ជាតិ
រដ្ឋមន្ត្រីការបរទេសថៃ នឹងមកកម្ពុជា ដើម្បីផ្លាស់ប្ដូរទស្សនៈ និងពង្រីកទំនាក់ទំនងទ្វេភាគី
24, Jun 2024 , 10:47 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa។ រូបពីវេបសាយ kpl gov។
រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa។ រូបពីវេបសាយ kpl gov។
លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ នៅថ្ងៃទី២៤ មិថុនា។


ក្នុងដំណើរទស្សនកិច្ចនេះ លោក Maris Sangiampongsa នឹងជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដើម្បីផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ឈានទៅពង្រឹងទំនាក់ទំនង ព្រមទាំងរិះរកវិធីសាស្ត្រពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏រំពឹងនឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងក្តីកង្វល់រួម។
 
ជាមួយគ្នានេះ លោក ម៉ារីត សាងៀមផុង្ស នឹងមានជំនួបដាច់ដោយឡែកជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
 
លោក Maris Sangiampongsa ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសថៃ នៅចុងខែមេសា ។ រដ្ឋមន្រ្តីថ្មីរូបនេះ បានបង្ហាញទស្សនៈ កាលពីថ្ងៃទី១៥ មិថុនា ដោយយល់ឃើញពីសារៈសំខាន់ក្នុងការថែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីពង្រឹងស្ថិរភាពព្រំដែនរបស់ខ្លួន។ ប្រមុខការទូតរូបនេះ បានប្តេជ្ញាផ្តោតលើគំនិតផ្តួចផ្តើម «ប្រទេស៦ គោលដៅមួយ» ដែលរួមមានកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។

© រក្សាសិទ្ធិដោយ thmeythmey.com