះជាឆ្នាំទី២ហើយ ដែលចម្ការល្ម៉ើឈីវកេត របស់កសិករនៅខេត្តបន្ទាយមានជ័យ បានផល និងកំពុងចែកចាយលក់នៅលើទៅផ្សារ។ ប្រើពេលត្រឹម២ឆ្នាំប៉ុណ្ណោះ ចម្ការល្ម៉ើទំហំជាង៥ហិកតា ហុចផល គួរជាទីមោទក។

 
អ្នកស្រី ហួន ស្រីមៀវ បាននាំយកផលិតផល និងផ្លែល្ម៉ើស្រស់ៗពីចម្ការ មកដាក់បង្ហាញនៅក្នុងវេទិកា​ផ្គូផ្គង​ផលិតផលក្នុងស្រុក នៅខេត្តសៀមរាប។ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី ហួន ស្រីមៀវ បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗថា ដើមឡើយគ្រួសារអ្នកស្រី ជាអ្នកធ្វើស្រែចម្កាទេ ប៉ុន្តែដោយសារធ្វើស្រែមិនសូវកើតផល ទើបឪពុកម្តាយអ្នកស្រី បានសាកល្បងដាំដើមល្ម៉ើ ដោយទិញដើមធំមកដាំ ហើយចេញផ្លែបានល្អ។ ក្រោយឃើញចេញផ្លែបានល្អបែបនេះ ឪពុកម្ដាយអ្នកស្រី មៀវ ក៏សម្រេចទិញពូជកូនល្ម៉ើមកដាំចំនួន៧០០ដើម លើផ្ទៃដីសរុប៥ហិកតាកន្លះ។ 
 



កសិករ ហួន ស្រីមៀវ បានប្រាប់ថា កត្តាចម្បងៗខ្លះដែលធ្វើឱ្យចម្ការល្ម៉ើ​ឆាប់ចេញផ្លែត្រឹមពេល២ឆ្នាំនេះ គឺការជ្រើសរើសពូជ និងការថែទាំ ប្រើប្រាស់ជីកំប៉ុសផលិតខ្លួនឯង។ ជាងនេះទៅទៀតនោះ ដើមល្ម៉ើត្រូវការទឹកច្រើន ប្រសិនពុំមានទឹកគ្រប់គ្រាន់ទេ ធ្វើឱ្យដើម និងផ្លែវាឆាប់ស្វិត។ ចំពោះពូជវិញ កសិកររូបនេះបញ្ជាក់ថា បានទិញដើមល្ម៉ើពីប្រទេសក្រៅ ក្នុងមួយដើមតម្លៃ២ដុល្លារ ។ ចំពោះការបណ្ដុះគ្រាប់ខ្លួនឯង ដោយមិនមានស្ដង់ដាវិញ វានឹងប្រឈមការខាតបង់ និងចំណាយពេលឥតប្រយោជន៍។ 
 

ចម្ការល្ម៉ើឈីវកេត។ រូបភាពពីអ្នកស្រី ហួន ស្រីមៀវ

បច្ចុប្បន្ន ក្រៅពីលក់ផ្លែស្រស់ ចម្ការល្ម៉ើឈីវកេត ក៏បានកែច្នៃផ្លែល្ម៉ើទៅជាផលិតផលជាស្រា ភេសជ្ជៈ ស្ករ សាកេ ដំណាប់ និងទឹកជ្រលក់ផងដែរ។ ពលរដ្ឋខ្មែរចាប់ផ្តើមស្គាល់ផលិតខាងលើបានចំនួនគួរសម ខណៈអ្នកស្រី មៀវ បន្តផ្សព្វផ្សាយតាមរយៈការចូលរួមក្នុងពិព័រណ៍ជាច្រើន ដើម្បីឱ្យផលិតផលខ្លួន ត្រូវបានគេស្គាល់កាន់តែទូលំទូលាយ។ កសិករដដែលបន្ថែមថា៖« ដោយសារយើងដាំច្រើនដែរ ដូច្នេះយើងខ្លាចការលក់ស្រស់មិនសូវបានច្រើន យើងក៏គិតគូរពីការកែច្នៃនេះឡើង….ចំពោះស្រា និងភេសជ្ជៈ ជួយឱ្យគេងលក់ស្រួល មិនធ្វើទុក្ខខ្លួនទេ»។
 


ចម្ការល្ម៉ើឈីវកេត។ រូបភាពពីអ្នកស្រី ហួន ស្រីមៀវ

តាមការបញ្ជាក់ពីកសិករ ហួន ស្រីមៀវ ផ្លែល្ម៉ើស្រស់បច្ចុប្បន្នលក់បានក្នុងមួយគីឡូតម្លៃ៤ម៉ឺនរៀល រីឯស្រាតម្លៃចាប់ពី ៣ទៅ៦ម៉ឺនរៀល។ ឆ្នាំនេះ ចម្លារល្ម៉ើឈីវកេតអាចបានផលខ្ទង់២០តោន ហើយបរិមាណនេះអាចកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅពេលដើមល្ម៉ើកាន់តែធំ៕
 
 
 
 
 
 
 
 
 
 
 

Tag:
 ល្ម៉ើ
  ផលិតផលក្នុងស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com