ជាតិ
បទសម្ភាសន៍
វីដេអូ
រំឭកអនុស្សាវរីយ៍ពីកុមារ លោក យឺន យក«រទេះគោ»ដាក់ជាឈ្មោះហាងកាហ្វេ និងតាំងលម្អ ![](https://image.thmeythmey.com/pictures/2024/06/23/photo_2024-06-23_23-57-22.jpg)
×![]()
ភ្នំពេញ៖ កាហ្វេរទេះគោ គឺជាហាងកាហ្វេតុបតែងដោយមានរទេះគោ ដាក់តាំងចំនៅកណ្ដាល។ រទេះនេះគ្មានគោអូសទេ។ វាទុកចត ដើម្បីតាងលម្អផង និងដើម្បីប្រើប្រាស់ផង ពីព្រោះត្រូវបានកែច្នៃវាបន្តិច។ ក៏ប៉ុន្តែមិនមែនប្រើដើម្បីដឹកកាហ្វេ ទៅដល់គេហដ្ឋានអតិថិជនទេ! ខាងចំហៀងមានធ្នើរ ដើម្បីដាក់កែវ ហើយខាងក្នុងត្រូវដាក់ថ្មម៉ាប ដើម្បីប្រើជាតុ។ លោក ពត យឺន ជាឪពុកម្ចាស់ហាងកាហ្វេនេះ។ គាត់ពន្យល់ប្រាប់ថា កាលពីកុមារភាព គាត់ធ្លាប់ឃើញ និងប្រើប្រាស់រទេះគោ។ បច្ចុប្បន្ននេះ គាត់រស់នៅក្នុងបុរីមួយ នៅជាយក្រុងភ្នំពេញ។ ឆ្នាំ២០១៧ លោក យឺន បានទៅខេត្តកំពង់ស្ពឺ ទិញរទេះគោនោះ ៨០០ដុល្លារអាម៉េរិក ដាក់លើឡាន ដឹកទៅដល់រាជធានី។ «យើងអត់មានគោទេ តែទឹកដោះគោមាន : ទឹកដោះគោក្រុមហ៊ុន ណា! » រទេះនេះ មានអាយុកាលប្រហែល ៤០ឆ្នាំ។ វាធ្វើអំពីឈើ និងអាលុយមីញ៉ូម ឆ្លាក់ទាំងពីរ។ អ៊ីចឹងវាស្អាត ក៏ប៉ុន្តែពីដើមគេមិនបានធ្វើរទេះនេះ ដើម្បីតុបតែងទេ គឺគេធ្វើដើម្បីប្រើ។ តាំងពីហាងកាហ្វេរទេះគោទុកវាតាំង ត្រូវបានលាបថ្នាំពណ៌ខ្មៅឡើងវិញ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន និងលោក ពត យឺន ដែលជាឪពុកម្ចាស់ហាងកាហ្វេរទេះគោដូចតទៅ៖
តាំងពីពេលមនុស្សជាតិចេះចិញ្ចឹមសត្វ និងចេះបង្វិលកង់ ត្រូវបានបង្កើតរទេះអូសដោយសត្វពាហនៈ។ បុព្វបុរសខ្មែរ បានបង្កើតរទេះគោក្របីមួយប្រភេទ ដែលនៅបន្តធ្វើរហូតដល់ពេលបច្ចុប្បន្ន ទោះបីជាមិនសូវត្រូវការប៉ុន្មានទេ។ មានរូបចម្លាក់រទេះគោ លើជញ្ជាំងប្រាសាទអង្គរ។ រយៈពេលច្រើនសតវត្ស ត្រូវបានអភិវឌ្ឍឱ្យបានល្អទៅៗ។ ហើយតាំងពីប៉ុន្មានសតវត្ស មិនត្រូវបានកែលម្អទេ ពីព្រោះវាល្អគ្រប់យ៉ាងហើយ។ រទេះឈើបែបនេះរឹងមាំល្មម តែមិនធ្ងន់ពេកទេ។ វាខ្ពស់ល្មម ដើម្បីជិះក្នុងភក់ តែមិនមែនខ្ពស់ពេកគ្មានលំនឹងទេ។ វាមិនសូវទូលាយប៉ុន្មានទេ តែទូលាយល្មមប៉ុនគោទទឹមគ្នាមួយគូ ដើម្បីកង់ទាំង២ជិះត្រឹមកន្លែងដែលសត្វពាហនៈបានជាន់ មិនជាប់ភក់ទេ។
ទោះបីជាសម័យឥឡូវនេះ គេមិនសូវជិះរទេះគោ នៅតែមានការផលិតរទេះ ដូចពីបុរាណ។ គឺជារទេះធ្វើអំពីឈើ និងដែកខ្លះៗ ដែលមានក្បាច់តាមរចនាបថខ្មែរ។ តាមពិតសម័យឥឡូវនេះ ស្ទើរតែគ្មាននរណាទិញរទេះ ដើម្បីប្រើទេ! គឺគេយកទៅតាំងវិញ។ ជាការពិតមែនរទេះនោះស្អាតខ្លាំងណាស់។ ខ្លះធ្វើពីឈើធ្នង់។ ធ្នង់ជាឈើពួកគ្រញូង មានខ្លឹមក្រហម និងមានក្លិនប្រហើរ។ សាច់វាជាប់ស្វិតជាងគ្រញូង ដែលធ្វើឱ្យស្រួលឆ្លាក់។ រទេះថ្មីមួយគ្រឿងមានតម្លៃចាប់ពី ១ ៤០០ ០០០ រៀលឡើងទៅ។
ហាងកាហ្វេរទេះគោស្ថិតនៅ ផ្ទះលេខ៥៥៥៣ ផ្លូវបេតុង បុរីពិភពថ្មីចម្ការដូងIII សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
Tag:
រទេះគោ
វត្ថុប្រើប្រាស់
វត្ថុបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com